website_news:2016270607

អ៊ុងសានស៊ូជី ៖ ប្រាប់ពលករឱ្យត្រឡប់ទៅផ្ទះវិញ

(https://kohsantepheapdaily.com.kh) ថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង ០៩:៣២ ៖ គង់ រិទ្ឋរីណា

យោងតាមវ៉េបសាយព័ត៌មាន Anadolu Agency បានឱ្យដឹងថា កាលពីថ្ងៃទីពីរ នៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃ ក្រោមអធិបតីភាពរបស់លោកស្រីមេដឹកនាំមីយ៉ាន់ម៉ា អ៊ុង សានស៊ូជី លោកស្រីបានប្រាប់ទៅកាន់ប្រជាជនខ្លួនដែលកំពុងរស់នៅ ប្រទេសថៃឱ្យត្រឡប់មកផ្ទះ (ប្រទេសមីយ៉ាន់ម៉ាដែលជាដើមកំណើត) វិញ ។

«ពួកយើងទទួលស្គាល់ថា យើងត្រូវតែធ្វើឲ្យប្រទេសយើងក្លាយជាកន្លែង ដែលប្រជាជនយើងចង់ត្រឡប់មករស់នៅវិញ» ។ លោកស្រីបានថ្លែងប្រាប់សារព័ត៌មាន កាលពីថ្ងៃសុក្រ ក្រោយពេលកិច្ចប្រជុំទ្វេភាគីជាមួយនឹងនាយករដ្ឋមន្រី្តថៃ ។ បើយោងទៅតាមអង្គការអន្តរជាតិ សម្រាប់ការភៀសខ្លួនបានឱ្យដឹងថា មានជនភៀសខ្លួនមីយ៉ាន់ម៉ាមិនតិចជាង១សែននាក់ទេ ដែលកំពុងស្នាក់អាស្រ័យនៅតាមព្រំប្រទល់ប្រទេសថៃ ។

ជនភៀសខ្លួនភាគច្រើន ត្រូវគេដឹងថា ជាពួកមូស្ល៊ីម ដែលរត់មកនៅប្រទេសថៃ ដោយសារតែមានគំនាបទៅលើសាសនារបស់ខ្លួនកាលពីមុន ។ លោកស្រីមេដឹកនាំមីយ៉ាន់ម៉ា ក៏បានបន្តថា ការដឹកនាំប្រទេសរបស់លោកស្រី កំពុងតែផ្តោតទៅលើការប្តូរពីទំនាស់ឱ្យក្លាយមកជាមិត្តភាព និងការប្តូរពីជម្លោះឱ្យក្លាយជាជំនឿទុកចិត្ត និងភាពយោគយល់គ្នា ។ នៅថ្ងៃសុក្រកន្លងមកនេះដែរ លោកស្រី អ៊ុងសានស៊ូជី បានចុះកិច្ចព្រមព្រៀងជាមួយនាយករដ្ឋមន្ត្រីថៃ លើការបន្ធូរបន្ថយដល់ជនភៀសខ្លួនមីយ៉ាន់ម៉ា ដែលមកធ្វើកម្មករនៅប្រទេសថៃ ។

លោកស្រីបានបន្ថែមថា «ខ្ញុំតែងតែមានអារម្មណ៍ថា ខ្លួនខ្ញុំជាមិត្តមួយក្នុងចំណោមមិត្តផ្សេងៗទៀតរបស់ប្រទេសថៃ ។ នៅពេលយើងធ្វើការជាមួយគ្នា យើងអាចដោះស្រាយបញ្ហាខាងលើបាន» ។ លោកស្រីបានធ្វើដំណើរទៅកាន់មាតុប្រទេសវិញ កាលពីថ្ងៃសៅរ៍ ។ គួរបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចលើកទីមួយរបស់លោកស្រី ទៅក្រៅប្រទេស តាំងពីលោកស្រីបានជាប់ឆ្នោតកាលពីខែវិច្ឆកា ។

website_news/2016270607.txt · Last modified: 2017/03/03 14:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki