website_news:2016270608

កងទ័ពជើងទឹកអ៊ីតាលីជួយសង្គ្រោះជនអន្តោរប្រវេសន៍ដែលឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ

(http://ppt-news.net) គេហទំព័រភ្នំពេញថ្មី ចេញផ្សាយ ថ្ងៃទី 24/06/2016

អ៊ីតាលី ៖ នាវារបស់អង្គការមនុស្សធម៌ កងទ័ពជើងទឹកនិងកងឆ្មាំឆ្នេរសមុទ្រអ៊ីតាលីបានជួយសង្គ្រោះទូកដែលផ្ទុកជនអន្តោរប្រវេសន៍ប្រហែល៤.៥០០នាក់នៅពេលភាពស្ងប់ស្ងាត់ក្នុងសមុទ្រមេឌីទែរ៉ាណេបានជំរុញឲ្យមានការកើនឡើងនៃមនុស្សចាកចេញពីតំបន់អាហ្វ្រិកខាងជើង។ អ្នកនាំពាក្យឆ្មាំសមុទ្រអ៊ីតាលីម្នាក់បាននិយាយថា ប្រតិបត្ដិការជួយសង្គ្រោះកំពុងតែបន្ត។ អ្នកនាំពាក្យបាននិយាយថា សពស្ដ្រីម្នាក់ត្រូវបានគេយកចេញពីទូកកៅស៊ូដ៏ធំមួយហើយជនចំណាកស្រុកត្រូវបានគេប្រមូលពីនាវាផ្សេងៗប្រហែល៤០គ្រឿង ។

មន្ត្រីលើនាវា Topaz Responder របស់ក្រុមមនុស្សធម៌ Migrant Offshore Aid Station (MOAS) ដែលមានមូលដ្ឋាននៅប្រទេសម៉ាល់តាបានឲ្យដឹងថា កាលពីពេលព្រឹកទូកចំណាកស្រុកចំនួន២៤គ្រឿងត្រូវបានគេប្រទះឃើញនៅក្នុងសមុទ្រដែលមានចម្ងាយប្រហែល២០ម៉ាយពីទីក្រុងកំពង់ផែលីប៊ី Sabratha ។

អ្នកនាំពាក្យ Ayoub Qassem បានឲ្យដឹងថា កងទ័ពជើងទឹកលីប៊ីបានស្ទាក់ចាប់ជនឥន្តោប្រវេសន៍ប្រហែល១.០០០នាក់លើទូកកៅស៊ូចំនួន៨ជិតទីក្រុង Sabratha កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ។លោកបាននិយាយថា ជនឥន្តោប្រវេសន៍ទាំងនោះគឺមកពីអារ៉ាប់និងបណ្តាប្រទេសអាហ្វ្រិកអនុតំបន់សាហារ៉ា។ នាវា Topaz Responder បានយកជនឥន្តោប្រវេសន៍អាហ្វ្រិកអនុតំបន់សាហារ៉ា៣៨២នាក់ពីទូកចំនួនបីផ្សេងៗគ្នា។ ជាមួយគ្នានោះ នាវា Bourbon Argos របស់អង្គការគ្រូពេទ្យគ្មានព្រំដែនបានយកជនឥន្តោប្រវេសន៍១.១៣៩នាក់ពីទូកចំនួន១០ខណៈនាវាមនុស្សធម៌ពីរគ្រឿងទៀតយកជនឥន្តោប្រវេសន៍១៥៦នាក់បន្ថែមទៀត។

ដោយឡែក កងទ័ពជើងទឹកអ៊ីតាលីបាននិយាយថា ខ្លួនបានជួយសង្គ្រោះមនុស្ស៥១៥នាក់ពីទូកធ្វើពីពោងចំនួនពីរខណៈក្រុមមនុស្សធម៌អាល្លឺម៉ង់ Sea-Watch និយាយថា ខ្លួនមានមនុស្ស ១០០នាក់ជិះលើនាវាឯឆ្មាំសមុទ្រអ៊ីតាលីដែលបានសំរបសំរួលប្រតិបត្ដិការជួយសង្គ្រោះបាននិយាយថា ខ្លួនបានដាក់ពង្រាយទូកជាច្រើន៕

website_news/2016270608.txt · Last modified: 2017/03/03 14:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki