website_news:2016270907

មាតុភូមិនិវត្តន៍ពលការិនីខ្មែរ ៤ នាក់ ពីប្រទេសម៉ាឡេស៊ី

(http://www.cen.com.kh) ថ្ងៃទី 27 កញ្ញា 2016, ម៉ោង 11:07:AM) | ដោយ: មុនីរាជ ភ្នំពេញ: ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ ជួយពលការិនីខ្មែរ ចំនួន៤នាក់ ឲ្យត្រឡប់ពីប្រទេសម៉ាឡេស៊ី មកកម្ពុជាវិញ ជាបន្តបន្ទាប់ នៅក្នុងខែកញ្ញា នេះ។ ពលការិនីខ្មែរ ចំនួន៤នាក់ នោះ មានដូចខាងក្រោមនេះ៖

១- ពលការិនី ម.ព អាយុ២២ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ធំ បានទៅដល់ម៉ាឡេស៊ី ក្នុងខែមីនា ឆ្នាំ២០១៦ និងធ្វើការងារតាមផ្ទះ។ ដោយធ្វើការលំបាកពេក នាងបានរត់ចេញ ពីផ្ទះថៅកែ នៅចុងខែសីហា ឆ្នាំ២០១៦ ហើយត្រូវបានអង្គការ Tenaganita នៅម៉ាឡេស៊ី ឲ្យស្នាក់នៅក្នុងអង្គការ បណ្តោះអាសន្ន។ អង្គការ Tenaganita បានស្នើសុំអង្គការចាប់ដៃ ឲ្យជួយផ្តល់សំបុត្រយន្តហោះ និងចេញថ្លៃបង់ពិន័យ ឲ្យការិយាល័យអន្តោប្រវេសន៍។ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ អង្គការ Tenaganita និងអង្គការចាប់ដៃ បាននាំពលការិនី ម.ព មកប្រគល់ជូនស្ថានទូត។ ស្ថានទូតបានផ្តល់ការស្នាក់នៅ អាហារបរិភោគ និងនាំនាងទៅបង់ពិន័យ នៅការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ព្រមទាំងជូននាង ទៅព្រលានយន្តហោះ។ ពលការិនីខាងលើ បានមកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ១៥:៥៥នាទី តាមជើងយន្តហោះលេខ AK 534 ។

២- ពលការិនី ក.ស.អ អាយុ២៣ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង បានទៅធ្វើការងារ ជាអ្នកបោសំអាត តាមរយៈក្រុមហ៊ុន Century ក្នុងខែធ្នូ ឆ្នាំ២០១៤។ ដោយធ្វើការលំបាកពេក នាងបានស្នើសុំស្ថានទូត ជួយទាមទារប្រាក់ខែ ដែលនៅសល់ និងជួយឲ្យបាន ត្រឡប់ទៅកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍ របស់ស្ថានទូត នាងទទួលបានលិខិតឆ្លងដែនវិញ និងប្រាក់ខែ ដែលនៅសល់ចំនួន ៨.៤២៦ រីងហ្គីត។ ដោយនាងឈប់ពីការងារ មុនកិច្ចសន្យាបញ្ចប់ ហេតុនេះ ពលការិនី ក.ស.អ ត្រូវទិញសំបុត្រយន្តហោះខ្លួនឯង។ ពលការិនី ក.ស.អ បានមកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ០៧:៣៥ នាទីព្រឹក តាមជើងយន្តហោះលេខ AK 536។

៣- ពលការិនី ប.ឡ អាយុ២៨ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ធំ បានទៅដល់ម៉ាឡេស៊ី ក្នុងខែមីនា ឆ្នាំ២០១៣ តាមរយៈក្រុមហ៊ុន Semi-power ហើយធ្វើការ ជាអ្នកបោសសំអាត។ ដោយធ្វើការលំបាកពេក នាងបានស្នើសុំស្ថានទូត ជួយអោយបាន ត្រឡប់មកកម្ពុជាវិញ។ នាងបានទិញសំបុត្រ យន្តហោះដោយខ្លួនឯង។

៤- ពលការិនី ជ.ហ អាយុ២៦ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ បានទៅដល់ម៉ាឡេស៊ី ក្នុងខែកក្កដា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុននៅកម្ពុជា (មិនចាំឈ្មោះ) និងក្រុមហ៊ុន Semewaji Services នៅម៉ាឡេស៊ី ហើយធ្វើការ ជាអ្នកបោសសំអាត។ ដោយធ្វើការលំបាកពេក នាងបានស្នើសុំស្ថានទូត ជួយអោយបាន ត្រឡប់មកកម្ពុជាវិញ។ ដោយពុំអាចរង់ចាំថៅកែ មកដោះស្រាយបាន នាងបានទិញសំបុត្រយន្តហោះ ដោយខ្លួនឯង។ ពលការិនីទាំងពីរ បានមកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១៥:៥៥នាទី តាមជើងយន្តហោះលេខ AK 543 ៕N/S

website_news/2016270907.txt · Last modified: 2017/03/12 17:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki