website_news:2016270701

ពលករខ្មែរឆ្លងដែនជាងពាក់កណ្តាលនៅតែខុសច្បាប់ ការប្រឈមនៅតែច្រើន

(http://www.cen.com.kh) ថ្ងៃទី 26 កក្កដា 2016, ម៉ោង 08:20:PM) | ដោយ: បន្ទាយ

បន្ទាយមានជ័យ: ក្នុងកិច្ចប្រជុំដកពិសោធន៍លើការងារគ្រប់គ្រងលំហូរមិនប្រក្រតីនៃពលករ ឆ្លងកាត់ព្រំដែនកាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នេះនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលអះអាងថា ពលករខ្មែរចំណាកស្រុកទៅក្រៅប្រទេស ជិតពាក់កណ្តាលនៅតែខុសច្បាប់។ហេតុនេះ រដ្ឋាភិបាលអំពាវនាវអោយពួកគេវិលមកធ្វើការងារក្នុងស្រុកវិញ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំនោះនិងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួង មហា ផ្ទៃ ក្រសួងស្ថាប័ន មន្ត្រីថ្នាក់ខេត្តថ្នាក់ស្រុក ក្រុងនិងកងកម្លាំងប្រដាប់អាវុធយ៉ាង ច្រើន។

លោកស្រីជូ ប៊ុនអេងប្រធានគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សបាននិយាយថា:គោលបំណងនៃកិច្ចប្រជុំនេះគឺចង់សិក្សាស្វែងយល់អំពីស្ថានភាពលំហូរពលករឆ្លងកាត់ព្រំដែន ,របៀបគ្រប់គ្រង ភាពប្រឈម ផលវិបាក និងដើម្បីស្វែងរកដំណោះស្រាយដោយប្រើរបៀបយុទ្ធសាស្ត្រ និងគោលនយោបាយឆ្លើយតបនឹងភាពរងគ្រោះរបស់ពលករ និងពង្រឹងការគ្រប់គ្រងឲ្យមានប្រសិទ្ធភាពល្អជាងមុន។

លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា: បើតាមទិន្នន័យរបស់មន្ត្រីមូលដ្ឋានក្នុងរយ:ពេលដើមឆ្នាំ២០១៦នេះមានពលករធ្វើចំណាក ស្រុកចំនួន១០៩.៤២៤នាក់ ក្នុងនោះស្របច្បាប់៤១.៤៣៦នាក់ និងពលករឆ្លងដែនទៅថៃក្នុងរូបភាពទៅព្រឹកវិលល្ងាចចំនួន ៦៧.៩៨៨នាក់ និងពលករដែលអាជ្ញាធរថៃចាប់បញ្ជូនវិលវិញមានចំនួន៣៦៧លើក ចំនួន២៥.៩២២នាក់ និងពលករជាប់ ពន្ធនាគារលើសពី១ខែចំនួន៣៤៥នាក់។ ចំណែកលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបងនិយាយដែរថា:របាយកាណ៍មូលដ្ឋានថា ឆមាសទី១ ឆ្នាំ២០១៦ ជនចំណាកស្រុក(ឆ្លងតាមច្រកនៃព្រំដែនខេត្តនេះ) មាន៥៥.០៨៦នាក់ ស្រី២៤.០៨៨នាក់ ក្នុងនោះពលករស្របច្បាប់២១.៤០៥នាក់ និងមិនស្រប៣៣.២៨១នាក់ ស្រី១៤.៣៥៧នាក់។

ពោលគឺសរុបពលករធ្វើចំណាកស្រុកតាមព្រំដែនកម្ពុជា-ថៃទាំងមូលមានចំនួន ២៩៩.២៥៤ នាក់ស្រី១៣០.២០២នាក់ និងអនិតិជន ៥.៨១៧នាក់ ក្នុងនោះពលករស្រប ច្បាប់មាន១៥៥.០២៤។ពោលគឺពលករខ្មែរជិតពាក់កណ្តាលនៅតែជាពលករខុស ច្បាប់។

សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្តទៀតថា :“រឿងជួញដូរមនុស្សនៅតែជាប្រធានបទដ៍សំខាន់ ប្រឈមក្នុងការពិភាក្សានិងរកគន្លឹះដោះស្រាយព្រោះវាធ្វើឲ្យមានការប៉ះពាល់ដល់សិទ្ធិ សេរីភាព សេចក្តីថ្លៃថ្នូរ របស់មនុស្សនិងធ្វើឲ្យមានការប្រែ ប្រួលនៃស្ថានភាពសេដ្ឋកិច្ច សង្គម និងនយោបាយយ៉ាងធ្ងន់ធ្ងរ”។ សម្ដេចក្រឡាហោម ស ខេង បានទទួលស្គាល់ថា: “បច្ចុប្បន្នពលករចំណាកស្រុកឆ្លងកាត់ព្រំដែនឬហៅថាទេសសន្តរប្រវេសន៍ដើម្បីស្វែងរកការងារធ្វើនៅក្រៅប្រទេសបានកើនឡើងគួរឲ្យកត់សំគាល់ ជាពិសេសការចេញតាមច្រករបៀង(នៃព្រំដែនគោក)មិនស្របច្បាប់និងក៏តាមវិធីស្របច្បាប់នានាដែលមិនធានាដល់សុវត្ថិភាពតាមផ្លូវ កន្លែងធ្វើការងារនិងក្នុងការស្នាក់នៅ”។

ហើយក្នុងចំណោមពលករខ្មែរចេញទៅធ្វើការនៅក្នុងប្រទេសនានាពិសេសទៅខុស ច្បាប់ គេបានរកឃើញថា ជនទាំងអស់នោះទទួលរងគ្រោះនូវស្ថានភាពនៃអំពើរត់ពន្ធមនុស្ស អំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ចកម្លាំង ពលកម្ម អំពើហិង្សាលើផ្លូវកាយ ផ្លូវភេទជាដើម។

សម្ដេចក្រឡាហោម ស ខេង បានសុំឲ្យមន្ត្រីសមត្ថកិច្ចទាំងអស់ត្រូវចាត់វិធានការណ៍ គ្រប់គ្រង់ជនចំណាកស្រុកដូចជាស្រង់ស្ថិតិពួកគេ,ចុះអង្កេត ឃ្លាំមើល ទប់ស្កាត់រាល់សកម្មភាពជនខិលខូចដែលជាមេខ្យល់នៅក្នុងមូលដ្ឋាន ក្នុងភូមិសាស្ត្រ តំបន់ដែល មានការសង្ស័យឬប្រឈម ។

សម្តេចក្រឡាហោមឧបនាយករដ្ឋមន្ត្រីថ្លែងជាចំហរ និងអំពាវនាវជាផ្លូវការថា: “អាជ្ញាធរមានសមត្ថកិច្ច អ្នកពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍សូមសហការជិតស្និតនិងប្រសិទ្ធិភាពបន្ថែមទៀតក្នុងការបន្តវិធានការអប់រំផ្សព្វផ្សាយដល់ពលករខ្មែរឲ្យកាន់តែទូលំ ទូលាយ ជ្រួតជ្រាប ស៊ីជម្រៅដើម្បីឲ្យពលករទាំងឡាយយល់ដឹង ជ្រាបពីព័ត៍មានអំណោយផលនានារួចងាកមកស្វែងរកនិងទទួលរកការងារធ្វើនៅក្នុងស្រុកវិញ”៕s/m

website_news/2016270701.txt · Last modified: 2017/03/10 12:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki