website_news:2016270603

ពលរដ្ឋខ្មែរនៅបន្តឡើងភ្នំឆ្លងដែន មេខ្យល់បើកភ្លើងខៀវជាមន្ត្រីយោធា

(https://kohsantepheapdaily.com.kh) គេហទំព័រកោះសន្តីភាព ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង ២១:៥៥ ដោយ ៖ ឱម សារឿន

ខេត្តឧត្តរមានជ័យ ៖ បើទោះបីជាប្រមុខរាជរដ្ឋាភិបាល បានប្រកាសឱ្យកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័ន និងអាជ្ញាធរ ត្រូវធ្វើការទប់ស្កាត់បទល្មើសព្រៃឈើនៅទូទាំងប្រទេស។ តែសកម្មភាពពលរដ្ឋខ្មែរ នៅតែបន្តឡើងភ្នំដងរ៉ែក ឆ្លងដែនចូលទឹកដីថៃ អូសឈើគ្រញូងដដែល កាលពីរៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ ប្រជាពលរដ្ឋចំណាកស្រុក និងប្រជាពលរដ្ឋ រស់នៅតាមភូមិជាប់ខ្សែបន្ទាត់ព្រំដែន បានសម្រុកឡើងភ្នំអូសឈើគ្រញូងនៅក្នុងទឹកដីថៃ ក្រោមការបើកភ្លើងខៀវពីសំណាក់មន្ត្រីយោធា ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ហើយឈ្មួញឈើគ្រញូងឈរជើងចាំទិញក្នុងទឹកដីកម្ពុជា ក៏ជាឈ្នួញជាប់ខ្សែសមត្ថកិច្ចដែរ។

ជាក់ស្តែងកាលពីថ្មីៗនេះ មានប្រជាពលរដ្ឋខ្មែរប្រមាណជាង៤០នាក់ ដែលឡើងភ្នំតាម ច្រកអូរខ្សាច់ ក្នុងឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ដែលប្រជាពលរដ្ឋខ្មែរទាំងនោះបានប្រាប់ថា ពួកគាត់ឡើងភ្នំចូលទឹកដីថៃ ដើម្បីអូសឈើគ្រញូងឱ្យឈ្មោះ ព្រាប សារិន ជាមន្ត្រីយោធាម្នាក់នៅអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលឈរជើងនៅតំបន់អូរឬស្សី និងច្រកអូរខ្សាច់ខាងលើនេះ។

ប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះរស់នៅភូមិទួលចារ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ បាននិយាយថា ឈ្មោះ ព្រាប សារិន ជាមេខ្យល់នាំកម្លាំងប្រជាពលរដ្ឋខ្មែរឆ្លងដែនរកកាប់ឈើគ្រញូងក្នុងទឹកដីថៃ ហើយសកម្មភាពប្រជាពលរដ្ឋខ្មែរ ឡើងភ្នំនៅតាមតំបន់ព្រំដែន ក្រៅពីមន្ត្រីយោធាឈរជើងនៅទីនោះ ប្រជាពលរដ្ឋមិនអាចនាំកម្លាំងពលរដ្ឋខ្មែរឆ្លងដែនបាននោះទេ។

ប្រជាពលរដ្ឋខ្មែរម្នាក់ ក្នុងចំណោមពលរដ្ឋខ្មែរជាង៤០នាក់ បាននិយាយថា រូបខ្លួនបានធ្លាប់ឡើងភ្នំអូសឈើគ្រញូងក្នុងទឹកដីថៃ ចំនួន២ដងមកហើយ ដែលឈ្មោះ ព្រាប សារិន ជាអ្នកនាំផ្លូវ ហើយពេលទម្លាក់ឈើមកដល់ដីកម្ពុជា មានថៅកែស្រីម្នាក់ មិនស្គាល់ឈ្មោះ ដែលមានផ្ទះនៅជិតផ្សារទំនប់ដាច់ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ចាំទិញឈើគ្រញូងនៅក្នុងទឹកដីកម្ពុជា។

សមត្ថកិច្ចបានប្រាប់ថា ថៅកែស្រី ជាឈ្មួញចាំទិញឈើគ្រញូងដែលប្រជាពលរដ្ឋខ្មែរអូសពីដីថៃ នៅចំណុចអូរខ្សាច់ និងអូរឬស្សី គឺប្រពន្ធ របស់មន្ត្រីអាវុធហត្ថស្រុកត្រពាំងប្រាសាទម្នាក់ឈ្មោះ មាស ចន្ថា ដែលកន្លងមកក៏មានបញ្ហារអ៊ូរទាំពីអ្នកដឹកឈើគ្រញូងតាមម៉ូតូ និងតាមរថយន្តកាមរី បន្តិចបន្តួច ក៏ត្រូវលោក មាស ចន្ថា ចាប់រឹបអូសទាំងរថយន្ត និងម៉ូតូ ដោយសារតែមិនលក់ឱ្យប្រពន្ធរបស់ខ្លួន។ ហើយមានប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលស្ពាយឈើគ្រញូងមកពីទឹកដីថៃ តាមច្រកអូរខ្សាច់ ដែលមិនលក់ឱ្យថៅកែស្រីឈើគ្រញូង ជាប្រពន្ធលោកមន្ត្រីអាវុធហត្ថម្នាក់នេះ ក៏ត្រូវចាប់រឹបអូសយកឈើគ្រញូងផងដែរ។

គួរបញ្ជាក់ថា សកម្មភាពឈើគ្រញូងនៅតាមបន្ទាត់ព្រំដែន នៅតែចរាចរជារៀងរាល់ថ្ងៃ ក្រោយការបើកភ្លើងខៀវពីសំណាក់មន្ត្រីយោធាឈរជើង នៅតាមតំបន់នោះ។ ហើយមានឈ្មួញជាជនជាតិវៀតណាម ២នាក់ ទី១.ឈ្មោះ យាយម៉ាយ ដែលឈរជើងចាំទិញឈើគ្រញូង ប្រចាំការនៅស្រុកអន្លង់វែង និងឈ្មួញជនជាតិវៀតណាម ម្នាក់ទៀតឈ្មោះ ទូ ដែលឈរជើងចាំទិញឈើនាងនួន និងឈើគ្រញូង នៅចំណុចក្បាលទន្សោង ដែលជាភូមិសាស្ត្រឈរជើងរបស់យោធាកងវរសេនាតូចការពារព្រំដែនគោកលេខ៤០៣ ដែលធ្វើឱ្យស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរពិបាកក្នុងការទប់ស្កាត់បទល្មើសឈើឆ្លងដែនពីទឹកដីថៃ៕

website_news/2016270603.txt · Last modified: 2017/03/03 14:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki