website_news:2016270605

ពលរដ្ឋខ្មែរ៥៤.០០០នាក់ប្រឡងតេស្ដសមត្ថភាពដើម្បីបានទៅធ្វើការនៅប្រទេសកូរ៉េ

(http://www.rfa.org/khmer/news) គេហទំព័រវិទ្យុអាស៊ីសេរី 2016-06-26 ដោយ ថា កិត្យា

ឆ្នាំ២០១៦ នេះ ប្រទេសកូរ៉េខាងត្បូង នឹងជ្រើសរើសយកពលករកម្ពុជា ដើម្បីទៅបម្រើការងារនៅប្រទេសរបស់ខ្លួនជិត ១ម៉ឺននាក់។ ការជ្រើសរើសនេះ ធ្វើឡើងតាមរយៈការប្រឡងតេស្ដសមត្ថភាពភាសាកូរ៉េ ដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមិថុនា។ បេក្ខជនដែលចូលរួមប្រឡងមួយចំនួនអះអាងថា បញ្ហាជីវភាពគឺជាកត្តាចម្បងដែលជំរុញឲ្យពួកគាត់ប្រាថ្នាចង់ទៅបម្រើការងារប្រទេសកូរ៉េ។ អ្នកឃ្លាំមើលបញ្ហាសង្គមថា និកម្មភាព ឬភាពគ្មានការងារធ្វើក្នុងស្រុករបស់ពលរដ្ឋកម្ពុជា គឺជាវិបត្តិសង្គមដែលត្រូវដោះស្រាយ។

ជារៀងរាល់ឆ្នាំ ពលរដ្ឋកម្ពុជា នៅតែបន្តចំណាកស្រុកស្វែងរកការងារធ្វើជាបន្តបន្ទាប់។ នៅឆ្នាំ២០១៦ នេះ ប្រទេសកូរ៉េខាងត្បូង នឹងស្រូបយកមនុស្សពេញកម្លាំងចំនួន ៩.៤០០នាក់ពីកម្ពុជា ដែលចំនួននេះបើធៀបនឹងឆ្នាំកន្លងទៅកើនឡើងជាង ៣ពាន់នាក់ ខណៈដែលចំនួនបេក្ខជនចូលរួមប្រឡងមានចំនួន ៥ម៉ឺន ៤ពាន់នាក់។

រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស លោក ពេជ សោភ័ន ឲ្យដឹងថា ក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ ត្រូវការពលរដ្ឋកម្ពុជា ទៅបម្រើការងារខាងផ្នែកវិស័យឧស្សាហកម្មចំនួន ៤.៧០០នាក់ វិស័យសំណង់ចំនួន ១ពាន់នាក់ និងវិស័យកសិកម្មចំនួន ៣.៧០០នាក់។ លោក ពេជ សោភ័ន ក៏បានលើកឡើងដែរថា ភាគីកូរ៉េ ពេញចិត្តចំពោះពលករកម្ពុជា ហើយរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យកូរ៉េ បន្ថែមទទួលយកពលករពីកម្ពុជា ទៅបម្រើការងារបន្ថែមទៀតផងដែរ។ ក្រៅពីកូរ៉េខាងត្បូង នោះ កន្លងមករដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់សំណូមពរប្រទេសមួយចំនួនទៀត ដូចជាម៉ាឡេស៊ី ជាដើម ឲ្យបន្តទទួលយកពលរដ្ឋកម្ពុជា ទៅធ្វើការផងដែរ ទោះបីជាព័ត៌មានពីពលករខ្មែររងគ្រោះដោយសារថៅកែធ្វើបាបកើតឡើងជាហូរហែក្តី។

បុរសម្នាក់ឈ្មោះ សុ ច័ន្ទ មកពីខេត្តតាកែវ បានប្រាប់វិទ្យុអាស៊ីសេរី ក្រោយពីប្រឡងតេស្ដសមត្ថភាពភាសាកូរ៉េ នៅវិទ្យាល័យ ជា ស៊ីម សាមគ្គី ក្រុងភ្នំពេញថា មូលហេតុដែលលោកប្រាថ្នាទៅកូរ៉េ ចោលប្រពន្ធកូនមួយរយៈនោះ ដោយសារកត្តាជីវភាព ផ្ដើមចេញពីទីផ្សារការងារនៅក្នុងស្រុកមិនមានគ្រប់គ្រាន់ ប្រាក់បៀវត្សរ៍តិច គួបផ្សំនឹងការអប់រំផង។ លោកយល់ថា ប្រសិនបើរាជរដ្ឋាភិបាលបង្កើតការងារឲ្យបានច្រើន និងមានប្រាក់ខែសមរម្យ គឺធ្វើឲ្យយុវជន នឹងងាកមករកការងារធ្វើនៅក្នុងស្រុកជាក់ជាមិនខាន៖ «»។

មិនខុសគ្នាប៉ុន្មានឡើយ បេក្ខជនដែលប្រឡងទៅប្រទេសកូរ៉េ ជាច្រើននាក់ទៀត សុទ្ធតែលើកឡើងថា ពួកគាត់ពិបាករកការងារធ្វើក្នុងស្រុក ហើយបើទោះបីជាមានការងារធ្វើ ក៏ប៉ុន្តែប្រាក់ខែទាប មិនអាចឲ្យពួកគាត់មានជីវភាពសមរម្យឡើយ។ ម្ល៉េះហើយ ទើបបង្ខំចិត្តទៅធ្វើការងារនៅប្រទេសកូរ៉េ ឬប្រទេសផ្សេងទៀតដែលមានប្រាក់ខែខ្ពស់។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី មានប្រសាសន៍ថា និកម្មភាព ឬភាពគ្មានការងារធ្វើក្នុងស្រុករបស់ពលរដ្ឋកម្ពុជា គឺជាវិបត្តិសង្គម ឬជាសញ្ញាអាសន្នមួយដែលត្រូវដោះស្រាយ។ លោកថា កាលណាយុវជនបន្តចេញទៅរកការងារនៅក្រៅប្រទេសបែបនេះ គឺបង្ហាញឲ្យឃើញថា យុវជនបានចាកចេញពីរបៀបវារៈនៃការអភិវឌ្ឍប្រទេស៖ «»។

លោក កែម ឡី យល់ថា ដើម្បីដោះស្រាយបញ្ហាចំណាកស្រុកនេះ គឺរដ្ឋាភិបាលត្រូវរៀបចំច្បាប់ចូលនិវត្តន៍ឲ្យបានត្រឹមត្រូវ ដើម្បីទុកឱកាសឲ្យយុវជនជំនាន់ក្រោយបន្តវេន។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលត្រូវគ្រប់គ្រងជនអន្តោប្រវេសន៍ឲ្យមានប្រសិទ្ធភាព ព្រោះថា បច្ចុប្បន្ននេះជនជាតិវៀតណាម ខុសច្បាប់ជាច្រើន បានដណ្ដើមការងារយុវជនខ្មែរស្ទើរគ្រប់វិស័យ។ រីឯបញ្ហាអភិវឌ្ឍន៍ភូមិ-ឃុំ ក៏ជារឿងដែលរដ្ឋាភិបាលមិនត្រូវមើលរំលងដែរ។

អង្គការសង្គមស៊ីវិលមួយចំនួនបន្ថែមថា នៅមានបញ្ហាជាច្រើនទៀតដែលរដ្ឋាភិបាលត្រូវគិតគូរ ដូចជាពង្រឹង និងបង្កើនការងារពីវិស័យកសិកម្ម វិស័យឯកជន ពង្រឹងច្បាប់ការងារ ច្បាប់វិនិយោគ អភិបាលកិច្ចល្អ និងបង្កើនទីផ្សារ ជាដើម៕.

website_news/2016270605.txt · Last modified: 2017/03/03 14:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki