website_news:2016260704

លិចនាវាពួកអន្តោប្រវេសន៍មួយនៅម៉ាឡេស៊ីស្លាប់8នាក់ បាត់ខ្លួន20នាក់

(https://kohsantepheapdaily.com.kh) ខាន់ សុខឃន ថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង ១៤:៤៥

កងឆ្មាំឆ្នេរសមុទ្រម៉ាឡេស៊ីគូសបញ្ជាក់នាថ្ងៃទី២៥ កក្កដា ថា សាកសពមនុស្ស៨នាក់ត្រូវបានស្រង់ចេញពីដែនទឹកនៃឆ្នេរសមុទ្រម៉ាឡេស៊ីក្រោយការលិចនាវាមួយគ្រឿងកាលពីចុងសប្តាហ៍កន្លងមកនេះ នៅរដ្ឋ JOHOR ភាគខាងត្បូងប្រទេស ហើយមនុស្ស២០នាក់បាត់ខ្លួន ។

ឆ្មាំឆ្នេរសមុទ្រម៉ាឡេស៊ីម្នាក់និយាយថា នាវាលិចនេះដឹកមនុស្ស៦២នាក់ ជាជនជាតិឥណ្ឌូណេស៊ីដែលប្រហែលសុទ្ធតែជាពួកអន្តោប្រវេសន៍លួចលាក់ ។ នាវាបានលិចកាលពីយប់ថ្ងៃទី២៣ កក្កដា មកពីរលកធំៗនៅច្រកសមុទ្រម៉ាឡាកា ។ អ្នកដំណើរ៣៤នាក់បានត្រូវជួយសង្គ្រោះ ហើយគេកំពុងតាមរុករកពួកអ្នកបាត់ខ្លួន ។

ប្រទេសម៉ាឡេស៊ីជាប្រទេសមានសេដ្ឋកិច្ចលូតលាស់ទី៣ នៅអាស៊ីអាគ្នេយ៍ទាក់ទាញពួកពលករអន្តោប្រវេសន៍មកពីបណ្តាប្រទេសជិតខាង ដែលក្រីក្រជាងដូចជាឥណ្ឌូណេស៊ី បង់ក្លាដែស និងភូមាជាដើម ។ ជនអន្តោប្រវេសន៍លួចលាក់យ៉ាងតិច២លាននាក់ ភាគច្រើនជាជនជាតិឥណ្ឌូណេស៊ីធ្វើការនៅម៉ាឡេស៊ី ។ គ្រោះថ្នាក់បែបនេះតែងកើតមានជារឿយៗ ។ ជនអន្តោប្រវេសន៍ច្រើនពាន់នាក់ប៉ុនប៉ងទៅកាន់ម៉ាឡេស៊ីតាមនាវាមិនសូវមាំនានាក្នុងក្តីសង្ឃឹមរកការងារធ្វើក្នុងផ្នែកសំណង់ រោងចក្រ ឬក្នុងចម្ការនានា ៕

website_news/2016260704.txt · Last modified: 2017/03/10 12:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki