website_news:2016270405

ពលករម្នាក់ បង់លុយឲ្យប៉ូលិសជិតឬជាង១០ម៉ឺនរៀល ដើម្បីឆ្លងដែន

(http://www.arey-news.com) គេហទំព័រអរិយធម៌ (ថ្ងៃទី 27 April 2016 ម៉ោង 9:41 am)

ខ្សឹប ៖ ពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ តាមច្រកទ្វារអន្តរជាតិព្រំ បានខ្សឹបតាមគេហទំព័រសារព័ត៌មានអរិយធម៌ថា ពួកគាត់ក្នុងម្នាក់ត្រូវបង់លុយជូនលោកប៉ូលិសការិយាល័យអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិព្រំជិតឬជាង១០ម៉ឺនរៀល បើមិនបង់តាមការទាមទារទេ កុំសង្ឃឹមបានចូលទៅធ្វើការងារនៅប្រទេសថៃឲ្យសោះ។

ពលករទាំងនោះខ្សឹបឲ្យឮទៀតថា ពួកគាត់ភាគច្រើនអត់មានលិខិតឆ្លងដែន ឬលិខិតការងារទេ គឺពួកគាត់ត្រូវរ៉ូវគ្នាជាមួយថៅកែថៃ ចាំទទួលនៅប្រទេសរបស់គេ ហើយថៅកែថៃ ឬក៏មេខ្យល់ ត្រូវរ៉ូវគ្នាជាមួយលោក សួស សុខដារ៉ា ប្រធានការិយាល័យប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិព្រំ ដោយបង់លុយជូនមេប៉ុស្តិ៍ក្នុងម្នាក់៨ម៉ឺនរៀល។ បន្ទាប់ពីបង់លុយហើយ ពួកគាត់ត្រូវប៉ូលិសណែនាំមិនឲ្យស្ពាយវ៉ាលីសចូលទៅទេ ព្រោះខ្លាចគេសង្ស័យ ដោយតម្រូវឲ្យដាក់តាមម៉ូតូកង់បីអស់លុយ៣ទៅ៤ម៉ឺនរៀលទៀត។

ពលករបានខ្សឹបបន្ថែមថា អ្វីដែលប៉ូលិសអន្តោប្រវេសន៍លេងល្បែងថ្ពិនភ្នែកនោះ គឺពួកគាត់(ពលករ) គ្មានលិខិតឆ្លងដែនទេ ហើយក៏គ្មានលិខិតការងារដែរ តែប៉ូលិសឲ្យទិញសំបុត្រចូលទៅដើរលេងមានរយៈពេល១ថ្ងៃ ហើយសំបុត្រនេះលក់តាមធម្មតា១ពាន់រៀល តែដោយពួកគេលេងល្បែងថ្ពិនភ្នែកចូលទៅដោយខុសច្បាប់ គឺលក់សំបុត្រ១សន្លឹក១ម៉ឺនរៀល។ អ៊ីចឹងពលករត្រូវអស់លុយទិញសំបុត្រ១ម៉ឺនរៀល ហើយថៅកែថៃបង់ជួស៨ម៉ឺនរៀល និងពលករចេញថ្លៃដឹកវ៉ាលីស៤ម៉ឺនរៀលទៀត ឃើញថា អស់ច្រើនដែរ។

ពលករបានបន្តថា ឥឡូវភាគីខាងថៃ គេលែងទទួលស្គាល់ (Border Pass) ឲ្យពលករស្នាក់នៅនិងធ្វើការទៀតហើយ បើពលករណានៅប្រើលិខិតនេះច្បាស់ជាចាប់ដាក់គុក ឬបញ្ជូនមកស្រុកកំណើតវិញ ដូច្នេះសូមប៉ូលិសអន្តោប្រវេសន៍ឈប់ចេញប័ណ្ណ Border Pass ឲ្យពលករទៀត ព្រោះត្រូវអស់លុយហើយ ប្រើការមិនបានទេ ចង់មិនចង់ពលរដ្ឋខ្មែរជាប់គុក ដោយសារលិខិត Border Pass នេះឯង។ ចាប់តាំងពីចូលឆ្នាំខ្មែររួច ពលករទៅពីខេត្តពោធិ៍សាត់ ព្រៃវែង បាត់ដំបង តាកែវ ស្វាយរៀង នាំគ្នាសម្រុកទៅធ្វើការនៅប្រទេសថៃ ដោយគ្មានលិខិតឆ្លងដែន ឬលិខិតការងារ តែពលករអាងត្រូវរ៉ូវគ្នាជាមួយលោក សួស សុខដារ៉ា ប្រធានការិយាល័យប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិព្រំ ហើយលោកមេប៉ុស្តិ៍នេះ កំពុងត្រូវប៉ាន់ខ្លាំងណាស់។

ទោះជាយ៉ាងណាក្តីគេមិនដឹងថា ការខ្សឹបនេះពិតក្នុងកម្រិតណានោះទេ ព្រោះមិនអាចសុំការពន្យល់ពីលោក សួស សុខដារ៉ា បានទេ កាលពីម្សិលមិញ៕ ដោយ ៖ ឧត្តម

website_news/2016270405.txt · Last modified: 2017/02/28 14:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki