website_news:2016260904

ប្រធានាធិបតីបញ្ជាឲ្យស៊ើបអង្កេតរឿងទារុណកម្មលើក្មេងស្រីទាសករ

(http://km.rfi.fr/asia) ដោយ គួច គន្ធារ៉ា 24/09/2016

នៅក្នុងប្រទេសភូមា លោកប្រធានាធិបតី ទីន ច បានបញ្ជាកម្លាំងប៉ូលិសឲ្យបើកការស៊ើបអង្កេតលើរឿងក្មេងស្រីទាសករចំនួនពីរនាក់ដែលបានធ្វើជាខ្ញុំបម្រើរយៈពេល ៥ឆ្នាំនៅក្នុងគ្រួសារភូមាមួយរស់ក្នុងទីក្រុងរ៉ង់ហ្គូន។ ការបញ្ជាឲ្យស៊ើបអង្កេតរបស់លោកទីន ចពេលនេះបានធ្វើឡើង បន្ទាប់ពីក្មេងស្រីទាំងពីរនាក់បាននិយាយរៀបរាប់ថា គ្រួសារដែលពួកគេរស់នៅជាមួយបានប្រើពួកគេដូចជាទាសករដាច់ថ្លៃ ព្រមទាំងបានវាយធ្វើបាបទាំងយប់ ទាំងថ្ងៃអស់រយៈពេល ៥ឆ្នាំ។

នៅពេលនេះ ក្មេងស្រីភូមាទាំងពីរនាក់ទទួលបានសេរីភាពឡើងវិញហើយ តែរឿងអាស្រូវមួយនេះបាន និងកំពុងបន្តខ្ចរខ្ចាយ និងធ្វើឲ្យប្រជាជនភូមាទូទៅមានការតក់ស្លុតខ្លាំងណាស់។ តក់ស្លុតក៏ដោយសារថាក្នុងរយៈពេល ៥ឆ្នាំ ក្មេងស្រីទាំងពីរនាក់ដែលបានទៅរស់នៅស៊ីឈ្នួលជាខ្ញុំបម្រើនៅក្នុងគ្រួសារភូមាមួយក្នុងទីក្រុងរ៉ង់ហ្គូន ត្រូវបានគ្រួសារនោះវាយធ្វើបាបទាំងយប់ ទាំងថ្ងៃ អត់ឲ្យប្រាក់ខែ ឲ្យញាំមិនគ្រប់គ្រាន់ និងឲ្យដេកតែប៉ុន្មានម៉ោងប៉ុណ្ណោះក្នុងមួយយប់ៗ។ ឱពុក ម្តាយរបស់ក្មេងស្រីទាំងពីរបានដឹងពីរឿងនេះជាច្រើនឆ្នាំ ព្រមទាំងបានរាយការណ៍ប្រាប់ប៉ូលិស តែប៉ូលិសមិនបានអើពើបន្តិចណាសោះ។

គឺនៅក្នុងន័យនេះហើយបានជាលោកប្រធានាធិបតីភូមាទីន ចបានចេញមុខអន្តរាគមន៍ដោយស្នើក្រសួងទទួលបន្ទុកកិច្ចការសង្គមឲ្យចុះធ្វើរបាយការណ៍លំអិតមួយទាក់ទងនឹងប្រសិទ្ធិភាពការងាររបស់មន្រ្តីប៉ូលិសនៅសង្កាត់ Kyauktada។ ទន្ទឹមគ្នានេះ លោកទីន ចក៏បានស្នើឲ្យមានការពិនិត្យលើប្រសិទ្ធិភាពការងាររបស់គណៈកម្មការសិទ្ធិមនុស្សជាតិដែរ។ ម្យ៉ាងទៀត រឿងអាស្រូវក្មេងស្រីទាសករទាំងពីរនាក់បានបែកធ្លាយ បន្ទាប់ពីមានការស៊ើបអង្កេតរបស់អ្នកកាសែតក្នុងស្រុកម្នាក់ដែលបានជូនព័ត៌មាននេះទៅឲ្យគណៈកម្មការសិទ្ធិមនុស្សជាតិ។

សូមជម្រាបជូនថា នៅពេលចូលទៅធ្វើជាអ្នកបម្រើនៅក្នុងគ្រួសារភូមានោះ ក្មេងស្រីទាំងពីរនាក់ទើបមានអាយុ ១១ និង ១២ឆ្នាំ។ ក្រោយពីគណៈកម្មការសិទ្ធិមនុស្សជាតិបានអន្តរាគមន៍ដោះលែង ក្មេងស្រីទាំងពីរនាក់ដែលមានរបួសស្នាមនៅដៃ ជើង និងលើមុខបានរៀបរាប់ពីជីវិតវេទនាគ្មានអ្វីប្រៀបបានរបស់ខ្លួនរយៈពេល ៥ឆ្នាំ។ ខណៈនេះ ក្មេងស្រីទាំងពីរនាក់កំពុងស្ថិតដោយសុវត្ថិភាពនៅក្នុងការិយាល័យប៉ូលិស។ គួររម្លឹកជូនថានៅភូមា មានក្មេងស្រីជាច្រើនត្រូវបានគេសន្យាឲ្យការងារធ្វើក្នុងទីក្រុងក្រុង តែទីបំផុតបានចាញ់បោកគេធ្លាក់ខ្លួនធ្វើជាទាសករដាច់ថ្លៃ។

តាមស្ថិតិជំរឿនឆ្នាំ ២០១៤ ឲ្យដឹងថា ក្មេងម្នាក់ក្នុងចំណោមក្មេង ៥នាក់ដែលមានអាយុចន្លោះ ១០ និង ១៧ឆ្នាំបានចេញធ្វើការងារ ពោលមានប្រមាណជា ១លាន ៧សែននាក់៕

website_news/2016260904.txt · Last modified: 2017/03/12 17:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki