website_news:2016260901

ស្ថានទូតកម្ពុជា ដោះស្រាយករណីពលករខ្មែរ ១៩ នាក់ ត្រូវចាប់ឃុំខ្លួន នៅខេត្ត ណារ៉ាធីវ៉ាត់

http://www.cen.com.kh ដោយ : មុនីរាជ (ថ្ងៃទី 24 កញ្ញា 2016 10:04:AM)

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានរាយការណ៍ជូន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពីការដោះស្រាយបញ្ហា ពាក់ព័ន្ធនឹងករណីពលករខ្មែរ ១៩ នាក់ ត្រូវចាប់ឃុំខ្លួន នៅខេត្តណារ៉ាធីវ៉ាត់ (Narathiwat) កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ពីបទចូលប្រទេសថៃ និងធ្វើការខុសច្បាប់ ។

ក្រោយពីមានអន្តរាគមន៍ ពីស្ថានទូត ឲ្យដោះលែងពលករទាំងនេះ ដោយសារពួកគាត់ ជាជនរងគ្រោះ ចាញ់បោកមេខ្យល់ ពលករ ១៨ នាក់ ក្នុងចំណោមពលករ ខាងលើ ត្រូវបានផ្ទេរទៅ មន្ទីរថែរក្សាជនរងគ្រោះ ពីការជួញដូរមនុស្ស ខេត្តណារ៉ាធីវ៉ាត់ ។

ករណីពលករ ឈ្មោះ ប៊ុន ឡា ត្រូវជាប់ចោទ បទល្មើសបន្ថែមទៀត ដោយមានថ្នាំញៀន អំហ្វេតាមីនចំនួន ៣០០ គ្រាប់ ត្រូវនៅបន្តជាប់ឃុំ ក្នុងពន្ធនាគារ ខេត្តដដែល។ សមត្ថកិច្ចថៃ ក៏បានចាប់ខ្លួនជនសង្ស័យ ជាមេខ្យល់ផងដែរ។ នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ លោក ជៀម ឡាម៉ាទីន ទីប្រឹក្សាទទួលបន្ទុក កិច្ចការពលករ របស់ស្ថានទូតកម្ពុជា រួមដំណើរដោយ ញាតិមិត្តរបស់ ពលករខាងលើ បានចុះទៅសួរសុខទុក្ខ ពួកគាត់ ចំនួន១៨នាក់។ ក្នុងឱកាសជំនួបនេះ ស្ថានទូត ទទួលបានព័ត៌មានថ្មីថា ពលករទាំងអស់ មិនបានទទួលប្រាក់កំរៃពលកម្មទេ ក្នុងអំឡុងពេលធ្វើការងារ ដោយបង្ខំនៅលើទូក។

តាមសំណើរបស់មន្ត្រីស្ថានទូត សមត្ថកិច្ចប៉ូលីសថៃ បានឯកភាពបញ្ចូល ចំណុចនេះ នៅក្នុងកំណត់ហេតុ របស់ប៉ូលិស បញ្ជូនទៅតុលាការ ដើម្បីទាមទារ ការទូទាត់សំណង ដល់ពលករទាំងអស់។ ស្ថានទូត នឹងស្នើការិយាល័យការពារសិទ្ធិ និងអត្ថប្រយោជន៍ពលករ នៃមន្ទីរការងារ ខេត្តណារ៉ាធិវ៉ាត់ ឲ្យជួយអន្តរាគមន៍ ជំរុញសំណុំរឿង ប្តឹងទាមទារសំណងនេះ ផងដែរ។

ដោយឡែក កាលពីថ្ងៃទី ២០ កញ្ញា ស្ថានទូត បានចាត់ លោក ជៀម ឡាម៉ាទីន ទីប្រឹក្សាពលករ ទៅជួបជាមួយ លោកឧត្តមសេនីយ៍ឯក សានីត ម៉ាហាថាវ័ន (Sanit Mahathavorn) ស្នងការស្តីទីប៉ូលិស ក្រុងបាងកក ដែលជាអ្នកទទួលខុសត្រូវ ចាត់វិធានការលើ ករណីជួញដូរមនុស្ស ខាងលើនេះ ដើម្បីស្នើសុំជំរុញ ដំណើរការកាត់កី្ត ឲ្យជនរងគ្រោះ ឆាប់បានវិលត្រឡប់ ទៅស្រុកវិញ៕N/S

website_news/2016260901.txt · Last modified: 2017/03/12 17:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki