website_news:2016260903

ទូតខ្មែរនៅ វៀតណាមជួយ ពលរដ្ឋ២៦នាក់ ឲ្យបានវិល មកមាតុភូមិនិវិញ

(http://ppt-news.net) សុក្រ, ២៣ កញ្ញា ២០១៦ 22:27 ដោយ: ស៊ាន កុសល ID:038

ភ្នំពេញ៖ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានផ្តល់ព័ត៌មានថា ពលរដ្ឋខ្មែរ២៦នាក់(ប្រុស១១នាក់-ស្រី១៥នាក់) ក្នុងនោះមនុស្សចាស់៧នាក់ និងកុមារ១៩នាក់ ដែលចូលទៅសុំទាននិងលក់ឆ្នោតខុសច្បាប់ក្នុងប្រទេសវៀតណាម ត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួន ប្រមូលផ្តុំ និងផ្គត់ផ្គង់អាហារនៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសង្គម ទីក្រុងហូជីមិញ ឲ្យបានវិលមកស្រុកកំណើតវិញ។

បើតាមសេចក្តីជូនព័ត៌មានរបស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ដែលមជ្ឈមណ្ឌលព័ត័មានដើមអម្ពិលទទួលបាននៅល្ងាចថ្ងៃទី២៣ កញ្ញានេះបានបញ្ជាក់ឲ្យដឹងថា ក្នុងចំណោមពលរដ្ឋទាំងនោះ ២៤នាក់ មានស្រុកកំណើតនៅខេត្តស្វាយរៀង ១នាក់មកពីខេត្តកណ្តាល និង១នាក់ទៀតមកពីខេត្តកំពង់ស្ពឺ។លោក ជុំ សុន្ទរី បានបន្តថា មន្រ្តីស្ថានអគ្គកុងស៊ុល បានសួរសុខទុក្ខពលរដ្ឋខ្មែរទាំង២៦នាក់ ហើយសហការជាមួយមន្ទីរសង្គម កិច្ចទីក្រុងហូជីមិញ និងមន្ទីរសង្គមកិច្ចខេត្តស្វាយរៀង គ្រោងធ្វើមាតុភូមិនិត្តន៍ពួកគេមកកម្ពុជាវិញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ តាមច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ-បាវិត ដើម្បីប្រគល់ជូនមន្ទីរសង្គមកិច្ច ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០១៦នេះ មានពលរដ្ឋខ្មែរចូលទៅសុំទាន និងលក់ឆ្នោតខុស ច្បាប់ ត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួន សរុបចំនួន១៦៨នាក់៕

website_news/2016260903.txt · Last modified: 2017/03/12 17:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki