website_news:2016270502

សមត្ថកិច្ចចាប់ស្ត្រីម្នាក់ពាក់ព័ន្ធករណីនាំស្រីក្មេងទៅឲ្យដេកជាមួយភ្ញៀវ

(http://www.rasmeinews.com) គេហទំព័ររស្មីកម្ពុជា ៖ ហូសាន់ ថ្ងៃទី 27 ឧសភា 2016 ម៉ោង 08:56:AM

កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបដោយចាប់ស្ត្រីម្នាក់ជាប់ពាក់ព័ន្ធករណីនាំស្រីវ័យក្មេងៗ ព្រហ្មចារីយ៍ទៅឲ្យដេកជាមួយភ្ញៀវក្នុងតម្លៃពី ១.៥០០ដល់ ២.៥០០ដុល្លារ តែនាងៗបានទទួលត្រឹមតែ ២០០ដុល្លារប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍ត្រី លី ឡាយ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងនៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ថា កាលពីថ្ងៃទី២៣ ខែឧសភា លោកបានដឹកនាំកម្លាំង ចុះបង្ក្រាបជាក់ស្ដែង ករណីជួញដូរព្រហ្មចារីយ៍ក្មេងស្ត្រី ជួញដូរផ្លូវភេទលើស្ដ្រីនិងកុមារីដែលជនសង្ស័យកំពុងនាំក្មេងស្រីយកទៅលក់ព្រហ្មចារីយ៍នៅចំណុចផ្លូវជាស៊ីមកែងផ្លូវចូលរមណីយដ្ឋានបឹងបៃតង ក្នុងភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោកឧត្តមសេនីយ៍បានបន្ដថា ក្រោមការសម្របសម្រួលពីលោក កុល បុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រតិបត្តិការនេះ កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លូនជនសង្ស័យស្ត្រីជាម៉ែយ៉ែម(មេបន)ម្នាក់ឈ្មោះ អេង បុប្ផា ហៅម៉ោច អាយុ៣២ឆ្នាំ និងបានជួយសង្គ្រោះនារីរងគ្រោះ៤នាក់ទៀតមានទី១ឈ្មោះ ប. ស. គ អាយុ១៥ឆ្នាំ ទី២ឈ្មោះ ម. ព .ន អាយុ១៧ឆ្នាំ ទី៣ឈ្មោះ ស .ន. អាយុ១៨ឆ្នាំ និងទី៤ឈ្មោះ ទ .ស. ម .អាយុ២៣ឆ្នាំ ព្រមទាំងដកហូតបានលុយ១.០០០ដុល្លារផងដែរ។

បើតាមការសាកសួររបស់សមត្ថកិច្ចនារីរងគ្រោះបានប្រាប់ថា ស្ត្រីសង្ស័យជា ម៉ែ យ៉ែម បាននាំពួកគេទៅលក់ឲ្យអនិកជនក្នុងតម្លៃ ១.៥០០ដុល្លារទៅ២.៥០០ដុល្លារ។ ក៏ប៉ុន្ដែនៅពេលដែលពួកគេទៅដេកជាមួយភ្ញៀវរួចមិនទទួលបានលុយដូចម៉ែយ៉ែម និយាយនោះទេ គឺពួកគេទទួលបានតែ២០០ដុល្លារប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍លី ឡាយបានបន្តថាស្ត្រីសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើសញ្ចារកម្ម ពាក់នឹងការជួញដូរព្រហ្មចារីយ៍ និងជួញដូរផ្លូវភេទពិតប្រាកដមែន។ ក្រោយពីធ្វើការសាកសួររួចនារីរងគ្រោះទាំង៤នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនមន្ទីសង្គមកិច្ចរាជធានីភ្នំពេញ ចំណែកជនសង្ស័យកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕S.L

website_news/2016270502.txt · Last modified: 2017/03/02 14:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki