website_news:2016270906

ប្រជាពលរដ្ឋខ្មែរជាង២៧០០នាក់ នាក់កំពុងជាប់ពន្ធនាគារក្នុងប្រទេសថៃ

(http://www.cen.com.kh) ថ្ងៃទី 27 កញ្ញា 2016, ម៉ោង 07:52:PM) | ដោយ: មុនីរាជ

ភ្នំពេញ: អគ្គលេខាធិការអចិន្ត្រៃយ៍ក្រសួងយុត្តិធម៌ថៃ បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលកំពុងជាប់ឃុំអនុវត្តទោសនៅពន្ធនាគារក្នុងប្រទេសថៃ មានចំនួន ២៧១៨នាក់ ដោយអ្នកខ្លះជាប់ទោសអស់មួយជីវិត និងអ្នកខ្លះបានអនុវត្តទោសជិត២០ឆ្នាំហើយ។

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងគណៈប្រតិភូអគ្គពន្ធនាគារកម្ពុជាដឹកនាំដោយលោក ឈន សាណាត និងលោកស៊ុច សុផាណ្ណារ៉ា អគ្គនាយករងក្រសួងយុត្តិធម៌ ជាមួយអគ្គលេខាធិការអចិន្ត្រៃយ៍ក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រថៃ ។ ក្នុងជំនួប ខាងភាគីក្រសួងយុត្តិធម៌ថៃបានជម្រាបជូនគណៈប្រតិភូអគ្គពន្ធនាគារកម្ពុជាថា ចំនួនពលរដ្ឋកម្ពុជាដែលកំពុងជាប់ឃុំអនុវត្តទោសនៅពន្ធនាគារក្នុងប្រទេសថៃ មានចំនួន ២៧១៨នាក់ ដោយអ្នកខ្លះជាប់ទោសអស់មួយជីវិត និងអ្នកខ្លះបានអនុវត្តន៍ទោសជិត២០ឆ្នាំហើយ ។ នៅក្នុងដំណើរទស្សនកិច្ច គណៈប្រតិភូអគ្គពន្ធនាគារកម្ពុជា ក៏បានជួបសួរសុខទុក្ខដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារនៅតាមជាយទីក្រុងបាងកក និងបានផ្តល់ជូននូវថវិកាមួយចំនួនផងដែរដល់ពលរដ្ឋទាំងអស់នោះ ។

ជាមួយគ្នានេះ គណៈប្រតិភូអគ្គពន្ធនាគារកម្ពុជាបានសំណូមពរ និងអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ គួរកុំលួចធ្វើចំណាកស្រុកដោយខុសច្បាប់ ព្រោះអាចប្រឈមនឹងការជាប់ពន្ធនាគារ ការធ្វើទុក្ខបុកម្នេញផ្សេងៗនៅក្នុងប្រទេសថៃ និងម្យ៉ាងទៀត សូមពលរដ្ឋ កម្ពុជា ដែលមានការបាត់សាច់ញាតិយូរមិនឃើញត្រឡប់ទៅស្រុកកំណើតវិញ សូមកុំ អាលអស់សង្ឃឹម ព្រោះអាចជាប់ពន្ធនាគារនៅប្រទេសថៃ ក្នុងចំណោមពលរដ្ឋកម្ពុជា ដែលកំពុងជាប់ឃុំចំនួន ២៧១៨នាក់ ៕s/e

website_news/2016270906.txt · Last modified: 2017/03/12 17:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki