website_news:2016270604

ទូតកម្ពុជាប្រចាំ ប្រទេសម៉ាឡេស៊ី អន្តរាគមន៍ជួយពលករ-ពលការិនី ខ្មែរ៤នាក់

(: http://www.cen.com.kh/) ថ្ងៃទី 25 មិថុនា 2016, ម៉ោង 11:42:AM ដោយ: កក្កដា

ភ្នំពេញ: ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ ជួយពលករ-ពលការិនីខ្មែរ ចំនួន ៤ នាក់ ដែលបានទៅធ្វើការ នៅប្រទេសម៉ាឡេស៊ី ហើយជួបប្រទះនឹងការលំបាក ក្នុងការងារ អោយបានវិលត្រឡប់ មកកម្ពុជាវិញ។

ពលករ-ពលការិនីខ្មែរ ទាំង ៤ នាក់ មាន៖ ១- ពលការិនីឈ្មោះ ស៊ីវ សារឿន អាយុ៣៤ ឆ្នាំ នៅភូមិមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានទៅធ្វើការតាមផ្ទះ នៅម៉ាឡេស៊ី តាំងពីខែកុម្ភៈ ឆ្នាំ២០១៥ តាមរយៈមេខ្យល់ ដោយធ្វើដំណើរតាម រថយន្តកាត់តាមប្រទេសថៃ។ ដោយសាមីខ្លួនពុំ មានលទ្ធភាពដោះស្រាយ ដោយខ្លួនឯង ស្ថានទូតបានចេញថ្លៃបង់ពិន័យ ឲ្យរដ្ឋាភិបាលម៉ាឡេស៊ី ព្រមទាំងទិញសំបុត្រយន្តហោះ ឲ្យពលការិនីរូបនេះ។

២- ពលការិនី គ្រួច ស្រីពៅ អាយុ២៤ឆ្នាំ នៅភូមិបល្ល័ង្គខាងលិច ឃុំលេខ១ ស្រុកទីរួម ខេត្តកំពង់ធំ ខេត្តកំពង់ធំ បានទៅធ្វើការ នៅប្រទេសម៉ាឡេស៊ី ខាងផ្នែកជូតសំអាត តាំងពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០១៦ តាមរយៈក្រុមហ៊ុន Century Cambodian នៅកម្ពុជា ដោយធ្វើដំណើរតាម រថយន្តកាត់តាមប្រទេសថៃ ។

៣- ពលករ សាលីម អាទៀតម៉ីស៊ី អាយុ២៨ឆ្នាំ នៅភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានទៅធ្វើការ នៅប្រទេសម៉ាឡេស៊ី ជាចុងភៅ ដោយខ្លួនឯង តាំងពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៦ ។

៤- ពលករ រ៉សាត រ៉ហ្វាត អាយុ១៩ឆ្នាំ នៅភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានទៅធ្វើការ ក្នុងចំការដូងប្រេង នៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៥ តាមរយៈមេខ្យល់ ដោយធ្វើដំណើរ តាមរថយន្តកាត់ តាមប្រទេសថៃ។

ក្នុងកំឡុងពេលរង់ចាំ ការវិលត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្ដល់កន្លែងស្នាក់នៅ និងការហូបចុក ដល់ពលករ-ពលការិនីទាំង ៤នាក់ ។

ពលករ-ពលការិនីខ្មែរ ទាំង៤នាក់ បានមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៦ វេលាម៉ោង ៧ : ៣៥ នាទី ព្រឹក តាមជើងយន្តហោះ AK ៥៣៦៕N/S

website_news/2016270604.txt · Last modified: 2017/03/03 14:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki