website_news:2016270609

ទូកជនអន្តោប្រវេសន៍ជាង ២០គ្រឿងត្រូវបាននាវារបស់អង្គការពេទ្យគ្មានព្រំដែនសង្គ្រោះតាមសមុទ្រមេឌីទែរ៉ាណេ

(http://bayontv.com.kh) គេហទំព័រវិទ្យុ និងទូទស្សន៍បាយ័ន្ត ថ្ងៃទី 27/06/2016

អ៊ីតាលី៖ ក្រុមគ្រូពេទ្យ និងអ្នកផ្តល់ជំនួយរបស់អង្គការពេទ្យគ្មានព្រំដែន បានបង្ហាញរូបភាពវីដេអូឲ្យឃើញអំពីទូកតូចមួយចំនួន ពេញទៅដោយក្រុមអន្តោប្រវេសន៍កំពុងភ័យស្លន់ស្លោ អំពីគ្រោះថ្នាក់ក្នុងពេលកំពុងធ្វើដំណើរតាមសមុទ្រនៅពេលចុងក្រោយនេះ។

សេចក្តីរាយការណ៍ឲ្យដឹងថា ដោយសារតែភាពភ័យស្លន់ស្លោអំពីគ្រោះថ្នាក់នេះ ក្រុមអន្តោប្រវេសន៍បានប្រវេប្រវាហក់លោតឡើងទៅលើទូកឆ្មាំសមុទ្រ សង្គ្រោះនៅកណ្ដាលសមុទ្រដែលនឹងធ្វើឲ្យមានបញ្ហាគ្រោះថ្នាក់កើតឡើងបាន។ លោក សេបា ស្ទីន ជាអ្នកធ្វើការនៅក្នុងអង្គការគ្មានព្រំដែនហៅកាត់ MSF បន្តថា ក្នុងពេលនាវាសង្គ្រោះបើកលើសមុទ្រមេឌីទែរ៉ាណេ ក្នុងបំណងសង្គ្រោះមនុស្សនៅក្នុងទូកតូចៗតាមរបៀបមិនឲ្យមានគ្រោះថ្នាក់នោះ ពួកគេបានបើកទូកសំដៅនាវាដោយមិនយល់អំពីការបង្គាប់បញ្ជាឡើយ។ ទូកក្រុមអន្តោប្រវេសន៍ជាង ២០គ្រឿងមានទាំងទូកជ័រ និងទូកឈើក្នុងនោះមានទូកជាង ១០គ្រឿងស្ថិតក្នុងស្ថានភាពស្លន់ស្លោ និងគ្រោះថ្នាក់ ហើយនេះជាសកម្មភាពដែលគេមិនធ្លាប់បានជួបប្រទះទាល់តែសោះ នាពេលកន្លងមកនៅកណ្ដាលសមុទ្រនេះ។ គួរឲ្យដឹងថា យ៉ាងហោចណាស់ក្រុមអន្តោប្រវេសន៍ជាង ២៤០០នាក់បានស្លាប់ ក្នុងពេលព្យាយាមធ្វើដំណើរឆ្លងកាត់មហាសមុទ្រមេឌីទែរ៉ាណេនៅក្នុងឆ្នាំនេះ៕

website_news/2016270609.txt · Last modified: 2017/03/03 14:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki