website_news:2016270404

ពលករខ្មែរនៅតែប្រឈមនឹងគ្រោះថ្នាក់ពីការឆ្លងដែន

(http://beta.nokorwatnews.com) Wednesday , 27 April 2016

ខេត្តបាត់ដំបង ៖ពលរដ្ឋរស់នៅក្បែរច្រកអូរបីជាន់ ស្រុកអូរជ្រៅ គឺកញ្ញា នី សានិត ថ្លែងថាពលករខ្មែរមកពីតាមបណ្ដាខេត្តរាប់រយនាក់ នាំគ្នាដេកក្រោមដើមឈើតាមមាត់អូរព្រំដែនក្បែរច្រករបៀងអូរបីជាន់ ដើម្បីរង់ចាំមេខ្យល់នាំពួកគេឆ្លងដែនទៅប្រទេសថៃ។ កញ្ញាអះអាងថា ពលករខ្លះបានមកស្នាក់នៅប្រមាណមួយសប្ដាហ៍ហើយ មិនទាន់បានចេញទៅប្រទេសថៃ នៅឡើយ ហើយថា ពលករមួយចំនួនបានប្រាប់កញ្ញាថា ពួកគេធ្វើចំណាកស្រុកទាំងប្រថុយប្រថានដោយខុសច្បាប់ ។

ឆ្លើយតបនឹងបញ្ហានេះនាយរងសេនាធិការ ទាហានភូមិភាគ៥ ប្រចាំការនៅជាយដែន ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ក្រោយពីបុណ្យចូលឆ្នាំ ខ្មែររួច គឺពុំមានពលករធ្វើចំណាកស្រុកទៅប្រទេសថៃតាមច្រករបៀងខុសច្បាប់ដូចការលើកឡើងរបស់ប្រជាពលរដ្ឋឡើយ ។ លោកអះអាងថា អាជ្ញាធរពាក់ព័ន្ធ ជា ពិសេសទាហានភូមិ៥បានយកចិត្តទុកដាក់ ការពារយ៉ាងតឹងតែងទាំងយប់ថ្ងៃមិនឲ្យពលរដ្ឋខ្មែរឆ្លងដែនទៅប្រទេសថៃ ដោយគ្មាន ច្បាប់នោះឡើយ ។ លោកទទួលស្គាល់ថា ពលរដ្ឋឆ្លងដែន ទៅប្រទេសថៃដោយខុសច្បាប់ ប្រឈមមុខ នឹងគ្រោះថ្នាក់ដល់អាយុជីវិត ហើយត្រូវ សមត្ថកិច្ចថៃចាប់ដាក់គុកច្រវាក់ទៀតផង ។

អ្នករត់ម៉ូតូឌុបនៅច្រកអន្តរជាតិដូង ស្រុក កំរៀង គឺលោក ប្រាក់ ថន អះអាងថាពលករ ធ្វើចំណាកស្រុកដោយខុសច្បាប់តាមច្រកទ្វារអន្តរជាតិដូង ក្នុងមួយថ្ងៃប្រមាណ ៣ពាន់នាក់។ លោកបន្ថែមថា ពលករចូល ទៅប្រទេសថៃ ភាគច្រើនក្នុងរូបភាពទិញសំបុត្រឆ្លងដែនម្នាក់ប្រមាណ១០០បាត ឬ ប្រមាណ១ម៉ឺន២ពាន់រៀល ហើយចេញទៅធ្វើការតាមរយៈមេខ្យល់នៅទីក្រុងបាងកក និងខេត្តជាប់ទីក្រុងបាងកក ។ ទោះបីជា យ៉ាងណាពលករភាគច្រើនពួកគេមិនចង់ធ្វើចំណាកស្រុកទៅប្រទេសថៃ ដោយខុស ច្បាប់នោះទេប៉ុន្តែដោយសារគ្មានជម្រើស។ ម្យ៉ាងទៀតពួកគេគ្មានប្រាក់សម្រាប់ធ្វើលិខិត ឆ្លងដែនដែលមានតម្លៃខ្ពស់ និងពិបាកធ្វើទិដ្ឋា ការសម្រាប់ធ្វើការងារស្របច្បាប់ជាដើម។ ប្រហែលជាដោយសារបញ្ហាទាំងនេះហើយ ដែលជាឧបសគ្គសំខាន់ជំរុញឲ្យពលរដ្ឋខ្មែរសម្រេចចិត្តធ្វើចំណាកស្រុកទៅប្រទេសថៃដោយខុសច្បាប់ ៕ ហេង នរិន្ទ្រ

website_news/2016270404.txt · Last modified: 2017/02/28 14:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki