website_news:2016261104

ភាគីពាក់ព័ន្ធចាប់ផ្ដើមពិភាក្សាករណីជួលស្ត្រីខ្មែរអោយពពោះជំនួស

(http://www.rfa.org/khmer/news) ដោយ សុ ជីវី 2016-11-24

មន្ត្រីរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់ភាគីពាក់ព័ន្ធក្នុងសំណុំរឿងជួលស្ត្រីខ្មែរអោយពពោះចេញមុខដើម្បីចូលរួមដោះស្រាយបញ្ហា និងធ្វើអោយករណីនេះក្លាយជាស្របច្បាប់ ជាពិសេសគឺការទទួលខុសត្រូវ និងសុខទុក្ខរបស់ស្ត្រីកំពុងពពោះ។

អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សមើលឃើញថា ករណីជួលមនុស្សអោយពពោះជំនួសជាអំពើរំលោភសិទ្ធិមនុស្ស។

អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រឆាំងអំពើជួញដូរមនុស្ស លើកឡើងថា ការទទួលខុសត្រូវចម្បងមួយដែលត្រូវធ្វើចំពោះមុខគឺការផ្ដល់កិច្ចការពារដល់ស្ត្រីដែលកំពុងពពោះ។ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង បានថ្លែងបែបនេះនៅក្រោយកិច្ចប្រជុំរវាងអាជ្ញាកម្ពុជា ជាមួយតំណាងរបស់ស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា និងអង្គការសង្គមស៊ីវិល នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា។ អ្នកស្រីថា ភាគីកម្ពុជា បានស្នើទៅភាគីអូស្ត្រាលី ចំនួន ៣ចំណុច៖ «»។ បើទោះជាយ៉ាងណា អ្នកស្រីថា អាជ្ញាធរនៅពុំមានព័ត៌មានជាក់លាក់ពីស្ត្រីដែលកំពុងពពោះក្នុងករណីជួលស្ត្រីខ្មែរអោយពពោះនេះនៅឡើយ៖ «»។

ការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជនរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា បានចាប់ខ្លួនស្ត្រីជនជាតិអូស្ត្រាលីម្នាក់ និងជនជាតិខ្មែរ ២នាក់ ពីបទជាអន្តរការីនៅក្នុងការជួលស្ត្រីខ្មែរអោយពពោះជំនួស។ អ្នកទាំង៣នោះ រួមមានឈ្មោះ ថាមមី ដេវីស ឆាលស៍ (Tammy Davis-Charles) ភេទស្រីអាយុ ៤៩ឆ្នាំ ជនជាតិអូស្ត្រាលី និងជនជាតិខ្មែរ ២រូប មានឈ្មោះ ពេញ រិទ្ធី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងឈ្មោះ សំរិទ្ធ ចាន់ចរិយា ភេទស្រី អាយុ ៣០ឆ្នាំមុខរបរឆ្មប។

ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ ចេញដីកាឃុំខ្លួនអ្នកទាំង៣ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ពីបទធ្វើអន្តរការរវាងអ្នកសុំកូន និងស្ត្រីពពោះតាមមាត្រា៣៣២ និងបទសុំផ្ដល់ឯកសារដោយទុច្ចរិតតាមមាត្រា៦៦២ នៃក្រមព្រហ្មទណ្ឌ។ មាត្រា៣៣២ ចែងថា អំពើប្រព្រឹត្តនៅក្នុងគោលបំណងចង់បានកម្រៃធ្វើជាអន្តរការីរវាងបុគ្គលម្នាក់ ឬប្ដីប្រពន្ធដែលចង់សុំកូនយកមកចិញ្ចឹម និងស្ត្រីម្នាក់យល់ព្រមពពោះដើម្បីនឹងប្រគល់កូននោះទៅអោយអ្នកសុំត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនដល់មួយលានរៀល។

អ្នកស្រី ថាមមី ដេវីស ឆាលស៍ ជាស្ថាបនិកក្រុមហ៊ុនឈ្មោះ ហ្វើធីលីធី សូលូសិន ភីជីឌី (Fertility Solution PDG)។ ក្រុមហ៊ុននេះបានចូលមកកម្ពុជា ជាងមួយឆ្នាំក្រោយមានការហាមឃាត់ការជួលពពោះជំនួសនៅក្នុងប្រទេសឥណ្ឌា នេប៉ាល់ និងថៃ។ អាជ្ញាធរកម្ពុជា អះអាងថា បានចាប់ផ្ដើមស៊ើបអង្កេតរយៈពេលជាច្រើនខែមកហើយមុននឹងសម្រេចចាប់ខ្លួនអ្នកទាំង៣។ របាយការណ៍ពីអាជ្ញាធរបញ្ជាក់ថា មិនតិចជាង ៥០ករណីទេដែលក្រុមហ៊ុននេះបានផ្ដល់សេវា។ ក្រុមហ៊ុននេះបានយកសេវាពីក្រុមគ្រួសារដែលចង់បានកូនចំនួន ៥ម៉ឺនដុល្លារ ហើយគេផ្ដល់ទៅអោយស្ត្រីខ្មែរចាប់ពីរាប់ពាន់ដុល្លារដល់ជាងមួយម៉ឺនដុល្លារតាមការបើកប្រាក់ខែដល់ស្ត្រីដែលស្ម័គ្រចិត្តជារៀងរាល់ខែ។

នាយកការិយាល័យប្រឆាំងការជួញដូរមនុស្ស លោក កែវ ធា មានប្រសាសន៍ថា បញ្ជាក់ថា មានស្ត្រីខ្មែរចំនួន ១៨នាក់ កំពុងមានផ្ទៃពោះនៅក្នុងគម្រោងជួលអោយពពោះរបស់ក្រុមហ៊ុននេះ។

កាសែតភ្នំពេញប៉ុស្តិ៍ ដែលបានសម្ភាសស្ត្រីខ្មែរម្នាក់ដែលកំពុងមានផ្ទៃពោះបានលើកឡើងថា នាងចង់អោយការពពោះជំនួសបានទៅជាស្របច្បាប់។

អ្នកស្រី ជូ ប៊ុនអេង បញ្ជាក់ថា នៅក្រោយការបង្ក្រាបចាប់ខ្លួនអ្នកដែលរកស៊ីលើការពពោះជំនួសនេះ ស្ត្រីដែលមានផ្ទៃពោះកំពុងលាក់ខ្លួន។ អ្នកស្រីអំពាវនាវអោយអ្នកពាក់ព័ន្ធផ្ដល់ប្រភពស្ត្រីទាំងនោះចេញមុខ ដើម្បីទទួលបានសេវាកម្មស្របច្បាប់ ជាពិសេសគឺការថែរក្សាគភ៌ និងអនាគតរបស់កុមារ៖ «»។ កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បានចុះផ្សាយកាលពីដើមសប្ដាហ៍នេះថា អ្នករៀបចំអោយមានការពពោះជំនួសបាននាំស្ត្រី ដែលកំពុងពពោះគេចខ្លួនទៅប្រទេសថៃ ដែលនៅទីនោះពួកគេអាចទទួលបានសេវាថែទាំសុខភាពទាំងមុន និងក្រោយពេលសម្រាល។

បើតាមអ្នកស្រី ជូ ប៊ុនអេង តំណាងស្ថានទូតអូស្ត្រាលី ដែលចូលរួមកិច្ចប្រជុំនៅមិនទាន់ឆ្លើយតបចំពោះសំណើទាំង៣ ចំណុចរបស់អាជ្ញាធរកម្ពុជា នៅឡើយ។ អ្នកស្រីថា ជាទូទៅស្ថានទូតលើកឡើងថា នេះជាបញ្ហាផ្លូវច្បាប់របស់កម្ពុជា៖ «»។

នៅក្នុងចម្លើយតាមសារអេឡិចត្រូនិក ឬអ៊ីម៉ែល (Email) មកអាស៊ីសេរី កាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា អ្នកនាំពាក្យការិយាល័យកិច្ចការបរទេស និងពាណិជ្ជកម្មនៃស្ថានទូតអូស្ត្រាលី បញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលី បន្តណែនាំមិនអោយជនជាតិអូស្ត្រាលី ពាក់ព័ន្ធនឹងជំនួញក្នុងការរៀបចំការពពោះជំនួសនៅកម្ពុជា។ បទបញ្ជាករណីពពោះជំនួសជាបញ្ហារបស់រដ្ឋាភិបាលកម្ពុជា។ ស្ថានទូតអូស្ត្រាលី ធ្វើការជាមួយអាជ្ញាធរកម្ពុជា ដើម្បីស្វែងរកការពិតសម្រាប់បុគ្គលដែលបានរៀបចំការពពោះជំនួសនៅមុនពេលដែលការហាមឃាត់ចូលជាធរមាន។ បើទោះជាយ៉ាងណា អាជ្ញាធរកម្ពុជា បញ្ជាក់ថា នៅរង់ចាំចម្លើយផ្លូវការពីរដ្ឋាភិបាលអូស្ត្រាលី និងថា អាចនឹងមានការជួបប្រជុំគ្នាបន្តទៀតពីករណីនេះ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេងធ្លាប់ត្រូវសារព័ត៌មានស្រង់ប្រសាសន៍មកផ្សព្វផ្សាយថា ក្រសួងណែនាំអោយអាជ្ញាធររឹតបន្តឹងចំពោះបម្រាមលើការពពោះជំនួសនេះ នៅពេលដែលពុំទាន់មានច្បាប់សម្រាប់ការអនុវត្ត។

ទាក់ទិនការពពោះជំនួសនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ធ្លាប់លើកឡើងពីតម្រូវការច្បាប់ទាក់ទងនឹងការពពោះជំនួស និងដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស។

បើទោះជាយ៉ាងនេះក្ដី ចំពោះអ្នកការពារសិទ្ធិមនុស្សលើកឡើងថា ការពពោះជំនួសជាទង្វើរំលោភសិទ្ធិមនុស្ស។ ប្រធានផ្នែកប្រធានគ្រប់គ្រងការិយាល័យស៊ើបអង្កេតសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថា បទដ្ឋានច្បាប់អន្តរជាតិបានហាមប្រាមចំពោះការពពោះជំនួស៖ «»។

អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង អោយដឹងទៀតថា នៅពេលនេះរដ្ឋាភិបាលកំពុងសិក្សាពីតម្រូវការច្បាប់ និងផលប៉ះពាល់នានាពីការពពោះជំនួសនេះ៖ «»។ អ្នកស្រីបញ្ជាក់ថា ក្នុងពេលដែលពុំមានច្បាប់នេះ ចំណាត់ការបន្ទាន់គឺការទប់ស្កាត់ការជួញដូរមនុស្ស និងអំពើរំលោភច្បាប់ដទៃទៀត ដែលកើតចេញពីការពពោះជំនួសនេះ៕

website_news/2016261104.txt · Last modified: 2017/03/16 12:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki