website_news:2016270901

អតីតជនរងគ្រោះនៃការជួញដូរមនុស្សចែករំលែកបទពិសោធន៍ការងារជាជនចំណាកស្រុកខុសច្បាប់

(https://www.thmeythmey.com) និពន្ធដោយ : អ៊ីសា រ៉ហានី September-27-2016, 3:37 pm

សៀមរាប៖ អតីតជនរងគ្រោះនៃការជួញដូរមនុស្ស ក៏ដូចជាជនចំណាកស្រុកខុសច្បាប់ ដែលស្វែងរកការងារធ្វើនៅក្រៅប្រទេស បានជួបពិភាក្សា និងចែករំលែកបទពិសោធន៍ ដែលពួកគេបានជួបប្រទះនាពេលកន្លងមក។ ជនរងគ្រោះទាំងនោះ បានរម្លឹកទាំងបទពិសោធន៍ការងារ រួមនិងទុក្ខលំបាកនៅក្នុងពន្ធនាគារនៅក្រៅប្រទេស។

អតីតជនរងគ្រោះពីការជួញដូរមនុស្ស បានចែករំលែករឿងរ៉ាវ ដែលបានកើតឡើងអំឡុងពេលពួកគេ ស្វែងរកការងារធ្វើនៅក្រៅប្រទេស។ ជនរងគ្រោះទាំងនោះមកពីបណ្តាខេត្តផ្សេងៗ និងត្រូវបានរងគ្រោះនៅប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសចិនជាដើម។

ជនរងគ្រោះនៅប្រទេសម៉ាឡេស៊ី អ្នកស្រី ហ៊ីម ភាស់ បាននិយាយថា អ្នកស្រីត្រូវបានអង្គការមួយ ដែលអ្នកស្រីមិនចាំឈ្មោះ ជួយរំដោះចេញពីពន្ធនាគារ។ អ្នកស្រីបន្ថែមថា អ្នកស្រីរួមនិងជនជាតិខ្មែរទាំង១៤នាក់ផ្សេងទៀត បានជាប់ក្នុងពន្ធនាគារនៅប្រទេសម៉ាឡេស៊ីរយៈពេល៧ខែ មុននឹងអង្គការសិទ្ធិមនុស្ស ជួយសង្គ្រោះ។ អ្នកស្រី ភាស់ ដែលមានស្រុកកំណើតនៅស្រុកពញ៉ាក្រែក ខេត្តត្បូងឃ្មុំ បានចេញទៅរកការងារដោយខុសច្បាប់តាមរយៈមេខ្សល់។

ជាអតីតជនរងគ្រោះដោយសារការជួញដូរមនុស្សនៅម៉ាឡេស៊ីមួយរូប អ្នកស្រី ភាស់ ថ្លែងពីទុក្ខលំបាកជាច្រើននៅទីនោះ។ ដោយសារពុំមានប្រាក់បង់ធានាខ្លួន អ្នកស្រី ភាស់ ទ្រាំរស់នៅក្នុងគុកទាំងអារម្មណ៍នៅគិតកូនទាំង៤នាក់ ដែលគ្មានទីពឹងនៅឯស្រុក និងមានម្តាយនៅថែរក្សា។ «ខ្ញុំនៅក្នុងគុកស្គម ហូបអត់បាន។ គេអត់ធ្វើបាបអីយើងទេ ហើយក៏អត់ឃ្លានបាយអីដែរ តែចិត្តមួយគិតថា បើអញមិនហូប អញនឹងស្លាប់ ចឹងមានតែទ្រាំលេបដើម្បីកូន»។ នេះជារម្លឹកត្រួសៗ ពីទុក្ខលំបាករបស់អ្នកស្រី ភាស់ ក្នុងពេលអ្នកស្រីជាប់ក្នុងពន្ធនាគារ។

ជនរងគ្រោះម្នាក់ទៀត គឺអ្នកស្រី យឺន ស្រីនាថ។ ស្រីនាថ ត្រូវបានជួយសង្គ្រោះពីអង្គការមួយ នៅពេលនាងជាប់នៅព្រំដែនប៉ោយប៉ែត គឺក្រោយពីនាងសម្រេចមកស្រុកវិញ ពេលដែលប្រទេសថៃប្រមូលពលករខុសច្បាប់មកចាក់ចោលអំឡុងឆ្នាំ២០១៤។ ស្រីនាថ រៀបរាប់ពីការនៅក្នុងស្រុកថៃថា នាងត្រូវអ្នកគ្រប់គ្រងបង្ខំឲ្យធ្វើការ ទោះជានាងមានជំងឺក៏ដោយ។ «យើងអត់បានទៅណាទេ។ ក្រៅពីទៅផ្សារយើងអត់ហ៊ានដើរលេងផ្តេសផ្តាសទេ ខ្លាចតម្រួតចាប់»។

ក្រៅពីសម្ងំលាក់ខ្លួននៅផ្ទះជួលហើយ ស្រីនាថ ដែលជាពលករខុសច្បាប់នៅស្រុកថៃ ក៏ត្រូវបានអ្នកគ្រប់គ្រង កេងប្រវ័ញ្ចប្រាក់ឈ្នួលពីថៅកែផងដែរ។ នាងបញ្ជាក់ថា៖« គេអត់ឲ្យយើងបើកផ្ទាល់ពីថៅកែទេ។ បើបើកតាមថៅកែផ្ទាល់ ប្រាក់ខែពួកខ្ញុំអាចបាន១ម៉ឺនអីចឹង តែបើកតាមអ្នកគ្រប់គ្រង (ជនជាតិថៃ) បានតែ៨ពាន់បាតតែប៉ុណ្ណោះ»។

បច្ចុប្បន្ន ស្រីនាថ មានការជ្រោមជ្រែងពីអង្គការក្នុងស្រុកមួយ ដោយផ្តល់ឲ្យប្តីនាងរៀនជួសជុលម៉ូតូ ហើយនាងចិញ្ចឹមជ្រូកនៅស្រុកកំណើតឯខេត្តស្វាយរៀង។ ទុក្ខលំបាកនានាដែល ស្រីនាថ ជួបប្រទះនៅប្រទេសថៃ ធ្វើឲ្យនាងលែងហ៊ានចំណាកស្រុកទៀត ដោយរំពឹងថា មុខរបរបន្តិចបន្តួចនៅស្រុកកំណើត អាចចិញ្ចឹមគ្រួសារខ្លួនបាន។

វេទិកាសម្លេងអតីតជនរងគ្រោះនៃការជួញដូរមនុស្ស គឺមានអតីតជនរងគ្រោះប្រមាណ ៣០នាក់ ហើយវេទិកានេះរៀបចំឡើងរយៈពេល៣ថ្ងៃនៅក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ កញ្ញា។ វេទិកានេះ ត្រូវបានរៀបចំឡើងដោយគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជា (CTIP) អនុវត្តន៍ដោយអង្គការវីនរ៉ុក (WINROCK International) ដោយមានការគាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិហៅកាត់ថា USAID។

អ្នកស្រី សារ៉ា ភីយ៉ាសាណូ តំណាងអង្គការវីនរ៉ុកអន្តរជាតិ ថ្លែងថា គោលបំណងក្នុងវេទិកាខាងលើ គឺក្នុងបំណងបង្កើនសំឡេងជនរងគ្រោះដោយសារការជួញដូរមនុស្ស។ អ្នកស្រីបន្ថែមថា អតីតជនរងគ្រោះទាំងអស់ ចាត់ទុកជាអ្នកជំនាញ ក្នុងការចែករំលែកបទពិសោធន៍ដែលពួកគេបានជួបប្រទះ ហើយក៏ដើម្បីឲ្យអង្គការនានា ក៏ដូចជារដ្ឋាភិបាលអាចទប់ស្កាត់ការជួញដូរមនុស្សផងដែរ។

«គេអាចរៀនសូត្រ គេអាចស្រាវជ្រាវ តែគេមិនអាចដឹងរឿងរ៉ាវពិតប្រាកដ នៃជនរងគ្រោះទាំងនោះបានទេ»។ នេះបើតាមការលើកឡើងរបស់អ្នកស្រី សារ៉ា នៅក្នុងវេទិកាដែលរៀបចំនៅសណ្ឋាគារអង្គរប៉ារ៉ាឌី ក្រុងសៀមរាបនៅព្រឹកថ្ងៃទី២៧ កញ្ញា។ អ្នកស្រីរំលឹកផងដែរថា ការជួយសង្គ្រោះជនរងគ្រោះទាំងអស់ ក៏មិនគួរធ្វើឡើងដោយការរើសអើងនោះដែរ៕

website_news/2016270901.txt · Last modified: 2017/03/12 17:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki