website_news:2016270902

ពលរដ្ឋខ្មែរចំនួន៣៤នាក់ចាញ់បោកមេខ្យល់ធ្វើការនៅថៃ ត្រូវបានជួយសង្គ្រោះត្រឡប់មកកម្ពុជាវិញ

(http://www.cen.com.kh) ថ្ងៃទី 26 កញ្ញា 2016, ម៉ោង 06:55:PM) | ដោយ: មុនីរាជ

ភ្នំពេញ: បន្ទាប់ពីមានការចុះផ្សាយព័ត៌មានក្នុងប្រព័ន្ធឃោសនា ស្តីពីករណីអាជ្ញាធរថៃឃាត់ខ្លួនពលករខ្មែរខុសច្បាប់ចំនួន ៣៦នាក់ ដែលទៅធ្វើការបេះផ្លែឈើនៅខេត្តឈៀងម៉ៃ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានទាក់ទងនិងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងនគរបាលអន្តោប្រវេសន៍ថៃដើម្បីអន្តរាគមន៍ជួយពួកគាត់ត្រឡប់ទៅកម្ពុជាវិញ។ នេះបើតាមការឲ្យដឹងពីលោកលោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា កាលពីថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០១៦ ស្ថានអគ្គកុងស៊ុល បានចុះទៅសួរសុខទុក្ខពលរដ្ឋខ្មែរទាំង៣៤នាក់ (មនុស្សធំ ២៧នាក់ និងក្មេង៧នាក់) (ពុំមែន៣៦នាក់ទេ)នៅទីស្នាក់ការអន្តោប្រវេសន៍ខេត្តច័ន្ទបុរី។ ពួកគាត់បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ពួកគាត់បានចូលទៅប្រទេសថៃតាមច្រកព្រំដែនអន្តរជាតិដូង(បាត់ដំបង)-បានឡែម(ខេត្តច័ន្ទបុរី) ដោយប្រើប័ណ្ណចេញចូលប្រចាំថ្ងៃ។

នៅថ្ងៃដដែលមានមេខ្យល់ជនជាតិថៃ បញ្ចុះបញ្ចូលពួកគាត់ទៅធ្វើការងារបេះ ផ្លែមៀន និងផ្លែតាង៉ែន នៅខេត្តឈៀងម៉ៃ។ ពេលធ្វើការបាន១ខែកន្លះ ថៅកែពុំបើកប្រាក់ឈ្នួលឲ្យ ហើយបានដឹកពួកគាត់យកទៅទម្លាក់ចោលនៅកន្លែងស្ងាត់នៅក្នុងខេត្តឡាំភូន ភាគខាងជើងប្រទេសថៃ រួចគេចខ្លួនបាត់។ ដោយមានការជួយកអាសារពីអ្នកស្រុកថៃ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ ពួកគាត់បានធ្វើដំណើរមកដល់ផ្លូវជាតិប្រទះនឹងនគរបាលខេត្ត ហើយក៏នាំពួកគាត់មកឃុំឃាំងសាកសួរព័ត៌មាន និងបានបញ្ជូនមកអន្តោប្រវេសន៍ខេត្តច័ន្ទបុរី។ដោយពលរដ្ឋទាំងនេះ ជាជនឆ្លងដែនខុសច្បាប់ នគរបាលថៃបានសំរេចបញ្ជូនពួកគាត់ត្រឡប់ទៅកម្ពុជាវិញ។

ស្ថានអគ្គកុងស៊ុល បានសហការជាមួយនគរបាលអន្តោប្រវេសន៍ខេត្តច័ន្ទបុរី ធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខែ្មរទាំង៣៤នាក់ ត្រឡប់មកកម្ពុជាវិញ តាមច្រកព្រំដែនអន្តរជាតិដូង-បានឡែម នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦។ ជាមួយគ្នានេះដែរ ស្ថានអគ្គកុងស៊ុល បានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធថៃជួយរកមុខសញ្ញាជនជាតិថៃដែលជាមេខ្យល់មកផ្តន្ទាទោសតាមច្បាប់៕s/e

website_news/2016270902.txt · Last modified: 2017/03/12 17:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki