website_news:2016261101

តុលាការឃុំខ្លួនមនុស្សបីនាក់ក្នុងសំណុំរឿងជួលស្ត្រីខ្មែរឲ្យពពោះជំនួស

(http://www.rfa.org/khmer/news) ដោយ សុ ជីវី 2016-11-22

សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្នមនុស្សបីនាក់ ក្នុងសំណុំរឿងជួលស្ត្រីខ្មែរឲ្យពពោះជំនួស។ មន្ត្រីជំនាញឲ្យដឹងថា ក្នុងសំណុំរឿងនេះមានស្ត្រីចំនួន ១៨នាក់ហើយដែលកំពុងមានផ្ទៃពោះ ដោយត្រូវគេជួលឲ្យពពោះឲ្យជនបរទេសភាគច្រើនជាជនជាតិអូស្ត្រាលី។

មន្ត្រីការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ បញ្ជាក់ថា អ្នកទាំង៣ ត្រូវនាំទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស បន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បញ្ចប់ការសាកសួរ និងចេញដីកាឃុំខ្លួនពួកគេ។ អ្នកទាំងបីនោះរួមមានឈ្មោះ ថែមមី ដេវីស ឆាលស៍ (Tammy Davis-Charles) ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិអូស្ត្រាលី និងជនជាតិខ្មែរ ២រូបមានឈ្មោះ ពេញ រិទ្ធី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងឈ្មោះ សំរិទ្ធ ចាន់ចរិយា ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរឆ្មប។

ពួកគេត្រូវបានឃាត់ខ្លួនដោយនគរបាលប្រឆាំងការជួញដូរមនុស្ស កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ដោយត្រូវចោទប្រកាន់ថា បានប្រព្រឹត្តល្មើសនឹងក្រមព្រហ្មទណ្ឌក្នុងនាមជាអន្តរការី ក្នុងការជួលស្ត្រីខ្មែរឲ្យពពោះជំនួស។ នាយកការិយាល័យប្រឆាំងការជួញដូរមនុស្ស លោក កែវ ធា មានប្រសាសន៍ថា តាមច្បាប់កម្ពុជា អ្នកដែលស្វែងរកការពពោះជំនួស និងស្ត្រីដែលយល់ព្រមពពោះជំនួស មិនមានទោសទណ្ឌអ្វីឡើយ គឺមានទោសតែអ្នកដែលជាអន្តរការី៖ «បើខុសគឺខុសអ្នកនៅកណ្ដាល គឺអន្តរការីដែលគាត់បើកក្រុមហ៊ុនរកស៊ីអោយមានអតិថិជនមករកគាត់ ហើយគាត់រកអូសទាញមនុស្សមក ដើម្បីពពោះអីហ្នឹងគឺមានទោស»។

ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ ចេញដីកាឃុំខ្លួនអ្នកទាំងបីនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ពីបទធ្វើអន្តរការរវាងអ្នកសុំកូន និងស្ត្រីពពោះតាមមាត្រា៣៣២ និងបទសុំផ្ដល់ឯកសារដោយទុច្ចរិតតាមមាត្រា៦៦២ នៃក្រមព្រហ្មទណ្ឌ។ មាត្រា៣៣២ ចែងថា អំពើប្រព្រឹត្តនៅក្នុងគោលបំណងចង់បានកម្រៃធ្វើជាអន្តរការីរវាងបុគ្គលម្នាក់ ឬប្ដីប្រពន្ធដែលចង់សុំកូនយកមកចិញ្ចឹម និងស្ត្រីម្នាក់យល់ព្រមពពោះដើម្បីនឹងប្រគល់កូននោះទៅឲ្យអ្នកសុំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែទៅ ៦ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនដល់ ១លានរៀល។

អ្នកស្រី ថែមមី ដេវីស ឆាលស៍ ជាស្ថាបនិកក្រុមហ៊ុនឈ្មោះ ហ្វើធីលីធី សូលូសិន ភីជីឌី (Fertility Solution PDG)។ ក្រុមហ៊ុននេះបានចូលមកកម្ពុជា ជាងមួយឆ្នាំ ក្រោយមានការហាមឃាត់ការជួលពពោះជំនួសនៅក្នុងប្រទេសឥណ្ឌា នេប៉ាល់ និងថៃ។ អាជ្ញាធរកម្ពុជា បានចាប់ផ្ដើមស៊ើបអង្កេតរយៈពេលជាច្រើនខែមកហើយ មុននឹងសម្រេចចាប់ខ្លួនអ្នកទាំង៣។ របាយការណ៍ពីអាជ្ញាធរបញ្ជាក់ថា មិនតិចជាង ៥០ករណីទេដែលក្រុមហ៊ុននេះបានផ្ដល់សេវា។ ក្រុមហ៊ុននេះបានយកសេវាពីក្រុមគ្រួសារដែលចង់បានកូនចំនួន ៥ម៉ឺនដុល្លារ ហើយគេផ្ដល់ទៅឲ្យស្ត្រីខ្មែរចាប់ពីរាប់ពាន់ដុល្លារដល់ជាងមួយម៉ឺនដុល្លារ។ ពួកគេបើកប្រាក់ខែដល់ស្ត្រីដែលស្ម័គ្រចិត្តជារៀងរាល់ខែ។

លោក កែវ ធា បញ្ជាក់ថា មានស្ត្រីខ្មែរចំនួន ១៨នាក់កំពុងមានផ្ទៃពោះនៅក្នុងគម្រោងជួលឲ្យពពោះរបស់ក្រុមហ៊ុននេះ៖ «ដែលតាមចម្លើយរបស់គាត់ហ្នឹង គឺទាក់ទងសំណុំរឿងគាត់នៅសល់ស្រ្តីចំនួន ១៨នាក់ទៀតដែលមានកូនតែមិនទាន់កើត។ (សំណួរ៖ តើអាចរកគាត់បានទេ ឬក៏គាត់រត់គេច?) គាត់អត់មានទោសអីទេ ពេលនេះយើងកំពុងរៀបចំដើម្បីជួយដល់គាត់»។ លោក កែវ ធា ឲ្យដឹងថា មន្ត្រីជំនាញពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល រួមនឹងស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា នឹងជួបប្រជុំគ្នានៅថ្ងៃទី២៤ ខែវិច្ឆិកា ដើម្បីពិភាក្សាពីជំនួយនានាដែលអាចផ្ដល់ឲ្យក្រុមស្ត្រីដែលកំពុងពពោះ។

ទាក់ទិនការពពោះជំនួសនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា ធ្លាប់លើកឡើងជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ថា អាចនឹងពិចារណាចំពោះច្បាប់ទាក់ទងនឹងការពពោះជំនួស និងដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស។ សារព័ត៌មានមួយចំនួនបានរាយការណ៍ថា ស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានផ្ដល់ជំនួយផ្នែកច្បាប់ដល់ស្ត្រីជនជាតិអូស្ត្រាលី ដែលអាជ្ញាធរចាប់ខ្លួន។ ស្របគ្នានេះ ក៏មានអ្នកអំពាវនាវសុំឲ្យវិស័យពពោះជំនួសនេះក្លាយជាស្របច្បាប់។

បើទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ធ្លាប់ត្រូវសារព័ត៌មានស្រង់ប្រសាសន៍មកផ្សព្វផ្សាយថា ក្រសួងហាមប្រាមចំពោះការពពោះជំនួសនេះ៕

website_news/2016261101.txt · Last modified: 2017/03/16 12:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki