website_news:2016270702

ជំនួយ គាំពារកុមាររងគ្រោះដោយការរំលោភផ្លូវភេទ នៅមានកម្រិត

(http://www.postkhmer.com) Wed, 27 July 2016 គង់ មេត្ដា

បាត់ដំបងៈ ខណៈភាពប្រសើរឡើងនៅមានកម្រិតក្នុងរយៈកាលប៉ុន្មានឆ្នាំថ្មីៗនេះគម្លាតនៅក្នុងសេវាគាំពារសង្គមរបស់កម្ពុជាបានធ្វើឲ្យជនរងគ្រោះដោយការរំលោភផ្លូវភេទជាច្រើនគ្មានសង្ឃឹម។

ណារី អាយុ ៩ ឆ្នាំប្រឈមនឹងដំបៅផ្លូវចិត្តនៃអំពើរំលោភលើរូបនាងហើយម្តាយរបស់នាងភ័យខ្លាចការមើលងាយពីក្រុមអ្នកភូមិ និងជួបការលំបាកសម្រាប់អនាគតរបស់នាងប្រសិនបើមិនមានការគាំទ្រពិសេស។ ណារី បានសម្លឹងមើលទៅភ្លៀងនៅខាងក្រៅផ្ទះដោយមិនប្រិចភ្នែកខណៈនាងកំពុងឱបម្ដាយរបស់នាងយ៉ាងជាប់ស្អិត។ ពេលខ្លះនាងប្រើភ្លៅរបស់ម្តាយនាងធ្វើជាខ្នើយ។

ប៉ុ ន្មានថ្ងៃពីមុននោះ ណារី ត្រូវបានចាប់រំលោភដោយយុវជនអាយុ ១៨ ឆ្នាំម្នាក់នៅក្នុងភូមិមក្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។ នគរបាលបានធ្វើការកត់ត្រាករណីរបស់នាងហើយអង្គការមួយបានផ្តល់ឲ្យនាងនូវកន្លែងសុវត្ថិភាពដើម្បីស្នាក់នៅប៉ុន្តែម្តាយរបស់នាងអ្នកស្រី នួន បានសម្រេចត្រឡប់មកភូមិវិញ។ឥឡូវនេះដោយមិនមានសេវាគាំទ្រណាមួយអ្នកស្រី នួន ថ្លែងថាអ្នកស្រីមិនដឹងថា តើគួរធ្វើយ៉ាងម៉េចដើម្បីដោះស្រាយជាមួយដំបៅផ្លូវចិត្តនោះទេ? អ្នកស្រីឆ្លើយថា៖ «ខ្ញុំមានអារម្មណ៍អស់សង្ឃឹម»។

នគរបាលកម្ពុជារដ្ឋាភិបាលកម្ពុជា និងមេដឹកនាំអង្គការក្រៅរដ្ឋាភិបាលបានទទួលស្គាល់ថាកុមារដែលទទួលរងគ្រោះដោយការរំលោភផ្លូវភេទ និងគ្រួសាររបស់ពួកគេទទួលបានការជួយបណ្តុះបណ្តាលវិជ្ជាជីវៈតិចតួចក្នុងការដោះស្រាយបញ្ហាដំបៅផ្លូវចិត្តឲ្យជាសះស្បើយ។ សេវាអន្តរាគមន៍មានតិចតួចដូចជាការប្រឹក្សាយោបល់ ឬការព្យាបាលបង្ការបញ្ហាផ្លូវចិត្តដើម្បីកុំឲ្យកើតមាននាពេលអនាគតក្នុងជីវិតរបស់ពួកគេហើយសេវាទាំងនេះភាគច្រើនគឺបានមកពីអង្គការក្រៅរដ្ឋាភិបាល។

Joan van Niekerk ប្រធានអង្គការសង្គមអន្តរជាតិដើម្បីបង្ការការរំលោភបំពានផ្លូវភេទ និងការមិនទទួលបានការគាំពារបានថ្លែងថាកុមារដែលមានបទពិសោធពីរឿងរំលោភផ្លូវភេទតម្រូវឲ្យមានការជួយពីអ្នកមានវិជ្ជាជីវៈដែលមានការបណ្តុះបណ្តាលត្រឹមត្រូវដើម្បីតាមដានករណីរបស់ពួកគេ និងអ្វីលើសពីនេះទៀត។ ទាំងនេះតម្រូវឲ្យមានការបណ្តុះបណ្តាលនគរបាលក្នុងការសម្ភាស និងប្រាស្រ័យទាក់ទងជាមួយកុមារដែលមានបញ្ហាដំបៅផ្លូវចិត្តបុគ្គលិកពេទ្យដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការអនុវត្តការពិនិត្យ និងអ្នកចិត្តវិទ្យា ឬអ្នកជំនាញបញ្ហាសង្គមដែលទទួលបានការបណ្តុះបណ្តាលលើជំនាញបញ្ហាកុមារ និងការការពារកុមារដើម្បី «វាយតម្លៃតម្រូវការសម្រាប់ការព្យាបាលភ្លាមៗ ឬរយៈពេលវែង»។

van Niekerk បានថ្លែងថាពួកគេក៏តម្រូវឲ្យមានការគាំទ្រក្នុងអំឡុងដំណើរការតុលាការក្នុងចំណោមប្រព័ន្ធគាំទ្រដទៃៗទៀតផងដែរ។ van Niekerk ថ្លែងតាមអ៊ីមែលថា៖ «គេត្រូវចាំផងដែរថាការងារជាមួយកុមារជាធម្មតាត្រូវការធ្វើបន្តបន្ទាប់ពីបញ្ចប់សំណុំរឿងតុលាការដោយសារកុមារភាគច្រើនបំផុតត្រូវការការព្យាបាលជាបន្ត»។ ទោះយ៉ាងណាក្តីអ្នកនាំពាក្យអង្គការ UNICEF ប្រចាំកម្ពុជាលោកស្រី Iman Morooka បានថ្លែងថាប្រព័ន្ធគាំពារកុមារនៅក្នុងប្រទេសកម្ពុជានៅតែមានលក្ខណៈទ្រង់ទ្រាយតូចព្រមទាំង «ខ្វះបុគ្គលិក និងខ្វះថវិកា»។

លោកស្រីបានថ្លែងថា ការបង្កើតនាយកដ្ឋានគាំពារកុមារដើម្បីដោះស្រាយបញ្ហាហិង្សាលើកុមារ និងហិង្សាផ្លូវភេទគឺ «សំខាន់ខ្លាំង»។ លោកស្រីបានសរសេរតាមអ៊ីមែលថា៖ «ដោយសារជាបញ្ហាបន្ទាន់រដ្ឋាភិបាលចាំបាច់ត្រូវការបង្កើតនាយកដ្ឋានគាំពារកុមារដើម្បីឆ្លើយតបទៅនឹងករណីនៃការរំលោភបំពាន និងជួលបុគ្គលិកផ្នែកសង្គមបន្ថែម»។ លោកស្រី Morooka បានថ្លែងថានៅក្នុងករណីរំលោភបំពានផ្លូវភេទលើកុមារអ្នកឆ្លើយតបទីមួយគួរតែជាបុគ្គលិកផ្នែកសង្គមដើម្បីធានាថាកុមារមានសុវត្ថិភាព និងមិនមានហានិភ័យនៃការរំលោភបំពានម្តងទៀតទេ។

ទោះបីយ៉ាងណាក្តីនៅក្នុងប្រទេសកម្ពុជាមានបុគ្គលិកផ្នែកសង្គមតែម្នាក់គត់សម្រាប់រាល់កុមារ ៦៦៤៦ នាក់។ នេះបើតាមលោកស្រី Morooka។ អ្នកព្យាបាល និងអ្នកចិត្តវិទ្យាត្រូវការឲ្យមានផងដែរ។ លោកស្រីបន្តថា៖ «ការខ្វះខាតបុគ្គលិកផ្នែកសង្គមនៅក្នុងប្រទេសកម្ពុជាគឺជាគម្លាតធ្ងន់ធ្ងរដែលត្រូវតែដោះស្រាយដើម្បីធានាថាកុមារត្រូវបានការពារពីការមិនគាំពារ និងហិង្សា»។ ការព្យាយាមសុំអត្ថាធិប្បាយជាច្រើនដងពីក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច និងក្រសួងមហាផ្ទៃ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារមិនទទួលបានការឆ្លើយតបទេ។

លោក Jim McCabe ប្រធានអង្គភាពគាំពារកុមារបានថ្លែងថាការព្យាបាលករណីរំលោភកុមារមានលក្ខណៈប្រសើរឡើងក្នុងរយៈកាលប៉ុន្មានឆ្នាំកន្លងមកនេះ។ លោកបានថ្លែងថា អង្គភាពរបស់លោកដោយមានការសហការរវាងអង្គការមូលនិធិកុមារកម្ពុជា និងនគរបាលជាតិដែលធ្វើការស៊ើបអង្កេតបទល្មើសធ្ងន់ៗលើអនីតិជនឥឡូវនេះកំពុងជួយប្រហែល ៩០ ភាគរយនៃករណីរំលោភកុមារដែលត្រូវបានរាយការណ៍។

បុគ្គលិកគឺទទួលបានការបណ្តុះបណ្តាលជាក់លាក់ស្តីពីរបៀបដោះស្រាយបញ្ហាជាមួយជនរងគ្រោះនៃការរំលោភបំពានផ្លូវភេទ។ ឧទាហរណ៍ជនរងគ្រោះនីមួយៗគឺត្រូវបានផ្តល់ឲ្យនូវកុក្កតាខ្លាឃ្មុំមួយ និងសម្លៀកបំពាក់ថ្មីមួយកំប្លេខណៈនគរបាលកំណត់ថា តើកុមារនោះមានសុវត្ថិភាពឬអត់ក្នុងការបន្តនៅផ្ទះរបស់ខ្លួន និងថា តើពួកគេត្រូវការសេវាសុខភាពផ្លូវចិត្តឬអត់? លោកបន្តថា៖ «មន្រ្តីគាំពារកុមារគឺត្រូវដើរជាមួយកុមារនៅក្នុងសំណុំរឿងតុលាការទាំងមូល»។លោកបានថ្លែងថាដំណើរការអាចមានរយៈពេលរហូតដល់ ១២ ខែ។ «ពួកគេកាន់ដៃកុមារក្នុងអំឡុងពេលដំណើរការនីតិវិធីតុលាការ»។ ទោះយ៉ាងណាក្តីលោកបានទទួលស្គាល់ថា៖ «មានតម្រូវការឲ្យមានការកែលម្អសេវាបន្ថែម»។

តួលេខស្តីពីចំនួនកុមាររងគ្រោះនៃការរំលោភបំពានផ្លូវភេទក្នុងប្រទេសកម្ពុជាគឺមានលក្ខណៈខុសៗគ្នាក្នុងមួយឆ្នាំៗ។ យោងតាមនគរបាលជាតិករណីរំលោភបំពានផ្លូវភេទលើកុមារមានតែ ៣៨ ករណីក្នុងអំឡុងឆមាសទីមួយនៃឆ្នាំនេះ (រួមទាំង ១៣ ករណីក្នុងខេត្តបាត់ដំបង)។ ទោះយ៉ាងណាក្តីអង្គការសិទ្ធិមនុស្សលីកាដូអះអាងថាអង្គការបានស៊ើបអង្កេតដោយផ្ទាល់ចំនួន ៩៦ ករណីចន្លោះខែមករា និងឧសភា (ក្នុងអំឡុងពេលដូចគ្នានៃឆ្នាំមុនពួកគេបានស៊ើបអង្កេតឃើញ ៧៥ ករណី)។ កាលពីឆ្នាំមុនអង្គការលីកាដូបានស៊ើបអង្កេតឃើញមានសរុប ១៩៥ ករណីគ្រាន់តែនៅក្នុងរាជធានីភ្នំពេញ និង ១៣ ខេត្តហើយឆ្នាំមុននោះគឺមាន ១៨២ ករណី។ ប្រធានអង្គការលីកាដូលោកស្រី ពុង ឈីវកេក បានសង្កត់ធ្ងន់ថា៖ «ករណីទាំងនេះគឺគ្រាន់តែជាករណីស៊ើបអង្កេតដោយអង្គការលីកាដូ»។

លោក ទេព សឿន នាយប៉ុស្តិ៍ឃុំព្រៃខ្ពស់បានថ្លែងថា ណារី គឺជាករណីរំលោភទីមួយដែលត្រូវបានរាយការណ៍នៅក្នុងឃុំរបស់លោកក្នុងរយៈកាល ១០ ឆ្នាំប៉ុន្តែលោកថ្លែងថាលោកចង់មានការបណ្តុះបណ្តាលអំពី «របៀបដោះស្រាយឲ្យប្រសើរឡើង» ចំពោះករណីរំលោភកុមារ។ លោកបន្តថា លោក និងមន្រ្តីរបស់លោកទទួលបានការបណ្តុះបណ្តាលលើជំនាញមូលដ្ឋានដូចជា អ្វីទៅដែលត្រូវចាត់ទុកថាជាការរំលោភ និងអ្វីទៅចាត់ទុកថាជាការរួមភេទព្រមព្រៀងគ្នា និងអាយុប៉ុន្មានជាអាយុគ្រប់វ័យរួមភេទ។ «ប៉ុន្តែមិនមែនអំពីរបៀបទៅធ្វើការងារផ្ទាល់ជាមួយជនរងគ្រោះទេ»។ «វាពិបាកណាស់ពីព្រោះពួកគេនៅកំពុងឈឺចាប់»។ គិតត្រឹមខែកក្កដានេះចុងចោទឈ្មោះ ខេ សាឡៃ អាយុ ១៨ ឆ្នាំកំពុងត្រូវបានឃុំខ្លួននៅសាលាដំបូងខេត្តបាត់ដំបង និងកំពុងប្រឈមបទចោទប្រកាន់រំលោភផ្លូវភេទ។ «ជនសង្ស័យបានសារភាពថាគាត់បានរំលោភនាង»។

លោក ហេង សាយហុង មន្រ្តីតាមដានសិទ្ធិមនុស្សនៅអង្គការលីកាដូបានថ្លែងថាមានការខ្វះខាតថវិកាសម្រាប់សេវាជនរងគ្រោះនៃការរំលោភផ្លូវភេទលើកុមារក្នុងខេត្តបាត់ដំបងដែលមានអត្រារំលោភបំពានផ្លូវភេទខ្ពស់បំផុតក្នុងប្រទេសកម្ពុជា។ គ្មាននរណាម្នាក់ដឹងមូលហេតុអ្វីទេ។ លោកបន្តថា៖ «អង្គការមានបុគ្គលិកតិចតួច និងធនធានមានកំណត់»។ «វាពិតជាការទទួលខុសត្រូវរបស់រដ្ឋក្នុងការដោះស្រាយបញ្ហានេះ»។ «យើងមិនឃើញមានចំណុចសកម្មភាពពីរដ្ឋាភិបាលក្នុងការធ្វើអ្វីមួយអំពីករណីរំលោភផ្លូវភេទកុមារទេ»។

លោកស្រី លន់ នាង ដែលជាសមាជិកនៃក្រុមប្រឹក្សាឃុំព្រៃខ្ពស់ទទួលបន្ទុកផ្នែកស្ត្រី និងកុមារដែលបានផ្តល់ថវិកាដោយមន្ទីរកិច្ចការនារីខេត្តបាត់ដំបងបានទទួលស្គាល់ថាជនរងគ្រោះត្រូវបានគេមើលរំលងដោយប្រព័ន្ធច្បាប់ហើយក្រុមប្រឹក្សាឃុំជាធម្មតាមិនងាយទទួលបានមូលនិធិក្នុងការផ្តល់សេវាសម្រាប់ជួយជនរងគ្រោះទាំងនោះទេ។ អ្នកស្រីនិយាយថា៖ «យើងពិតជាត្រូវការកញ្ចប់ថវិកាជាក់លាក់មួយសម្រាប់ទុកដោះស្រាយករណីរំលោភសេពសន្ថវៈនេះ»។ «ឥឡូវនេះយើងគ្រាន់តែអាចនាំពួកគេទៅឲ្យអង្គការក្រៅរដ្ឋាភិបាលប៉ុណ្ណោះ»។ «យើងមិនមានថវិកាទាល់តែសោះដើម្បីជួយដល់កុមាររងគ្រោះពីការរំលោភសេពសន្ថវៈទាំងនោះ»។ លោកស្រីបានបន្តថា៖ «យ៉ាងហោចណាស់ក៏យើងត្រូវមានថវិកាបម្រុងទុកដើម្បីផ្តល់ជំនាញដល់ឪពុកម្តាយដែលមានកូនជួបបញ្ហាសតិអារម្មណ៍បង្រៀនឲ្យគេចេះការពារខ្លួននឹងឲ្យចេះរកវិធីដោះស្រាយនៅពេលដែលពួកគេជួបហេតុការណ៍ចាប់រំលោភណាមួយកើតឡើង»។

អ្នកស្រីបន្តថា៖ «ជាពិសេសសម្រាប់អ្នកម្តាយពីព្រោះម្តាយតែងតែមានភាពជិតស្និទ្ធជាមួយកូនស្រីរបស់ខ្លួនប៉ុន្តែយើងមិនមានថវិកាពិតប្រាកដណាមួយពី [រដ្ឋ] ដើម្បីគាំទ្រដល់ពួកគេនោះទេ»។ លោកស្រីថ្លែងថាទោះជាយ៉ាងណាក៏ដោយលោកស្រីមានគម្រោងស្នើសុំថវិកាពីឃុំព្រៃខ្ពស់សម្រាប់ទុកជួយជនរងគ្រោះនៅក្នុងឆ្នាំ ២០១៧។ ថវិកាសរុបរបស់ក្រុមប្រឹក្សាឃុំសម្រាប់ផ្តល់សេវាជួយដល់កុមារទាំងនេះគឺមានតែ ៤ លានរៀល ឬប្រហែល ៩៧៧ ដុល្លារប៉ុណ្ណោះ។ លោកស្រីបន្តថា៖ «ខ្ញុំចង់ឃើញអង្គការក្រៅរដ្ឋាភិបាល និងរដ្ឋាភិបាលផ្តល់យុត្តិធម៌ដល់ជនរងគ្រោះទាំងនោះ»។

លោកស្រី អ៊ុំ សំអន ប្រធានមន្ទីរកិច្ចការនារីខេត្តបាត់ដំបងបានឲ្យដឹងថាមន្ទីរមិនមានមូលនិធិដើម្បីផ្តល់ការគាំទ្រជួយដល់ជនរងគ្រោះទាំងនោះទេ។ លោកស្រី សំអន បន្ថែមថាលោកស្រីមិនបានឮអំពីការផ្តល់ថវិកាមកនោះទេប៉ុន្តែកន្លងមកក្រសួងកិច្ចការនារីក៏បានធ្វើការអប់រំដល់ប្រជាជនអំពីការការពារពីអំពើហិង្សា និងការរំលោភបំពានផ្លូវភេទផងដែរ។ លោកស្រី សំអន បន្តថា៖ «វាលំបាកដោយសារតែមិនមានការចាត់ចែងថវិកាដាច់ដោយឡែកណាមួយទុកសម្រាប់យើងនោះទេ»។

លោកស្រី ជឹម ប៊ុន ចិន្តា អ្នកគ្រប់គ្រងកម្មវិធីម្នាក់នៅបន្ទាយស្រីបានឲ្យដឹងថាអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តបាត់ដំបងតែងតែជួយជនរងគ្រោះដែលរងការរំលោភបំពានផ្លូវភេទ ការជួញដូរ និងអំពើរហិង្សាក្នុងគ្រួសារជាដើម និងមានផ្ទះសុវត្ថិភាពដែលផ្តល់ជាទីជម្រកសម្រាប់ជនរងគ្រោះទាំងនោះផងដែរ។ លោកស្រី ចិន្តា ថ្លែងថាសេវាកម្មដែលបានផ្តល់ជូនដល់ជនរងគ្រោះរួមបញ្ចូលទាំងការធ្វើដំណើរកន្លែងស្នាក់នៅ អាហារ និង សេវាគាំទ្រផ្នែកតុលាការ។ លោកស្រីបាននិយាយថាជនរងគ្រោះអាចស្នាក់នៅក្នុងផ្ទះសុវត្ថិភាពបានប្រសិនបើពួកគេត្រូវការកន្លែងដែលមានសុវត្ថិភាពដើម្បីស្នាក់នៅ។ តែវាក៏អាស្រ័យទៅលើតម្រូវការរបស់ពួកគេដែរមួយចំនួនអាចស្នាក់នៅទីនោះបានរយៈពេលវែងគឺអាស្រ័យលើការសម្រេចចិត្តរបស់ជនរងគ្រោះថាតើពួកគេចង់បានសេវាកម្មទាំងនោះឬទេ? លោកស្រីថ្លែងថា៖ «យើងគោរពការសម្រេចចិត្តរបស់ពួកគាត់»។

លោកស្រីបញ្ជាក់ថា៖ «យើងមិនបំបែកគេចេញពីក្រុមគ្រួសាររបស់ពួកគេទេ»។ ប៉ុន្តែលោកស្រី ចិន្តា បន្ថែមថាការផ្តល់មូលនិធិរបស់អង្គការលោកស្រីមិនមានច្រើនទេហើយអនាគតផ្ទះសុវត្ថិភាពក៏មិនទាន់ប្រាកដប្រជាដែរ។ នៅពេលជាមួយគ្នានេះដែរតម្រូវការសម្រាប់សេវាកម្មរបស់ជនរងគ្រោះគឺបន្តកើនឡើងជាលំដាប់ហើយជនរងគ្រោះមានវ័យកាន់តែក្មេងទៅៗ។ លោកស្រី ប៊ុនចិន្តា បានឱ្យដឹងថា៖ «អង្គការលោកស្រីធ្លាប់បានឃើញករណីជនរងគ្រោះដែលរងការចាប់រំលោភអាយុទើបតែ ១ ឆ្នាំក៏មានដែរ»។ «ករណីដែលកើតលើក្មេងៗភាគច្រើនគឺនៅតំបន់ដាច់ស្រយាលជាកន្លែងដែលឪពុកម្តាយរបស់ពួកគេបានធ្វើចំណាកស្រុកអស់»។

លោកស្រី Marnie Walters ប្រធានផ្នែកទំនាក់ទំនងរបស់អង្គការ The Cambodian Children's Trust ដែលមានមូលដ្ឋាននៅក្នុងខេត្តបាត់ដំបងនិយាយថា៖ «អង្គការរបស់លោកស្រីបានផ្តល់សេវាជួយដល់ជនរងគ្រោះវ័យក្មេងៗដែរប៉ុន្តែចំនួនដែលយើងទទួលគឺមានកំណត់»។ លោកស្រីថ្លែងថាក្នុងករណីខ្លះប្រសិនបើគ្រួសាររបស់ពួកគេរស់នៅទីជនបទឆ្ងាយដាច់ស្រយាលយើងនឹងជម្លៀសពួកគាត់មកទីក្រុងជាកន្លែងដែលកុមារអាចទទួលបានសេវាកម្មចាំបាច់ដូចជាការផ្តល់ការប្រឹក្សាជាដើម។ លោកស្រីបានថ្លែងថា៖ «យើងបង់ថ្លៃឈ្នួលផ្ទះសម្រាប់ឲ្យពួកគាត់ស្នាក់នៅប៉ុន្តែពួកគាត់ត្រូវតែរកការងារធ្វើ»។

អ្នកនាង សូ កញ្ញា វុទ្ធី ជាបុគ្គលិករបស់អង្គការ Friends International បានថ្លែងថាអង្គការនាងបានផ្តល់ការប្រឹក្សា ការគ្រប់គ្រងករណីបទល្មើស ការធ្វើផែនការគាំទ្រគ្រួសារ និង សេវាគាំទ្រផ្នែកតុលាការ។ ករណីជនរងគ្រោះមានបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរគឺត្រូវបញ្ជូនទៅអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀត។ នាងបាននិយាយថា៖ «យើងមានការផ្តល់ប្រឹក្សាផ្សេងៗគ្នាដើម្បីបំពេញតម្រូវការក្នុងកម្រិតខុសៗគ្នា» ។ ប៉ុន្តែនាងបាននិយាយថាអង្គការរបស់នាងមានបុគ្គលិកមានកំណត់ និងមិនមានសមត្ថភាពក្នុងការពង្រីកទៅទូទាំងប្រទេសនោះទេ។

ណារី ដែលមកពីភូមិមក្លឿត្រូវបានផ្ទេរទៅអង្គការបន្ទាយស្រី។ អ្នកស្រី នួន ម្តាយរបស់ ណារី និយាយថា៖ «អង្គការបន្ទាយស្រីចង់ឱ្យនាងស្នាក់នៅទីនោះប៉ុន្តែពួកយើងបានចាកចេញពីទីនោះ» ពួកគេមិនចង់បំបែកម្តាយចេញពីកូនស្រីរបស់អ្នកស្រីឡើយហើយអ្នកស្រីមិនអាចចាកចេញចោលប្ដីរបស់អ្នកស្រីឲ្យនៅតែម្នាក់ឯងជាមួយកូនៗផ្សេងទៀតនោះទេ។ ណារី ត្រូវបានគេចាក់ថ្នាំសម្រាប់ព្យាបាលរបួសសរីរាង្គបន្តពូជរបស់នាងប៉ុន្តែនាងមិនបានទទួលការតាមដានឲ្យបានដិតដល់នោះទេព្រោះតែនាងរស់នៅឆ្ងាយពីទីក្រុង។

អ្នកស្រី នួន បារម្ភថា ណារី អាចនឹងត្រូវបានគេប្រមាថមើលងាយព្រោះមនុស្សជាច្រើននៅក្នុងភូមិបានសួរនាំពីករណីចាប់រំលោភសេពសន្ថវៈ ណារី នេះ។ ម្តាយរបស់ ណារី និយាយថា៖ «ខ្ញុំមិនដឹងថាគួរដោះស្រាយជាមួយបញ្ហានោះយ៉ាងម៉េចទេ»។ អ្នកស្រី នួន មិនទាន់បានកត់សម្គាល់ច្រើនពីសកម្មភាពមិនប្រក្រតីរបស់ ណារី នៅឡើយទេក្រៅពីអ្វីដែលនាងលែងដើរលេងជារៀងរាល់ថ្ងៃនៅពេលរសៀលព្រោះកាលពីមុនការដើរលេងនាពេលរសៀលនោះជាចំណង់ចំណូលចិត្តរបស់នាង។ ប៉ុន្តែ ណារី ខ្លួនឯងនាងនៅមានអារម្មណ៍ប៉ះពាល់នៅឡើយ។

ស្ត្រីជាម្តាយបានឱ្យដឹងថា៖ «ខ្ញុំមានអារម្មណ៍អស់សង្ឃឹមយ៉ាងខ្លាំងហើយខ្ញុំគ្មានកម្លាំងធ្វើការងារទេ។ វាធ្វើឲ្យខ្ញុំមានទុក្ខកង្វល់យ៉ាងខ្លាំង។ ខ្ញុំសង្ឃឹមថាអ្វីៗនឹងបានល្អប្រសើរក្នុងពេលឆាប់ៗ»៕ PS/NS

website_news/2016270702.txt · Last modified: 2017/03/10 12:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki