website_news:2016270903

អាជ្ញាធរកំពុងតែអន្ដរាគមន៍ឲ្យថៃ ដោះលែងអ្នកនេសាទខ្មែរ ៥០ នាក់

(http://www.postkhmer.com) Tue, 27 September 2016 ឃុត សុភចរិយា

ភ្នំពេញៈ អាជ្ញាធរខេត្តកោះកុងកាលពីម្សិលមិញ បានអន្តរាគមន៍ជួយដោះស្រាយបញ្ហាប្រជានេសាទខ្មែរប្រមាណជាង ៥០ នាក់ដែលត្រូវអាជ្ញាធរថៃប្រចាំខេត្តត្រាតចាប់ឃាត់ខ្លួនគ្រាដែលពួកគេបានចូលនេសាទត្រីដោយខុសច្បាប់ក្នុងដែនទឹកថៃកាលពីព្រឹកថ្ងៃអាទិត្យ។ នេះបើតាមការអះអាងរបស់លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមាកាលពីម្សិលមិញ។ លោក ឡេង បានបញ្ជាក់ថានៅពេលនេះលោកអភិបាលខេត្តកោះកុងកំពុងជួបពិភាក្សាជាមួយភាគីថៃដើម្បីអន្តរាគមន៍ឲ្យមានការដោះលែងពលរដ្ឋខ្មែរ និងទូកនេសាទរបស់ពួកគេត្រឡប់មកវិញ»។

បើតាមការអះអាងរបស់លោក ឡេង កាលពីព្រឹកថ្ងៃអាទិត្យក្រុមតម្រួតជើងទឹកថៃប្រចាំខេត្តត្រាតបានចាប់ទូកនេសាទខ្មែរចំនួន ១១ គ្រឿងដែលក្នុងមួយគ្រឿងៗមានប្រជានេសាទខ្មែរពី ៣ នាក់ទៅ ៦ នាក់ដែលបានលួចឆ្មក់ចូលនេសាទត្រីដោយខុសច្បាប់ក្នុងដែនសមុទ្ររបស់ពួកគេ។ លោក ឡេង បានប្រាប់ឲ្យដឹងទៀតថាក្នុងចំណោមទូកទាំង ១១ គ្រឿងនោះមាន ២ គ្រឿងជាកម្មសិទ្ធិរបស់ប្រជានេសាទនៅឃុំដងទង់ និង ៩ ទូកជាកម្មសិទ្ធិរបស់ប្រជានេសាទនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

កាលពីម្សិលមិញលោក ប៊ុន លើត អភិបាលខេត្តកោះកុងបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថាករណីខាងលើនេះលោកបានសម្របសម្រួលជាមួយអាជ្ញាធរខេត្តត្រាតប្រទេសថៃរួចហើយដើម្បីស្នើសុំឲ្យមានការដោះលែងប្រជានេសាទខ្មែរ និងទូកនេសាទរបស់ពួកគេត្រឡប់មកវិញ។ លោកបានបញ្ជាក់ថា៖ «ពួកគេអាចនឹងត្រូវបានអាជ្ញាធរថៃដោះលែងក្នុងរយៈពេលយ៉ាងយូរ ៣ ថ្ងៃទៀតព្រោះនៅពេលនេះពួកគេកំពុងត្រូវបានតម្រួតថៃសាកសួរ និងកសាងសំណុំឯកសារមួយចំនួន»។ លោកបានបន្តថាបច្ចុប្បន្នពួកគេកំពុងស្ថិតនៅក្នុងស្នាក់ការតម្រួតជើងទឹកថៃក្នុងតំបន់កោះក្រូន ខេត្តត្រាត៕

website_news/2016270903.txt · Last modified: 2017/03/12 17:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki