website_news:2016261102

មន្ត្រីថា ភ្នាក់ងារនិងអ្នកផ្ដល់សេវាពពោះគួរបន្តកិច្ចសន្យា

(http://www.postkhmer.com) Fri, 25 November 2016 គង់ មេត្ដា and Cristina Maza

ភ្នំពេញៈ មួយសប្តាហ៍បន្ទាប់ពីនគរបាលប្រឆាំងការជួញដូរមនុស្សបានចាប់ខ្លួនមនុស្សបីនាក់ពាក់ព័ន្ធនៅក្នុងឧស្សាហកម្មសេវាពពោះនៅក្នុងប្រទេសកម្ពុជា មន្ត្រីពីគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្សបានថ្លែងថាភ្នាក់ងារនិងម្តាយដែលបានផ្តល់សេវាពពោះនៅក្នុងប្រទេសកម្ពុជាគួរបន្តតាមកិច្ចសន្យារបស់ខ្លួន។

លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស បានថ្លែងបន្ទាប់ពីកិច្ចប្រជុំជាមួយមន្ត្រីស្ថានទូតអូស្ត្រាលីថា៖«ស្ត្រីទាំងនោះបានទទួលចំណូលរួចហើយពីអ្នកដែលបានជួលពួកគេ ដូច្នេះយើងត្រូវការឲ្យពួកគេទទួលខុសត្រូវចំពោះអ្វីដែលមាននៅក្នុងកិច្ចសន្យា»។ ជនជាតិអូស្ត្រាលីឈ្មោះ Tammy Davis-Charles ស្ថាបនិកនៃទីភ្នាក់ងារផ្តល់សេវាពពោះឈ្មោះ Fertility Solutions PGD ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុនរួមជាមួយនឹងជនជាតិខ្មែរពីរនាក់ដែលធ្វើការឲ្យអ្នកស្រី។

ឥឡូវនេះ លោកស្រី ប៊ុនអេង បានថ្លែងថា អ្នកស្រី Davis-Charles ត្រូវតែបន្តផ្តល់ប្រាក់ដល់ស្ត្រីដែលផ្តល់សេវាពពោះកូនឲ្យជនបរទេស ដែលពួកគេភាគច្រើនកំពុងជួលស្បូនទៅឲ្យឪពុកម្តាយជនជាតិអូស្ត្រាលី។ អាជីវកម្មសេវាពពោះបានមកដល់ប្រទេសកម្ពុជាប្រមាណមួយឆ្នាំកន្លងទៅបន្ទាប់ពីវាត្រូវបានហាមប្រាមនៅក្នុងប្រទេសមួយចំនួនដូចជា ប្រទេសថៃ ឥណ្ឌា និងប្រទេសនេប៉ាល់។ ឧស្សាហកម្មនេះមិនមានលក្ខណៈស្របច្បាប់ក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែរដ្ឋាភិបាលបាននិយាយថាខ្លួនកំពុងព្រាងច្បាប់ដើម្បីហាមប្រាមមិនឲ្យមានឧស្សាហកម្មនេះ។ ខណៈមន្ត្រីបង្ក្រាបទៅលើឧស្សាហកម្មនេះ មានសំណួរសំខាន់ៗត្រូវបានលើកឡើងអំពីរបៀបត្រូវធ្វើដូចម្តេចចំពោះកូនដែលនឹងជិតកើតនាពេលខាងមុខនៅក្នុងឧស្សាហកម្មខុសច្បាប់នេះ។

លោកស្រី ប៊ុនអេង បានថ្លែងកាលពីម្សិលមិញថា៖ «យើងមានក្តីបារម្ភថា កូនមួយចំនួនដែលនឹងកើតចេញពីស្ត្រីដែលផ្តល់សេវាពពោះ ត្រូវបានទុកនៅក្នុងការមើលថែដោយមេខ្យល់និងភ្នាក់ងារឬបារម្ភថា ឪពុកម្តាយនឹងព្យាយាមរត់ពន្ធកូនទាំងនោះចេញពីប្រទេសជាមួយនឹងការក្លែងឯកសារ»។ លោកស្រីបានកត់សម្គាល់ថា ផ្ទុយទៅវិញ ដំណើរការដែលអះអាងកូនគួរមានតម្លាភាព និងអនុវត្តជាមួយនឹងឯកសារដែលទទួលស្គាល់ទាំងប្រទេសកម្ពុជានិងប្រទេសឪពុកម្តាយដែលមានបំណងចង់បានកូននោះ។

កាលពីដើមសប្តាហ៍នេះ ក្រសួងការបរទេស បានថ្លែងថា ខ្លួនកំពុងធ្វើការយ៉ាងសកម្មដើម្បីកំណត់អត្តសញ្ញាណពាណិជ្ជកម្មសេវាពពោះហើយនឹងបដិសេធមិនផ្តល់សំបុត្រកំណើតចំពោះកូនដែលកើតក្នុងឧស្សាហកម្មនេះទេ។

លោកស្រី ជូ ប៊ុនអេង បានថ្លែងថា គណៈកម្មាធិការអន្តរក្រសួងមួយកំពុងត្រូវបានបង្កើតឡើងដើម្បីកំណត់ថា តើកូនដែលកើតចេញពីសេវាពពោះនេះអាចចេញពីប្រទេសដោយស្របច្បាប់យ៉ាងដូចម្តេច? ទោះយ៉ាងណាក្តី ភ្នាក់ងារមួយដែលមានមូលដ្ឋាននៅប្រទេសថៃ ដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងថា ឪពុកម្តាយបរទេសដែលមានបំណងចង់បានកូននោះនឹងអាចយកកូននោះចាកចេញបានដោយមិនខ្វល់ថាតើដំណើរការរបស់ រដ្ឋាភិបាលកម្ពុជាយ៉ាងម៉េចនោះទេ។

ភ្នាក់ងារនេះបន្តថា៖ «ប្រទេសកម្ពុជាកំពុងព្យាយាមធ្វើជាលក្ខណៈតឹងរ៉ឹងនិងស្វិតស្វាញ ប៉ុន្តែពួកគេមិនអាចធ្វើដូចនោះទេ ប្រសិនបើប្រទេសដើមកំណើតទទួលស្គាល់កូននោះដោយផ្អែកទៅលើការជាប់ពាក់ព័ន្ធនឹងហ្ស៊ែនជាមួយនឹងឪពុកម្តាយដែលចង់បាននោះ»។ «ប្រសិនបើពួកគេរារាំងកូននោះមិនឲ្យចេញពីប្រទេស ពួកគេកំពុងបង្កការលំបាកដល់ខ្លួនឯង…កម្ពុជាជាប្រទេសក្រីក្រតូចមួយ»។ អ្នកនៅក្នុងឧស្សាហកម្មនេះបានលើកឡើងថាស្ថានទូតអូស្ត្រាលីកំពុងចេញឯកសារទៅឪពុកម្តាយដែលជួលសេវានេះដោយមិនមានការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា។

លោកស្រី ប៊ុនអេង បានថ្លែងថា កម្ពុជាសូមសហការជាមួយប្រទេសអូស្ត្រាលីដើម្បីកំណត់របៀបដោះស្រាយយ៉ាងម៉េចជាមួយឪពុកម្តាយដែលជួលសេវានេះនិងកូនរបស់ពួកគេ ប៉ុន្តែមានការខ្វែងគំនិតមួយចំនួនអំពីរបៀបដោះស្រាយបញ្ហានេះ។ លោកស្រី ប៊ុនអេង បានថ្លែងថា៖«ប្រជាជនអូស្ត្រាលីនិយាយថា នេះមិនពាក់ព័ន្ធនឹងច្បាប់អូស្ត្រាលីទេ ហើយនិយាយថា វាជាកិច្ចសន្យារវាងបុគ្គលឯកជន»។ «ប៉ុន្តែយើងមិនយល់ស្រប [ព្រោះ]អ្នកដែលផ្តល់សេវាពពោះនេះជាជនជាតិកម្ពុជា ហើយអ្នកដែលត្រូវការកូននោះគឺ ជាជនជាតិអូស្ត្រាលី ដូច្នេះត្រូវឲ្យមានការទទួលខុសត្រូវពីទាំងសងខាង»។ មន្ត្រីស្ថានទូតរបស់ប្រទេសអូស្ត្រាលីបានបដិសេធមិនធ្វើអត្ថាធិប្បាយទេបន្ទាប់ពីកិច្ចប្រជុំនេះ៕ PS

website_news/2016261102.txt · Last modified: 2017/03/16 12:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki