website_news:2016270101

ទូតខ្មែរដោះស្រាយបញ្ហាដំឡើងប្រាក់ឈ្មួលជូនពលករខ្មែរស្របច្បាប់ចំនួន២៦០នាក់ និងជួយស្ត្រីខ្មែរ រងគ្រោះ៣នាក់ វិលត្រឡប់មកប្រទេសវិញ

(http://bayontv.com.kh/ 27/01/2016)

ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចំនួន៣ បានជួយដោះស្រាយបញ្ហាដំឡើងប្រាក់ឈ្មួលជូនពលករស្របច្បាប់ចំនួន២៦០នាក់ និងជួយស្រីខ្មែរ៣នាក់ ដែលរងគ្រោះ បានឲ្យវិលត្រឡប់មកមាតុភូមិវិញ ។នេះបើយោងតាមការបញ្ជាក់ពី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ជុំ សុន្ទរី នាថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៦ ។ លោក ជុំ សុន្ទរី បានបញ្ជាក់ថា ស្ថាន- ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៦ បានចុះ ទៅអន្តរាគមន៍ដោះស្រាយបញ្ហាដំឡើងប្រាក់ឈ្នួល ជូនពលករខ្មែរស្របច្បាប់ចំនួន២៦០នាក់ ដែលធ្វើការនៅការដ្ឋានសាងសង់ក្នុងឃុំបាងវួរ ស្រុកបាងស្ម័គ្រ ខេត្តឆាក់ឆឹងសៅ(Chachoengsao) ប្រទេសថៃ ហើយទទួលរងនូវការរំលោភបំពានពីសំណាក់និយោជកនៃក្រុមហ៊ុនសំណង់ឈ្មោះ POTEAM BUILDER CO., LTD ។

បន្ទាប់ពីមានជំនួបប្រជុំរវាងតំណាងស្ថានទូត តំណាងមន្ទីរការងារខេត្តឆាក់ឆឹងសៅ តំណាងនិយោជក និងតំណាងពលកររួចមក ជាលទ្ធផលតំណាងនិយោជកបានឯកភាព ដំឡើងប្រាក់ឈ្នួល ៣០០ បាត ក្នុងមួយថ្ងៃស្មើៗគ្នាសំរាប់បុរស និងស្ត្រី និងយល់ព្រមប្រគល់ លិខិតឆ្លងដែនជូនពលករវិញ។ អ្នកនាំពាក្យរូបនេះ បានបន្ដទៀតថា ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងក្វាងចូវ ប្រទេសចិន ក៏បានអន្តរាគមន៍ជួយស្ត្រីខ្មែរ រងគ្រោះចំនួន០២នាក់ ដែលត្រូវប្ដីធ្វើបាប ទី១.ឈ្មោះ ហួន ស្រីតូច អាយុ ២៨ ឆ្នាំ រស់នៅភូមិពង្រ ឃុំពង្រ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ទី២. សេង សា អាយុ ២៨ ឆ្នាំ រស់នៅភូមិសណ្ដាន់ ឃុំបាជ័យ ខេត្តកំពង់ធំ។ លោក បន្ដថា ស្ដ្រីខ្មែររងគ្រោះទាំងពីរនាក់ ហួន ស្រីតូច និង សេង សា នឹងមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៦ វេលាម៉ោង ១៣:៣០ នាទី រសៀល តាមជើងយន្តហោះ CZ 6059។ លោក ជុំ សុន្ទរី បានបញ្ជាក់ទៀតថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែរចំនួន០១នាក់ ឈ្មោះ សុខ សាន អាយុ ២៤ ឆ្នាំ នៅភូមិកំប៉ី ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលបានទៅធ្វើការជាអ្នកបោសសំអាតនៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៤ ហើយជួបប្រទះនឹងការលំបាកក្នុងការងារ អោយបានត្រឡប់មកកម្ពុជាវិញ ។

តាមការតវ៉ាពីស្ថានទូតនៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៦ ថៅកែបានយល់ព្រមបើកប្រាក់ខែ គ្រប់ចំនួនអោយពលការិនី សុខ សាន។ កំឡុងពេលរង់ចាំការត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងហូប ចុកជូនដល់ពលការិនី រូបនេះ ។ លោក បន្ដទៀតថា ពលការិនី សុខ សាន បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៦ វេលាម៉ោង ០៤: ០០ រសៀល តាមជើងយន្តហោះ AK ៥៣៤៕

thailand_លោក_ជុំ_សុន្ទរី

website_news/2016270101.txt · Last modified: 2017/02/24 15:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki