website_news:2016270703

ក្រុមហ៊ុន IIS មានគម្រោងបញ្ជូនកម្មសិក្សាការី ១០០០នាក់ក្នុងមួយឆ្នាំៗទៅធ្វើការនៅជប៉ុន និពន្ធដោយ : ញ៉ុង ហេង

(https://www.thmeythmey.com) July-26-2016,  12:59 pm

ភ្នំពេញ៖ ក្រុមហ៊ុន IIS មានផែនការបញ្ជូនកម្មសិក្សាការីខ្មែរក្នុងរង្វង់ ១០០០នាក់ក្នុងមួយឆ្នាំៗ ទៅបម្រើការងារនៅប្រទេសជប៉ុន ដែលការងារនៅទីនោះផ្ដល់ប្រាក់ចំណូលបានក្នុងរង្វង់ ១៥០០ដុល្លារក្នុងមួយខែ។ ក្រុមហ៊ុន IIS ដែលជាក្រុមហ៊ុនក្នុងស្រុក សហការជាមួយក្រុមហ៊ុន IIS របស់ជប៉ុន ដើម្បីបញ្ជូនកម្មសិក្សាការីទៅបម្រើការងារនៅប្រទេសជប៉ុន។

លោក ឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុន IIS ឲ្យដឹងថា ចាប់ពីឆ្នាំ២០១៤ រហូតមកដល់ឆមាសទី១ឆ្នាំនេះ ក្រុមហ៊ុនរបស់លោកបានបញ្ជូនកម្មសិក្សាការីចំនួនជាង ២០០នាក់ទៅបម្រើការងារនៅប្រទេសជប៉ុន ហើយក្រុមហ៊ុនគ្រោងពង្រីកចំនួននេះឲ្យដល់ ១០០០នាក់ក្នុងមួយឆ្នាំៗ។ លោក រ៉ូហ្សែត ថ្លែងទៀតថា កម្មសិក្សាការីដែលត្រូវបញ្ជូនទៅប្រទេសជប៉ុន ភាគច្រើនធ្វើការលើផ្នែកសំណង់ កសិកម្ម និងឧស្សាហកម្ម ដែលពួកគេអាចទទួលបានប្រាក់ខែក្នុងរង្វង់ ១៥០០ដុល្លារអាមេរិក។ លោកបន្ថែមថា បើទូទាត់ការចាយវាយផ្សេងៗ ពលករម្នាក់អាចសល់យ៉ាងតិច ៨០០ដុល្លារក្នុងមួយខែ។ លោកបញ្ជាក់ថា ក្រៅពីប្រាក់ចំណូល កម្មសិក្សាការី ក៏ទទួលបានចំណេះជំនាញពីប្រទេសអភិវឌ្ឍន៍ផងដែរ។ លោក រ៉ូហ្សែត បន្ថែមថា អ្នកបម្រើការងារនៅជប៉ុនមានអាណត្តិត្រឹម៣ឆ្នាំ ក្នុងនាមជាកម្មសិក្សាការី។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឲ្យដឹងថា មកទល់នឹងពេលនេះ កម្ពុជាបានបញ្ជូនកម្មសិក្សាការីទៅប្រទេសជប៉ុនចំនួនប្រមាណ ៣ពាន់នាក់ ដែលបង្កើតចំណូលចំនួន ២៥លានដុល្លារក្នុងមួយឆ្នាំៗ។ ហើយបច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនចំនួន ២៣ ដែលជ្រើសរើសកម្មសិក្សាការីទៅបម្រើការងារនៅជប៉ុន។ បើតាមលោក ហេង សួរ ច្បាប់របស់ជប៉ុនទទួលយកតែកម្មសិក្សាការីប៉ុណ្ណោះ គឺមិនអនុញ្ញាត ឲ្យនាំពលករពីក្រៅប្រទេសឡើយ៕

website_news/2016270703.txt · Last modified: 2017/03/10 12:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki