website_news:2016270704

ថៃចេញច្បាប់ថ្មី ករណីមានអ្នកសុំទានតាមដងផ្លូវ នឹងត្រូវចាប់ខ្លួន ជាប់ពន្ធធនាគារ និងពិន័យជាសាច់ប្រាក់

(https://www.khmerload.com/news) ថ្ងៃអង្គារ ២៦ កក្តដា, ២០១៦ ១៣:៤៥ ដោយ ពៅ

ថៃ៖ អ្នកសុំទានទាំងអស់ ក្នុងប្រទេសថៃ នឹងត្រូវប្រឈមមុខ ក្នុងការចាប់ខ្លួន ក្រោមច្បាប់ថ្មី ដែលទើបបញ្ចូលជាធរមាន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះ។ ប្រភពបានឲ្យដឹងថា ដោយផ្នែកតាមរយៈ ការចុះពិនិត្យស្រាវជ្រាវ រកឃើញថា ចំនួនអ្នកសុំទានក្នុងប្រទេសថៃ មានរហូតដល់ទៅ ៤,៦១៨នាក់ ហើយក្នុងនោះមាន ១,៦៩១នាក់ ជាជនបរទេសផងដែរ។ តាមរយៈការចេញច្បាប់ថ្មីនេះ ប្រសិនណាអ្នកសុំទាន ជាជនបរទេស ហើយត្រូវបានចាប់ខ្លួន និងត្រូវនិរទេស បញ្ជូនខ្លួនពួកគេ ទៅស្រុកកំណើតវិញ។

តាមច្បាប់ថ្មីនេះ អ្នកសុំទានទាំងអស់ និងត្រូវផ្តន្ទាទោស ឲ្យជាប់ពន្ធធនាគា ពីរយៈពេលមួយខែ ឬពិន័យជាសាច់ប្រាក់ចាប់ពី ១០,០០០បាត (ប្រហែលជា ២៨៥ដុល្លារអាមេរិក) ឡើងទៅ។ ក្នុងនោះទៀតសោត បើរកឃើញជនណាម្នាក់ ដែលជាប់ទាក់ទង (មេក្លោង ឬ មេផ្សំគំនិត) ឬឆ្លៀតឱកាស ទទួលយកផលប្រយោជន៍ ពីអ្នកសុំទាននោះ នឹងត្រូវផ្តន្ទាទោស ឲ្យជាប់ពន្ធធនាគារយៈពេល ៣ខែ ឬពិន័យជាទឹកប្រាក់ រហូតដល់ទៅ ៣០,០០០បាត (ប្រហែលជា ៨៥៥ដុល្លារអាមេរិក) ផងដែរ។

ជាមួយគ្នានេះដែរ អ្នកសុំទានទាំងអស់ ក្រោយពីត្រូវបានផ្តន្ទាទោសហើយ នឹងទទួលបានការផ្តល់កម្លាំងចិត្ត ឲ្យមានការគិតប្រសើរជាងមុន និងថែមទាំងមានការ ជួយបង្ហាត់បង្រៀនការងារ ដើម្បីឲ្យពួកគេទាំងអស់នោះ ទទួលបានការងារធ្វើ ដ៏សមរម្យមួយ ដើម្បីទទួលបានជីវភាព រស់នៅល្អប្រសើរជាងមុន ចៀសឆ្ងាយ ឬមិនវិលត្រលប់ទៅដើរសុំទាន ដូចមុនទៀតនោះឡើយ។

គូសបញ្ជាក់ដែរថា អ្នកនាំពាក្យ លោក Sansern បានជំរុញឲ្យសាធារណៈជនទាំងអស់ មិនត្រូវផ្តល់ប្រាក់ទៅឲ្យ អ្នកសុំទានទៀតឡើយ។ ក្នុងនោះសាធារណៈជនទាំងអស់ ករណីឃើញមានអ្នកសុំទាន តាមដងផ្លូវនោះ អាចរាយការណ៍បន្ទាន់ តាមរយៈទូរស័ព្ទលេខ ១៣០០ ដែលចាំទទួល ២៤ម៉ោងផងដែរ ៕

website_news/2016270704.txt · Last modified: 2017/03/10 12:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki