website_news:2016270104

ក្រុមជនភៀសខ្លួនប្រមាណ ៥០០នាក់បានមកដល់កោះ Lesvos ខណៈអាកាសធាតុប្រសើរជាងមុន

(http://bayontv.com.kh/ 27/01/2016)

ក្រិក៖ ទូកផ្ទុកពេញដោយជនភៀសខ្លួនបានឆក់ឱកាសមកកាន់ដែនដីលើកោះ Lesvos របស់ប្រទេសក្រិកកាលពីម្សិលមិញ ខណៈភ្លៀង និងខ្យល់ស្ងប់។ ទូកចំនួន ១២គ្រឿងនាំជនភៀសខ្លួនប្រមាណ ៥០០នាក់ មកដល់លើឆ្នេរសមុទ្រពីម៉ោង 03:00 ដល់ 13:00 កាលពីម្សិលមិញ។ គ្មានទូកជនភៀសខ្លួនណាមួយបានមកដល់ទេ អំឡុង២ថ្ងៃមុនដោយសារព្យុះនៅតែបក់បោក និងរលកខ្ពស់ៗ។ ទូកមួយគ្រឿងបានមកដល់ឆ្នេរសមុទ្រក្នុងទីក្រុង Mytilene ដែលជារដ្ឋធានី និងជាកំពង់ផែនៃកោះ Lesvos នៅម៉ោងប្រមាណ 11:00 បន្ទាប់ពីរសាត់លើសមុទ្រ រយៈពេល១ ម៉ោង២០នាទី។ ទូកនេះបានអណ្ដែតជាង ១០នាទីក្នុងទឹកចំងាយប្រមាណ 300 ទៅ 400ម៉ែត្រ ពីច្រាំងសមុទ្រ។ អ្នកដំណើរនៅលើទូកទទឹកខ្លួនជោគដោយសារ រលកសមុទ្រអំឡុងធ្វើដំណើរដ៏លំបាក។ ប៉ុន្តែអ្នកដំណើរម្នាក់ភៀសខ្លួនពីប្រទេសស៊ីរីបាននិយាយថា ទោះការធ្វើដំណើរ នៅលើដែនសមុទ្រមានគ្រោះថ្នាក់យ៉ាងណាក៏ដោយ តែវាអាចនាំពួកគេទៅកាន់ទីសុវត្ថិភាពគ្មានសង្គ្រាម និងការកាប់សម្លាប់គ្នា។ ក្រិកបានទទួលជនភៀសខ្លួន និងជនអន្តោប្រវេសន៍ខុសច្បាប់ជាង ៨សែននាក់ មកពីប្រទេសតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងកាលពីឆ្នាំមុន ហើយជាងកន្លះលាននាក់បានមកដល់កោះ Lesvos មុនពេលឆ្លងចូលទៅកាន់ប្រទេសផ្សេងៗទៀតរបស់អឺរ៉ុប៕

website_news/2016270104.txt · Last modified: 2017/02/24 15:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki