website_news:2016261201

លោក ឡុង ឌីម៉ង់ ពិភាក្សានឹងភាគីកូរ៉េ ពាក់ព័ន្ធ ការបញ្ជូនពលករ មកធ្វើការ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ

(http://dap-news.com/kh) សុក្រ, ២៣ ធ្នូ ២០១៦ 09:24 ដោយ: ស៊ាន កុសល ID:013

ភ្នំពេញ៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ អមដំណើរដោយ ក្រុមទីប្រឹក្សាការងារស្ថានទូត បានជួបពិភាក្សាការងារ ជាមួយ លោក Park Young Boom ប្រធាន និងលោក Woo bong woo អគ្គនាយក អង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស របស់ សាធារណរដ្ឋកូរ៉េ (HRD-korea) ក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ និងការបញ្ជូនពលករខ្មែរ ទៅធ្វើការនៅប្រទេសកូរ៉េ តាមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS)។

បើតាមលោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា ក្នុងកិច្ចពិភាក្សា បានផ្តោតទៅលើការពង្រឹង កិច្ចសហការ រវាងស្ថានឯកអគ្គរាជទូត និងថ្នាក់ដឹកនាំ HRD អោយកាន់តែស្អិតរមួត និងបញ្ហាពាក់ព័ន្ធរបស់ពលករកម្ពុជា កំពុងជួបប្រទះ ជាមួយនឹងសំណូមពរ ដល់ប្រធានអង្គភាព អភិវឌ្ឍន៍ធនធានមនុស្ស (HRD)។

លោកឯកអគ្គរាជទូត បានបញ្ជាក់បន្ថែមទៀត ថា “ក្នុងការពិភាក្សានោះ រួមមាន ស្នើសុំបន្ដផ្ដល់ការបណ្ដុះបណ្ដាល ឲ្យកាន់តែមានប្រសិទ្ធិភាព អំពីច្បាប់ការងារ ពាក់ព័ន្ធនឹងពលករបរទេសដល់ ថៅកែ-មេការ ជាពិសេស ក្នុងវិស័យកសិកម្ម, បន្ដពង្រឹងការធ្វើអធិការកិច្ច នៅតាមរោងចក្រ ឬកសិដ្ឋាន, ចាត់វិធានការ និងដាក់ពិន័យចំពោះថៅកែ ឬមេការ ដែលបានប្រើប្រាស់ ពលករខុសច្បាប់ការងារ, បន្ដបង្កើនការជ្រើសរើសពលករកម្ពុជា មកធ្វើការនៅសាធារណរដ្ឋកូរ៉េ និងបន្ដរៀបចំបណ្ដុះបណ្ដាល លើកទឹកចិត្តពលករ ចាកចេញដោយស្ម័គ្រចិត្ត និងអភិវឌ្ឍន៍សមត្ថភាព ពលករមានជាអាទិ៍ Happy return program…ជាលទ្ធផល សំណើររបស់ស្ថានទូត ត្រូវបានប្រធានអង្គភាពអភិវឌ្ឍន៍ ធនធានមនុស្ស (HRD) ទទួលយកទៅពិនិត្យ និងដោះស្រាយ”។

ជាមួយគ្នានោះដែរ ស្ថានឯកអគ្គរាជទូតកម្ពុជា បានបញ្ជាក់ថា នឹងបន្តទំនាក់ទំនង និងពិភាក្សា ជាមួយអជ្ញាធរកូរ៉េ ពាក់ព័ន្ធក្នុងគោលបំណង លើកកំពស់លក្ខខណ្ឌការងារ និងសុខមាលភាពពលករ អោយកាន់តែល្អប្រសើរឡើង៕

website_news/2016261201.txt · Last modified: 2017/03/17 13:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki