website_news:2016270705

អំពើភេរវកម្មនិងការជួញដូរមនុស្ស ជារបៀបរវារៈសំខាន់ក្នុងសន្និសីទ Aseanapol

(http://www.cen.com.kh/) ថ្ងៃទី 27 កក្កដា 2016, ម៉ោង 09:39:AM) | ដោយ: ដាវុធ

ភ្នំពេញ: គណ:ប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយលោក នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញចូលរួមសន្និសីទនគរបាលអាស៊ាន (ASEANAPOL) លើកទី៣៦នៅទីក្រុង កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី។

អាស៊ានណាប៉ូល បានបើកសន្និសីទជាផ្លូវការនាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមមកពីនគរបាលនៃអាស៊ានទាំង ១០ ប្រទេសជាដៃគូ និងស្ថាប័ន ដែលពាក់ព័ន្ធ ។ នាយនគរបាលជាន់ខ្ពស់ប្រមាណ ១៦០នាក់ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងធ្វើការពិភាក្សាគ្នាទៅលើបញ្ហាសន្តិសុខ ។ នៅក្នុងសន្និសីទ Aseanapol នេះដែរត្រូវបានពិភាក្សាលើចំណុចសំខាន់ៗ ២ គឺអំពើភេរវកម្ម និងការជួញដូរមនុស្ស ដែលនាយនគរបាលជាន់ខ្ពស់ទាំង១៦០នាក់ នឹងពិភាក្សាលម្អិតនៅក្នុងសន្និសីទលើកទី ៣៦ នេះ ។

លោក ណាជីប សារ៉ាក់ នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី បានអញ្ជើញជាគណៈធិបតីក្នុងការបើកសន្ទិសីទ និងបានថ្លែងដោយមានខ្លឹមសារថា អំពើភេរវកម្មកំពុងតែគម្រាមកំហែងពិភពលោកកាន់តែខ្លាំងហើយ និងទាមទារឲ្យមានការសហការគ្នាជារួម ពីសំណាក់កងកម្លាំងនគរបាលនៅក្នុងតំបន់ និងនៅក្នុងពិភពលោកទាំងមូល ។

គួរបញ្ជាក់ដែរថា លោក នាយឧត្តមសេនីយ៍ នេត សាវឿន រួមទាំងគណៈប្រតិភូនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ បានចូលរួមសន្និសីទនគរបាលអាស៊ាន ( ASEANAPOL ) លើកទី ៣៦ នៅប្រទេសម៉ាឡេស៊ី ដែលបានប្រារព្ធធ្វើចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ដោយមានការចូលរួមពីនគរបាលមកពីអាស៊ានទាំង ១០ប្រទេស ក្នុងនោះក៏មានការចូលរួមជាដៃគូពិភាក្សា ចំនួន ៧ប្រទេស រួមជាមួយអគ្គលេខាដ្ឋានអាស៊ាន និងនគរបាលអន្តរជាតិ ហើយក៏មានអង្កេតការណ៍មកពី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រលេស ភា្នក់ងារជាតិនៃឧក្រិដ្ឋកម្ម ចក្រភពអង់គ្លេស អង្គការអាស៊ានវែន អ៊ឺរ៉ូប៉ូល និងកាកបាទក្រហមអន្តរជាតិ ៕S/S

website_news/2016270705.txt · Last modified: 2017/03/10 12:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki