website_news:2016270503

ក្រសួងងការងារ គ្រោងរៀបចំការគ្រប់គ្រងពលករនៅក្រៅប្រទេស តាមប្រព័ន្ធបច្ចេកវិទ្យាទំនើប

(http://www.freshnewsasia.com) គេហទំព័រហ្វេស្វញូវ 2016-05-27

(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា ក្រសួងការងារ គ្រោងនឹងរៀបចំការគ្រប់គ្រងពលករកម្ពុជា ដែលទៅធ្វើការនៅក្រៅប្រទេស តាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ដ៏ជាក់លាក់មួយ ទាំងពេលពលករចេញទៅ ទាំងពេលត្រឡប់មកមាតុភូមិវិញ ដើម្បីធានាថា ពួកគេមានលក្ខខណ្ឌការងារល្អ ប្រកបដោយសុវត្ថិភាពការងារខ្ពស់។

ក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈ នៃការយោគយល់គ្នាស្ដីពីការបញ្ជូន និងការគ្រប់គ្រងពលករ រវាងកម្ពុជា និងប្រទេសម៉ាឡេស៊ី កាលពីម្សិលមិញ លោក អ៉ិត សំហេង បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា «ដើម្បីតាមដានស្ថានភាពរបស់ពលករខ្មែរយើង ដែលបានទៅធ្វើការនៅក្រៅប្រទេស និងត្រៀមបញ្ជូនទៅនៅពេលក្រោយទៀត ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត ដែលជាគោលដៅចម្បងមួយ គឺរៀបចំគ្រប់គ្រងពួកគេ តាមប្រព័ន្ធបច្ចេកវិទ្យា អេឡិចត្រូនិចដ៏ទំនើប និងជាក់លាក់មួយ ហេតុនេះហើយ បណ្ដារដ្ឋទទួល ត្រូវតែធានាលក្ខខណ្ឌការងារសមរម្យ ការធានាសុវត្ថិភាពជូនពលករ និងការផ្ដល់ជូននូវប្រាក់ឈ្នួលខ្ពស់ ពីព្រោះក្នុងប្រទេសក៏មានលក្ខខណ្ឌការងារល្អ មិនចាញ់ក្រៅប្រទេសប៉ុន្មានដែរ»។

លោករដ្ឋមន្រ្តីបានបន្ថែមថា ការរៀបចំផែនការខាងលើ មិនមែនសំដៅតែបញ្ជូនពលករទៅក្រៅប្រទេសទេ គឺថែមទាំងសំដៅធ្វើយ៉ាងម៉េច បង្កើតឱ្យមានប្រព័ន្ធធានាសុវត្ថិភាព និងដោះស្រាយបញ្ហាជូនដល់ពួកគេ ដោយសារកន្លងមក មានការរំលោភបំពានលើពលករខ្មែរយើង ដែលទៅធ្វើការនៅក្រៅប្រទេស ហើយក៏មានការជួយសង្គ្រោះជាបណ្ដើរៗហើយដែរ។

សព្វថ្ងៃកម្ពុជាបានបញ្ជូនពលករទៅធ្វើក្រៅប្រទេស បានចំនួន៥ប្រទេស មានប្រទេសថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង ជប៉ុន និងសិង្ហបុរី ក្រៅពីនេះមានប្រទេសដែលបានចុះកិច្ចព្រមព្រៀងហើយ មិនទាន់ធ្វើការបញ្ជូនទៅ មានប្រទេសកាតា អារ៉ាប៊ីសាអូឌីត ជាដើម៕

website_news/2016270503.txt · Last modified: 2017/03/02 14:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki