website_news:2016261001

ឃុំខ្លួនប្តីនៅថៃ, ឃុំខ្លួនប្រពន្ធនៅកម្ពុជា ករណីក្លែងទិដ្ឋាការក្នុងលិខិតឆ្លងដែនកម្ពុជា

(http://www.cen.com.kh) ថ្ងៃទី 25 តុលា 2016, ម៉ោង 08:05:PM)

បន្ទាយ បន្ទាយមានជ័យ: សមត្ថកិច្ចបានឃុំខ្លួនបុរសជាប្តីនៅប្រទេសថៃ ឯស្ត្រីជាប្រពន្ធត្រូវឃុំនៅកម្ពុជាករណីធ្វើទិដ្ឋាការក្លែងក្លាយ និងក្លែងឯកសារសាធារណ:ក្នុងលិខិតឆ្លងដែនកម្ពុជា។ សមត្ថកិច្ចថៃ- កម្ពុជា បានធ្វើកិច្ចសហប្រតិបត្ដិការរួមគ្នាបង្ក្រាបជនសង្ស័យប្តីប្រពន្ធ ដែលប្រព្រឹត្តល្មើសក្លែងឯកសារក្នុងលិខិតឆ្លងដែនធ្វើឲ្យពលករខ្មែរសម្រាប់ឆ្លងដែនចូលធ្វើការនៅប្រទេសថៃ។ ជនសង្ស័យជាប្តីមានឈ្មោះយ៉ាន ចាន់ថន អាយុ ២៩ ឆ្នាំនិងប្រពន្ធមានឈ្មោះសេង លី រស់ អាយុ ២៤ ឆ្នាំមានលំនៅភូមិក្បាលកោះ សង្កាត់ / ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍អ៊ុំ សុផល ស្នងការរងនគរបាលខេត្តដែលទទួលបញ្ជាពីលោកឧត្តមសេនីយ៍អាត់ ខែម ស្នងការបាននិយាយប្រាប់CEN នៅថ្ងៃទី២៥តុលាថា:ជនសង្ស័យប្តីប្រពន្ធមួយគូនេះត្រូវបានចាប់ខ្លួនពីថ្ងៃសុក្រទី២១តុលាបន្ទាប់ពីប៉ូលិសថៃបានចាប់បុរសពលករជនជាតិកម្ពុជា ២ នាក់មុនថ្ងៃនោះក្នុងពេលអ្នកទាំងពីរនោះកាន់លិខិតឆ្លងដែនជាមួយនឹងទិដ្ឋាការក្លែងក្លាយ។ ទិដ្ឋាការស្នាក់នៅប្រទេសថៃក្លែងក្លាយនោះគឺបានដាក់ថារយ:ពេល២ឆ្នាំ។តែតាមពិតថៃអាចអនុញាតអោយជនបរទេសធម្មតាស្នាក់នៅថៃត្រឹម២សប្តាហ៍ប៉ុណ្ណោះ។ លោកនិយាយបន្តថា:ប៉ូលិសថៃនិងកម្ពុជាបានរៀបចំអន្ទាក់ចាប់ពីរនាក់ប្ដីប្រពន្ធនោះដោយឲ្យជនរងគ្រោះ(ពលករ)ទូរស័ព្ទទៅបុរសជាប្តីឈ្មោះ យ៉ាន ចាន់ថន ឲ្យមកជួបនៅផ្សាររោងក្លឿ ជាផ្សារនៅជាប់ព្រំដែនថៃ កម្ពុជា។ បុរសនោះនិងភរិយាត្រូវបានចាប់ខ្លួនជាមួយនឹងលិខិតឆ្លងដែនដែលក្លែងឯកសារទិដ្ឋាការ ត្រាលើសៀវភៅលិខិតឆ្លងដែន(Passport)ចំនួន៣ក្បាល។

លោកអ៊ុំ សុផល ដែលគេស្គាល់លោកថាជាមន្ត្រីនគរបាលកម្ពុជាម្នាក់មានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អនិងបានលទ្ធផលផ្លែផ្កាជាច្រើនជាមួយភាគីថៃកន្លងមកនោះបានស្នើនគរបាលអន្តោប្រវេសន៍ និងជំនាញពាក់ព័ន្ធថៃនាំស្ត្រីជាប្រពន្ធមកប្រទេសកម្ពុជា ដើម្បីឆែកឆេររកវត្ថុតាំងបន្ថែមទៀតនៅផ្ទះរបស់ជនសង្ស័យប្តីប្រពន្ធនេះ។ ជាលទ្ធផលសមត្ថកិច្ចបានរកឃើញសៀវភៅលិខិតឆ្លងដែនថ្មីចំនួនចំនួន២០ក្បាល និងត្រាក្លែងក្លាយចំនួន ១៤ ក្នុងនោះត្រាពុម្ពអក្សរខ្មែរចំនួន១និងពុម្ពអក្សរអង់គ្លេសចំនួន១០ផងដែរ។

យោងលោកស្នងការរងនិងនគរបាលថៃស្រង់ចម្លើយសារភាពប្តីប្រពន្ធនេះដូចដែលបាននិយាយាថា ពួកគេធ្វើសកម្មភាពល្មើសបែបនេះជាង២ ឆ្នាំមកហើយ។ក្នុងនោះសៀវភៅលិខិតឆ្លងដែនព្រះរាជណាចក្រកម្ពុជា ពួកខ្លួនទិញពីក្រុមហ៊ុននាំពលករកម្ពុជានិងថៃដោយយកថ្លៃ ៨.០០០បាតក្នុងទិដ្ឋាការមួយច្បាប់។ នគរបាលភាគីថៃបានបង្ខំអោយស្ត្រីជាប្រពន្ធប្រគល់លុយជាង១ម៉ឺនបាត ដល់ពលកររងគ្រោះវិញនៅមុនអនុញ្ញាតអោយនាំគាត់មកប្រទេសកម្ពុជា។ ឥឡូវនេះ ស្ត្រីឈ្មោះសេង លី ត្រូវនគរបាលព្រហ្មទ័ណ្ឌកម្រឹតស្រាលនៃការិយាល័យកណ្តាលយុត្តិធម៌ខេត្តកសាងសំណុំរឿងបញ្ជូនអោយតុលាការខេត្តចាត់ការគឺបានចេញដីកាឃុំខ្លួនពីបទ ក្លែងឯកសារសាធារណ:ដែលជាបទឧក្រិដ្ឋ។

ចំណែកបុរសជាប្តីឈ្មោះយ៉ាន ចាន់ថន ត្រូវសមត្ថកិច្ចនគរបាលថៃបញ្ជូនទៅអោយតុលាការខេត្តស្រះកែវឃុំខ្លួនដែរហើយក្នុងបទល្មើសក្លែងលិខិតសាធារណ:ដែលជាទោសឧក្រិដ្ឋដូចកម្ពុជាដែរ។

លោក មឿន តុលា ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍និយាយថា៖ពលករខ្មែរចំណាកស្រុកដែលងាយរងគ្រោះអាចរងទ្វេគ្រោះ (រងគ្រោះ២-៣ដង)ដោយសារតែលិខិតឆ្លងដែន និងទិដ្ឋាការក្លែងក្លាយ។ «ដំបូងពួកគាត់ជាជនរងគ្រោះដោយការជួញដូរពីមេខ្យល់ខុសច្បាប់…ហើយពួកគាត់អាចក្លាយជាជនរងគ្រោះម្តងទៀតប្រសិនបើត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារ ព្រោះឯកសារក្លែងក្លាយធ្វើឡើងដោយមេខ្យល់»។ ពួកគេសឹងតែមិនបានដឹងអ្វីទាំងអស់ថាតើវាស្របច្បាប់ ឬខុសច្បាប់ឡើយ៕s/d

website_news/2016261001.txt · Last modified: 2017/03/13 11:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki