website_news:2016270501

សម្តេច ហ៊ុន សែន អំពាវនាវឲ្យសមត្ថកិច្ច និងប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ ចំពោះការសុំកូនខ្មែរទៅចិញ្ចឹម នៅក្រៅប្រទេស ខ្លាចមានករណីជូញដូរសរីរាង្គ

(http://www.freshnewsasia.com) គេហទំព័រហ្វេស្វញូវ 2016-05-27

(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានបញ្ជាក់នៅលើ Facebook Page នៅថ្ងៃនេះ ដោយអំពាវនាវឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ ចំពោះការសុំកូនខ្មែរ ទៅចិញ្ចឹមក្រៅប្រទេស លើករណីជូញដូរសរីរាង្គ។ ការបញ្ជាក់ពីសំណាក់របស់សម្តេចតេជោ បានធ្វើឡើង បន្ទាប់ពីគណៈរដ្ឋមន្រ្តី បានប្រកាសពីការអនុម័តច្បាប់ ស្តីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុង Comment ជាមួយប្រជាពលរដ្ឋ នៅ Facebook Page ដោយមានខ្លឹមសារថា «ចំពោះការបរិច្ចាគ សរីរាង្គដូចជាការ ប្តូរក្រលៀនដើម្បីសង្រ្គោះជីវិតមនុស្សជាដើម គឺប្រទេសយើងក៏មានអ្នកឯកទេសធ្វើបានដែរ ប៉ុន្តែត្រូវធ្វើឲ្យបាន ត្រឹមត្រូវតាមច្បាប់ប្រទេស ដោយមានការស្ម័គ្រចិត្ត។ ទន្ទឹមនឹងនេះយើង ក៏ត្រូវប្រុងប្រយ័ត្នចំពោះការសុំកូនខ្មែរទៅក្រៅប្រទេស ដែលអាចមានករណីខ្លះគឺយកទៅប្តូរសរីរាង្គអ្វីមួយ ដែលជាការជួញដូរកេងប្រវ័ញ្ចលើកុមារ ដូច្នេះសូមអាជ្ញធរសមត្ថកិច្ច និងប្រជាពលរដ្ឋប្រុងប្រយ័ត្នបំផុត»។

គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងលើការបរិច្ចាក ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស ត្រូវបានអង្គប្រជុំគណៈរដ្ឋមន្ត្រី អនុម័ត ទាំងស្រុងដោយគ្មានការកែប្រែឡើយ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ៕

website_news/2016270501.txt · Last modified: 2017/03/02 14:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki