website_news:2016260902

យោធាថៃចាប់ពលករខ្មែរ២៦នាក់ខណៈចូលកាប់ឈើក្នុងតំបន់ហាមឃាត់

(http://ppt-news.net) ចេញផ្សាយ ថ្ងៃទី 26/09/2016

ថៃ ៖ កំលាំងជំនាញសហការជាមួយក្រុមតម្រួតថៃបានឃាត់ខ្លួនពលករខ្មែរចំនួន២៦នាក់ ខណៈដែល កំពុងរៀបចំឈើគ្រញូងដែលបានចូលទៅកាប់ក្នុងតំបន់ហាមឃាត់ដើម្បីត្រៀមលើកដាក់រថយន្តនៅក្បែរនឹងតំបន់នោះ។

យោងតាមរបាយការណ៍របស់សារព័ត៌មានថៃបានអោយដឹងថា នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមតម្រួតថៃ រួមទាំងកំលាំងយោធា ដោយមានការសហការជាមួយនឹងកំលាំងជំនាញដែលគ្រប់គ្រងក្នុងតំបន់ព្រៃឈើ នៃឧទ្យានជាតិប៉ាងស៊ីដាបានឡោមព័ទ្ធភូមិមួយ ដែលស្ថិតនៅក្បែរនឹងតំបន់ឧទ្យានជាតិនេះគឺភូមិ១០ ឃុំថាយ៉ែក ស្រុកមឿង ខេត្តស្រះកែវ ប្រទេសថៃ ក្រោយពីបានទទួលនូវព័ត៌មានថា មានការដឹកជញ្ជូនឈើគ្រញូងយកមកលាក់ទុកនៅក្នុងភូមិសាស្ត្រខាងលើនេះ ។

របាយការណ៍ដដែលបានបន្តថា នៅក្នុងកិច្ចប្រតិបត្តិការនេះ គឺកំលាំងបានធ្វើការឃាត់ខ្លួនជនជាតិខ្មែរសរុបចំនួន២៦នាក់ ដែលពួកគេកំពុងរៀបចំឈើគ្រញូងចំនួន៨០ដុំដើម្បីត្រៀមលើកឡើងលើរថយន្ត ។ រាល់បញ្ហានេះគឺពួកគេបានសារភាពថា ការដែលពួកគេចូលទៅកាប់ឈើក្នុងតំបន់ឧទ្យានជាតិ ប៉ាងស៊ីដា នេះដោយសារតែមានថៅកែធំជាអ្នកជួលអោយពួកគេមក ។

បច្ចុប្បន្នក្រោយពីកំលាំងបានធ្វើការប្រមូលរួចមក ឈើគ្រញូងទាំង៨០ដុំនេះ ត្រូវបានប្រគល់ទៅអោយកំលាំងជំនាញដើម្បីយកទៅរក្សាទុកនៅក្នុងឧទ្យានជាតិវិញ។ ដោយឡែកជនជាតិខ្មែរទាំង២៦នាក់ ក៏ត្រូវបានបញ្ជូ នទៅកាន់ស្នងការដ្ឋាន តម្រួតខេត្តស្រះកែវដើម្បីធ្វើការសាកសួរ រកប្រភពមេខ្លោងដែលនៅពីក្រោយខ្នង និងយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

website_news/2016260902.txt · Last modified: 2017/03/12 17:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki