website_news:2016270606

លោកស្រីអ៊ុងសានស៊ូជីទៅបំពេញទស្សនកិច្ចនៅថៃដោយផ្តោតលើបញ្ហាអន្តោប្រវេសន៍

(http://km.rfi.fr) គេហទំព័រវិទ្យុបារាំង ថ្ងៃទី 23-06-2016ដោយ សេង ឌីណា 23/06/2016

លោកស្រីអ៊ុងសានស៊ូជី បានធ្វើដំណើរទៅដល់ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងដំណើរទស្សនកិច្ច ក្នុងឋានៈជារដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីភូមា។ ក៏ប៉ុន្តែ គោលដៅចម្បង គឺទៅជួបពលរដ្ឋភូមា ដែលធ្វើចំណាកស្រុកទៅរស់នៅ និងធ្វើការ នៅក្នុងប្រទេសថៃ។ ចាប់តាំងពីបានជាប់ឆ្នោតឡើងកាន់អំណាចនៅភូមា លោកស្រីអ៊ុងសានស៊ូជី បានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅបរទេសចំនួនពីរលើករួចមកហើយ ដោយដំណើរទស្សនកិច្ចមុនគេបង្អស់ គឺទៅកាន់ប្រទេសចិន កាលពីខែមេសា (មុនពេលឡើងកាន់តំណែងជាផ្លូវការ) និងទីពីរ ទៅឡាវ កាលពីខែឧសភា។ ដំណើរទស្សនកិច្ច នៅក្នុងប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍នេះ គឺជាទស្សនកិច្ចក្រៅប្រទេសលើកទី៣។

លោកស្រីជ័យលាភីរង្វាន់ណូបែលសន្តិភាពបានធ្វើដំណើរមកដល់ព្រលានយន្តហោះក្រុងបាងកក នៅថ្ងៃត្រង់ ហើយនៅពេលល្ងាច បន្តដំណើរទៅមើលផ្សារត្រីដ៏ធំមួយ នៅខាងត្បូងក្រុងបាងកក ទីដែលមានជនចំណាកស្រុកភូមាប្រមាណជា ១០ម៉ឺននាក់ កំពុងតែរស់នៅ និងធ្វើការ ដោយភាគច្រើនជាងអ្នកស៊ីឈ្នួលនេសាទ។

គួរបញ្ជាក់ថា នៅក្នុងចំណោមពលករបរទេស ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ នាពេលបច្ចុប្បន្ននេះ មានភាគច្រើនលើសលុប (រហូតដល់ទៅប្រមាណជា ៨០%) គឺជាជនជាតិភូមា។ គិតជាសរុប ពលករភូមាដែលកំពុងធ្វើការដោយស្របច្បាប់ នៅក្នុងប្រទេសថៃសព្វថ្ងៃនេះ មានរហូតដល់ទៅជាង ១លាននាក់ ហើយនេះនៅមិនទាន់និយាយដល់អ្នកធ្វើការខុសច្បាប់ ដែលគេមិនអាចដឹងចំនួនពិតប្រាកដបាន។

ពលករភូមាភាគច្រើនធ្វើការជាអ្នកស៊ីឈ្នួលនេសាទ ហើយអ្នកខ្លះធ្វើការនៅក្នុងលក្ខខណ្ឌដ៏សែនលំបាក ដែលសមាគម និងអង្គការសិទ្ធិមនុស្សជាច្រើន បានប្រៀបប្រដូចទៅនឹងទាសករ។ ពលករជាច្រើនដែលបានធ្វើដំណើរមកទទួលស្វាគមន៍លោកស្រីអ៊ុងសានស៊ូជី នៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញពីក្តីរំពឹងថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មីភូមាអាចនឹងមានការអភិវឌ្ឍ ហើយបង្កើនទីផ្សារការងារ ដើម្បីឲ្យពួកគេអាចវិលត្រឡប់ទៅធ្វើការនៅក្នុងប្រទេសកំណើតរបស់ខ្លួនវិញ។

គួរធ្វើការកត់សម្គាល់ថា នៅក្នុងមួយរយៈកាលចុងក្រោយនេះ ថៃ និងភូមា ដែលជាប្រទេសជិតខាងនឹងគ្នា កំពុងតែដើរលើគន្លងផ្ទុយគ្នាស្រឡះ គឺភូមាដែលជាប្រទេសក្រីបានងាកចេញពីរបបសឹក បែរទៅរករបបប្រជាធិបតេយ្យ ចំណែកឯថៃវិញបែរជាធ្លាក់ចូលទៅក្នុងរបបសឹកទៅវិញ៕

website_news/2016270606.txt · Last modified: 2017/03/03 14:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki