website_news:2016271201

អភិបាលខេត្តឧត្ដរមានជ័យព្រមានចាត់ការមន្ត្រីគយនិងប៉ូលិសអន្តោប្រវេសន៍ជាំសាង៉ាំ

(http://www.rfa.org/khmer/news) ដោយ ហង្ស សាវយុត 2016-12-26

អភិបាលខេត្តឧត្តរមានជ័យ ដែលជាប់ព្រំដែននឹងខេត្តបូរីរ៉ាំ ខេត្តសុរិន្ទ និងខេត្តស៊ីសាកេត របស់ថៃ អំពាវនាវឲ្យពលរដ្ឋណាដែលទៅធ្វើសៀវភៅឆ្លងដែន (Border Pass) ឬក៏ដឹកអីវ៉ាន់តិចតួចពីប្រទេសថៃ ប៉ុន្តែត្រូវប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារព្រំដែនជាំសាង៉ាំ និងគយយកលុយថ្លៃពេក ឬក៏ជំរិតឲ្យបង់ផាស៊ីខុសគោលការណ៍ គឺត្រូវតែហ៊ានដាក់ពាក្យប្ដឹងជាលាយលក្ខណ៍អក្សរមកអាជ្ញាធរ។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានឮពលរដ្ឋខ្លះរិះគន់ប៉ូលិសអន្តោប្រវេសន៍ និងគយនៅច្រកទ្វារព្រំដែនជាំសាង៉ាំ នៃស្រុកអន្លង់វែង ថាមានការធ្វើសៀវភៅឆ្លងដែនយកតម្លៃថ្លៃ និងគយបង្ខំឲ្យពលរដ្ឋដែលយកអីវ៉ាន់បន្តិចបន្តួចចេញពីថៃ ត្រូវបង់ផាស៊ីជាដើម។

ពលរដ្ឋមួយចំនួនរស់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានរិះគន់មន្ត្រីប៉ូលិសប្រចាំច្រកទ្វារព្រំដែនខ្មែរ-ថៃ ជាំសាង៉ាំ ថាមានគោលការណ៍មិនច្បាស់លាស់លើការទារថ្លៃធ្វើសៀវភៅឆ្លងដែន (Border Pass) ពីពួកគេ។អ្នកខ្លះអះអាងថា ប៉ូលិសអន្តោប្រវេសន៍បានធ្វើសៀវភៅឆ្លងដែនឲ្យពួកគេ ដោយទារថ្លៃ ១០ម៉ឺនរៀល និងខ្លះទៀតអះអាងថា សៀវភៅឆ្លងដែនមួយ គឺតម្លៃតែ ៦ម៉ឺនរៀលប៉ុណ្ណោះ។

មេឃុំត្រពាំងប្រីយ៍ នៃស្រុកអន្លង់វែង គឺលោក ស៊ូ ណាត។ លោកមានប្រសាសន៍នៅរសៀលថ្ងៃច័ន្ទ ទី២៦ ខែធ្នូ ថា បញ្ហាធ្វើសៀវភៅឆ្លងដែននោះ គឺលោកមិនដឹងថា ពលរដ្ឋណាខ្លះមានបញ្ហាទេ ក៏ប៉ុន្តែចំពោះប្រជាពលរដ្ឋដែលចូលទៅទិញទំនិញពីប្រទេសថៃ ហើយពេលដឹកចេញមកវិញ គឺធ្លាប់មានបញ្ហាដែលថាមន្ត្រីគយនៅច្រកព្រំដែនឲ្យបង់ផាស៊ី៖ «កន្លងមកដូចជាការអូសរទេះចេញចូល ខាងគយអី គឺយកផាស៊ីពីទំនិញ ដែលពលរដ្ឋដឹកចេញ ហើយរូបលោកក៏ធ្លាប់ទៅសុំឲ្យបន្ធូរបន្ថយដែរ»។

ទោះជាយ៉ាងណា អាស៊ីសេរី មិនអាចទាក់ទងប្រធានប៉ូលិសអន្តោប្រវេសន៍ និងគយប្រចាំច្រកទ្វារព្រំដែនជាំសាង៉ាំ ដើម្បីសុំប្រតិកម្មជុំវិញការរិះគន់នេះបានថាយ៉ាងណានៅឡើយ នៅថ្ងៃទី២៦ ខែធ្នូ។

ចំណែកប្រធានច្រកទ្វារព្រំដែនជាំសាង៉ាំ នៃស្រុកអន្លង់វែង លោក ហ៊ូ តារារិទ្ធ មានប្រសាសន៍ថា បញ្ហាដែលថាប៉ូលិសធ្វើសៀវភៅឆ្លងដែនយកតម្លៃថ្លៃនោះ គឺលោកតែងតែលេចឮក្រៅផ្លូវការ ក៏ប៉ុន្តែនៅពេលដែលហៅប្រជាពលរដ្ឋមកសាកសួរ គឺមិនមានអ្នកណាមួយហ៊ានអះអាងឲ្យពិតប្រាកដឡើយ៖ «ខ្ញុំឮហើយពេលខ្ញុំហៅពលរដ្ឋមកសួរ គឺអត់មានអ្នកណាឆ្លើយ ដូចពេលដើរនិយាយខាងក្រៅនោះទេ។ ឥឡូវខ្ញុំឧទាហរណ៍ថា ប្រជាពលរដ្ឋឈ្មោះ “ក” និយាយ ដល់ពេលខ្ញុំហៅមកសួរ គាត់មិនមាត់»។

អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី ក៏មានប្រសាសន៍ស្រដៀងគ្នានេះថា នៅតាមវេទិកាសាធារណៈជាញឹកញាប់ គឺលោកតែងឮប្រជាពលរដ្ឋលើកឡើងជុំវិញបញ្ហាដែលប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអូរស្មាច់ និងជាំសាង៉ាំ ធ្វើសៀវភៅឆ្លងដែន ហើយយកតម្លៃថ្លៃនោះដែរ ក៏ប៉ុន្តែក្នុងនាមលោកជាអភិបាលខេត្ត មិនដែលបានទទួលបណ្ដឹងជាផ្លូវការជុំវិញរឿងនេះទេ។ លោកអភិបាលខេត្តឧត្តរមានជ័យ អំពាវនាវឲ្យប្រជាពលរដ្ឋត្រូវតែចូលរួមសហការ ដើម្បីប្រឆាំងនឹងការធ្វើសៀវភៅឆ្លងដែនទារថ្លៃហួសហេតុនេះ៖ «បើសិនជាមានករណីហ្នឹងមែន សូមឲ្យប្រជាពលរដ្ឋបញ្ជាក់ថា តើមន្ត្រីហ្នឹងឈ្មោះអី? នៅកន្លែងណា? មានមុខងារជាស្អី?»។

អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC)ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន មានប្រសាសន៍ថា កន្លងទៅលោកក៏ឮពលរដ្ឋជាច្រើនរអ៊ូរទាំជុំវិញរឿងប៉ូលិសអន្តោប្រវេសន៍ច្រកព្រំដែនអូរស្មាច់ និងជាំសាង៉ាំ ធ្វើសៀវភៅឆ្លងដែន ហើយយកតម្លៃថ្លៃពីប្រជាពលរដ្ឋដែរ។ លោក ស្រី ណារ៉េន យល់ថា ប្រសិនបើសមត្ថកិច្ចចង់ឲ្យមានតម្លាភាពលើថ្លៃធ្វើសៀវភៅឆ្លងដែននោះ គួរតែមានតារាងតម្លៃបិទផ្សាយជាសាធារណៈនៅកន្លែងដែលធ្វើនោះឲ្យបានត្រឹមត្រូវ៕

website_news/2016271201.txt · Last modified: 2017/03/17 13:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki