website_news:2016261203

ក្រសួងការបរទេសជួយមាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរចំនួន១១នាក់ ពីប្រទេសម៉ាឡេស៊ី

(http://www.rasmeinews.com/local) ដោយ ៖វាសនា ថ្ងៃទី 26 ធ្នូ 2016 ម៉ោង 01:27:PM

(ភ្នំពេញ)៖សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃចន្ទទី២៦ធ្នូនេះបានអោយដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានរៀបចំមាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរចំនួន១១នាក់ ដូចខាងក្រោម៖ ១. អ៊.ស.ជ ភេទស្រី អាយុ២២ឆ្នាំ មកពីស្រុកឆ្លូង ខេត្តក្រចេះ,២. ឆ.ប ភេទប្រុស អាយុ១៧ឆ្នាំ មកពីស្រុកបាទី ខេត្តតាកែវ,៣. រ.ម៉ ភេទប្រុស អាយុ៣០ឆ្នាំ មកពីស្រុកដំបែរ ខេត្តត្បូងឃ្មុំ,៤. រ.ប.ស ភេទប្រុស អាយុ២១ឆ្នាំ មកពីស្រុកដំបែរ ខេត្តត្បូងឃ្មុំ,៥. ភ.ច ភេទប្រុសអាយុ២៦ឆ្នាំ មកពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ,៦. ស.ស ភេទប្រុសអាយុ៣១ឆ្នាំ មកពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ,៧. ផ.ស.វ ភេទប្រុស អាយុ២៨ឆ្នាំ មកពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ,៨. គ.ល ភេទប្រុស អាយុ២២ឆ្នាំ មកពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ,៩. ស.ច.ណ ភេទប្រុស អាយុ២៧ឆ្នាំ មកពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ពលករ-ពលការិនីទាំង០៩នាក់ខាងលើ ត្រូវបានមិត្តភក្តិនាំទៅធ្វើការខុសច្បាប់នៅរោងចក្រ ប្លាស្ទីកក្នុងប្រទេសម៉ាឡេស៊ីកាលពីខែមិថុនា ឆ្នាំ២០១៦។ ដោយធ្វើការលំបាក ពួកគេបានទៅស្ថានទូត នៅថ្ងៃទី១៩ ខែធ្នូ ស្នើសុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ស្ថានទូតបានសម្របសម្រួលដោះស្រាយជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី។

១០. ពលការិនីខ្មែរឈ្មោះ ក.ស.រ អាយុ៣០ឆ្នាំ មកពីស្រុកត្រាំកក់ ខេត្តតាកែវ បានទៅម៉ាឡេស៊ីធ្វើការងារផ្ទះ ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា ។ ដោយធ្វើការលំបាក នាងបានទៅស្ថានទូតនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ស្នើសុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ នៅល្ងាចថ្ងៃទី២២ ខែធ្នូ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត និយោជករបស់ពលការិនី ក.ស.រ បានយល់ព្រមប្រគល់លិខិតឆ្លងដែន និងសំបុត្រយន្តហោះដល់នាង។ ពលករ-ពលការិនីចំនួន១០នាក់ ខាងលើ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១៦:០០នាទី តាមជើងយន្តហោះ AK534 ។

១១. ពលការិនី រ.ស.រ អាយុ២៨ឆ្នាំ មកពីខេត្តបាត់ដំបង បានទៅធ្វើការងារតាមផ្ទះក្នុងប្រទេសម៉ាឡេស៊ី ពីខែធ្នូ ឆ្នាំ២០០៩តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ កិច្ចសន្យាការងាររបស់ពលការិនី ត្រូវផុតកំណត់ក្នុងខែធ្នូ ឆ្នាំ២០១៦នេះហើយនាងមានបំណងវិលត្រឡប់មកកម្ពុជាវិញ។ តាមការស្នើសុំ របស់ស្ថានទូត និយោជកបានប្រគល់ជូនពលការិនីនូវប្រាក់ខែរបស់នាងទាំងអស់ចំនួន៩០០០ដុល្លារអាមេរិក លិខិតឆ្លងដែន និងសំបុត្រយន្តហោះ ។ពលការិនី រ.ស.រ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១៧:៣០នាទីតាមជើងយន្តហោះ MH762 ។

ក្នុងអំឡុងពេលរង់ចាំត្រឡប់មកកម្ពុជា ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគជូនដល់ ពលករ-ពលការិនីទាំង១១នាក់ ផងដែរ៕

website_news/2016261203.txt · Last modified: 2017/03/17 13:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki