website_news:2016270602

ថៃអោយខ្មែរឈរថតរូបដូចជនសង្ស័យនិងអ្នកទោស ទើបអនុញ្ញាតឲ្យឆ្លងចូលច្រកព្រំដែនតំបន់ម៉ាឡៃ-ណងព្រឺ

(http://www.cen.com.kh ) ថ្ងៃទី 26 មិថុនា 2016, ម៉ោង 12:29:PM) | ដោយ: បន្ទាយ

ព្រំដែនកម្ពុជា-ថៃ: មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចកម្ពុជាណាចង់ចូលថៃតាមច្រកព្រំដែនតំបន់ម៉ាឡៃ-ណងព្រឺ គឺថៃតម្រូវអោយឈរថតរូបដូចជនសង្ស័យនិងអ្នកទោសជាមួយរថយន្ត ម៉ូតូនិងមធ្យោបាយផ្សេងទៀត។ ទង្វើរបែប នេះរបស់ទាហានឈុតខ្មៅ ឈុតប៉ារ៉ាថៃនៅព្រំដែនណងព្រឺ បានធ្វើមកលើជនជាតិកម្ពុជាជិត១ខែមកហើយ ដែលនេះជាលក្ខខ័ណ្ឌតឹងតែងបិទមិនអោយជនកម្ពុជាចូលថៃតាមច្រកនេះ។បើពលរដ្ឋស៊ីវិលគឺបិទទាំងស្រុងតែម្តង។ អ្នកស្រីឃឹង សុវត្ថនី ប្រធានគណ:កម្មការត្រួតពិនិត្យច្រកទ្វារព្រំដែនតំបន់ម៉ាឡៃប្រាប់គហទំព័រCEN ថ្មីៗនេះថា:“ភាគីថៃមានអនុស្សារណ:នឹងយើង តែពេលគេបិទច្រកម៉ាឡៃ(ហាមមនុស្សនិងរថយន្តចូល)គេអត់ជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនមកយើងទេ។គេអោយកូនទាហានម្នាក់ដើរមកប្រាប់”។

អ្នកស្រីឃឹង សុវត្ថនី និយាយបន្តថា: មុនបិទមិនអោយជនកម្ពុជាចូលថៃបានចាប់រថយន្ត និងមន្ត្រីនគរបាលកម្ពុជា២នាក់នៅប៉ុស្តិ៍ត្រួតពិនិត្យធំមួយតាមផ្លូវពីច្រកណងព្រឺទៅស្រុកអារញ្ញាប្រាថេតហើយហែកចោលលិខិតដែលតម្រួត និងទាហានថៃចេញអោយស្របច្បាប់ពីប៉ុស្តិ៍ណងព្រឺដើម្បីចូលទៅអារញ ។បន្ទាប់មកគេចោទប្រកាន់អ្នកទាំងនោះថាបានឆ្លងដែននិងនាំទំនិញប៉ះពាល់កម្មសិទ្ធិដោយខុសច្បាប់ចូលប្រទេសថៃ។

អ្នកស្រីនិយាយបន្តថា: តមកតម្រួតនិងទាហានឈុតខ្មៅថៃបានរឹតបន្តឹងជនកម្ពុជាចូលថៃ។ពលរដ្ឋស៊ីវិលមិនអោយចូលទេ។ រីឯមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចអោយចូលបាន តែតម្រួតអោយឈរថតរូបមុខឡាន ម៉ូតូដូចជាអ្នកជាប់សង្ស័យ ជនល្មើសឬអ្នកទោស។

ទោះយ៉ាងណាអ្នកស្រីនិយាយថា:“ថៃធ្វើចឹង តែកម្ពុជាយើងធ្វើចិត្តត្រជាក់ៗ អត់ធ្មត់ក៏មិនតបត មិនសងសឹកនិងធ្វើដូចនោះទេ។ដូចមន្ត្រីខ្លះថា ថៃធ្វើចឹង យើងបិទឡានថៃមិនអោយចូលមកដែរព្រោះមួយថ្ងៃៗឡានធំតូចរបស់ថៃចូលតាមច្រកនេះរាប់សិបគ្រឿង។

ឯមន្ត្រីនិងពលរដ្ឋថៃក៏ចូលមករាប់សិបនាក់ដែរ។តែកម្ពុជានៅតែអនុញ្ញាត និងមិនអោយឈរថតរូបដូចអ្នកទោសមុខឡានដែរ។នេះយើងចង់រក្សាភាពអធ្យាស្រ័យ ទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អ។ទោះយ៉ាងណា បើថៃមិនដកយកបម្រាមនោះទៅវិញជាបន្ទាន់ទេ កម្ពុជាសុំរក្សាសិទ្ធិការពារខ្លួននិងកិតិ្តយសរបស់ខ្លួន ហើយអាចបិទច្រកព្រំដែនតែម្តងទៅ។

លោកអែម សុខា អភិបាលស្រុកម៉ាឡៃប្រាប់គេហទំព័រCENថ្ងៃទី២៥មិថុនាថា:ថៃចង់សម្រេចជាឯកត្តោភាគីថា ដាក់ម៉ាស៊ីនស្កែន លើខ្លួន និងស្នាមមេដៃជនកម្ពុជាទាំងអស់រួមទាំងពលរដ្ឋទៅផ្សារណាត់នៅច្រកណងព្រឺ និងពលករស៊ីឈ្នួលទៅព្រឹកវិលល្ងាចផង។ ប៉ុន្តែអនុស្សារណ:ចាស់រវាងភាគីទាំង២ ពុំមានចែងត្រង់ចំណុចនេះទេ។

លោកអែម សុខានិយាយបន្តថា:ភាគីថៃក៏មិនអនុញ្ញាតអោយពលរដ្ឋកម្ពុជាបើកឡានទៅអារញ្ញឆ្លងកាត់ច្រកម៉ាឡៃទៀតដែរ ក្នុងរយ:ជិត១ខែមកនេះ គឺអោយតែមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចចូល។ ប៉ុន្តែប្រើវិធីរបៀបមើលងាយ មើលថោកគឺអោយចុះពីឡាន ហើយថតរូបមុខឡាន។

លោកនិយាយបន្តថា:បើអាជ្ញាធរនិងកងកម្លាំងថៃជាអ្នកជិតខាងល្អគួរតែជូនដំណឹង និងពិភាក្សាជាមួយមន្ត្រីកម្ពុជាពីការសម្រេចចិត្តណាមួយទាក់ទិនសកម្មភាពទ្វេរភាគី ឬនៅច្រកនិងតំបន់ព្រំដែន៊ពោលគឺអារិភាពទំនាក់ ទំនង កិច្ចសហប្រតិបត្តិការបង្កឡើងដោយភាគីមូលដ្ឋានថៃបែបនេះ មិនមែនជាគោលនយោបាយរបស់រាជរដ្ឋាភិ បាល លោកឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចារ ឡើយ៕s/e

website_news/2016270602.txt · Last modified: 2017/03/03 14:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki