website_news:2016261106

ថៃចុះធ្វើរដ្ឋបាលចាប់ខ្មែរ៣៥នាក់ដែលទៅធ្វើការងារនៅស្រុកអារញ្ញខេត្តស្រះកែវ

(http://www.rasmeinews.com) ដោយ ៖ហូសាន់ ថ្ងៃទី 26 វិច្ឆិកា 2016 ម៉ោង 09:03:AM

(បន្ទាយមានជ័យ)៖ អាជ្ញាធរថៃក្រោយចុះធ្វើរដ្ឋបាលនៅក្នុងស្រុកអារញ្ញខេត្តស្រះកែវប្រទេសរបស់គេបានចាប់ខ្លួនពលរដ្ឋខ្មែរចំនួន៣៥នាក់ដែលបានទៅធ្វើការងារនៅទៅនោះ។ ប្រតិបត្តិការបានធ្វើឡើងនៅផ្សាររុងក្លឿក្នុងភូមិតុងងូឃុំប៉ារ៉ៃជាប់ព្រំប្រទល់ដែនកម្ពុជាជិតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០១៦។ ប្រភពព័ត៌មានបានឲ្យដឹងថាពលករខ្មែរ៣៥នាក់ក្នុងចំណោម៥៨៥នាក់ដែលបានទៅធ្វើការងារនៅក្នុងស្រុកអារញ្ញខេត្តស្រះកែវប្រទេសថៃ ត្រូវបានក្រុមតម្រួតថៃចាប់ខ្លួន បន្ទាប់ពីរកឃើញពួកគេពុំមានឯកសារបញ្ជាក់ថាជាពលករស្របច្បាប់។ការឃាត់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីក្រុមសមត្ថកិច្ចថៃមកពីខេត្តស្រះកែវបានចុះធ្វើរដ្ឋបាលនៅផ្សាររុងក្លឿក្នុងភូមិតុងងូ ឃុំប៉ារ៉ៃ និងទីតាំងមួយចំនួនទៀតក្នុងស្រុកអារញ្ញតែមួយជាប់ព្រំប្រទល់ដែនកម្ពុជាជិតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

អាជីវករខ្មែរក្នុងផ្សាររុងក្លឿ បានឲ្យដឹងថា៖“ខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងអាជីវករខ្មែរផ្សេងទៀតដែលមានឯកសារនិងសៀវភៅបន្ទុកការងារជាអាជីវករនៅផ្សាររុងក្លឿ និងមានលិខិតឆ្លងដែន និងឯកសារផ្សេងទៀតរួមទាំងប័ណ្ណប៉ាតង់អាជីវកម្មត្រឹមត្រូវគឺគ្មានបញ្ហាអីនោះទេ។ ដោយឡែកពលករខ្មែរយើងចំនួន៣៥នាក់ក្នុងនោះស្រី២៥នាក់ ត្រូវបានចាប់បញ្ជូនខ្លួនទៅកាន់ស្នងការតម្រួតខេត្តស្រះកែវ ដោយសារពួកគេពុំមានឯកសារអ្វីទាំងអស់ដែលបញ្ជាក់ថាជាពលករមិនស្របច្បាប់”។

អាជីវករបានបន្តថា៖“បើតាមការអះអាងរបស់តម្រួតថៃម្នាក់ប្រចាំស្រុកអារញ្ញ ពួកគេទាំង៣៥នាក់អាចប្រឈមនឹងការឃុំខ្លួនពីមួយសប្ដាហ៍ទៅមួយខែ មុនពេលបញ្ជូនមកកម្ពុជាវិញ ដោយចោទប្រកាន់ពីបទចូលមករស់នៅនិងធ្វើការក្នុងប្រទេសថៃខុសច្បាប់”។ប្រភពដដែលបានបន្តថាក្នុងប្រតិបត្តិការនោះសមត្ថកិច្ចថៃក៏បានរឹបអូសម៉ូតូចំនួន២៣គ្រឿង និងម៉ូតូកង់បី២០គ្រឿងរបស់ពលករនិងអាជីវករខ្មែរដែលរកស៊ីដឹកទំនិញក្នុងផ្សារ យកទៅកាន់ទីស្នាក់ការមួយក្នុងស្រុកក្លងហាត ខេត្តស្រះកែវ ដើម្បីឲ្យមន្ត្រីស្រាវជ្រាវរកឯកសារផ្លូវច្បាប់។ប្រភពបានបន្តថា“បើតាមមន្ត្រីម្នាក់ដែលចុះត្រួតពិនិត្យនៅក្នុងប្រតិបត្តិការនេះដែរ បានប្រាប់ថា បើពួកយើងមានឯកសារយកទៅផ្ទៀងផ្ទាត់ ហើយបើត្រឹមត្រូវតាមផ្លូវច្បាប់ ពួកគេនឹងប្រគល់ឲ្យវិញ បើគ្មានទេអាជ្ញាធរនឹងរឹបអូសយកធ្វើជាសម្បត្តិរដ្ឋ”។

ពាក់ព័ន្ធនឹងករណីនេះ លោក ប៊ុន សុខវិបុល អគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវប្រទេសថៃ មិនអាចទាក់ទងសុំការបំញ្ជាក់បាននៅឡើយទេកាលពីរសៀលថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៦៕S

website_news/2016261106.txt · Last modified: 2017/03/16 12:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki