website_news:2016270506

ជនអន្តោប្រវេសន៍ដែលត្រូវគេជួយសង្គ្រោះក្នុងឧបទ្ទវហេតុលិចទូកបានមកដល់កោះស៊ីស៊ីលីប្រទេសអ៊ីតាលី

(http://bayontv.com.kh) គេហទំព័រវិទ្យុ និងទូរទស្សន៍បាយ័ន្ត 27/05/2016

អ៊ីតាលី៖ នាវាល្បាតមួយគ្រឿងរបស់កងទ័ពជើងទឹកអ៊ីតាលី បានមកដល់ក្នុងកោះស៊ីស៊ីលីប្រទេសអ៊ីតាលីហើយ កាលពីម្សិលមិញជាមួយអ្នកនៅមានជីវិត ពីការលិចទូករបស់ជនអន្តោប្រវេសន៍ ផ្ទុកមនុស្សលើសចំណុះមួយគ្រឿងនៅតំបន់ឆ្នេរសមុទ្រលីប៊ី។ នាវាឈ្មោះថា បេទីកាបានដឹកជញ្ជូនជនអន្តោប្រវេសន៍ចំនួន ៥៤០នាក់នៅលើទូក និងសាកសព ៥នាក់បានមកដល់ទីក្រុងផតូអ៊ីមផេដូក្លេនៃទីក្រុងអាគ្រីជិនតូ លើកោះស៊ីស៊ីលីរបស់ប្រទេសអ៊ីតាលី។ អង្គភាពកងទ័ពជើងទឹកអ៊ីតាលីបានបញ្ចេញរូបភាពវីដេអូមួយ នៃហេតុការណ៍កាលពីថ្ងៃពុធ។ មន្ត្រីនាំពាក្យអង្គភាពកងទ័ពជើងទឹកកោះស៊ីស៊ីលីរបស់អ៊ីតាលី លោក ជីអូវ៉ាន់ណា ឌីបេណេដេតូ បាននិយាយថា មជ្ឈមណ្ឌលសម្រាប់ទទួលជនអន្តោប្រវេសន៍ជាច្រើននៅតែបើក ដើម្បីមើលថែកុមារជាច្រើនដែលបានមកដល់ក្នុងទឹកដីអឺរ៉ុប។ លំហូរចូលនៃជនអន្តោប្រវេសន៍មកពីអាហ្វ្រិកខាងជើង ទៅកាន់ប្រទេសអ៊ីតាលីបានកើនឡើង ខណៈអាកាសធាតុមានស្ថានភាពប្រសើរឡើងជាងមុន ធ្វើឲ្យពួកគេកាន់តែងាយស្រួលធ្វើដំណើរតាមផ្លូវទឹក៕

website_news/2016270506.txt · Last modified: 2017/03/02 14:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki