website_news:2016271205

ការជួយពលករខ្មែរពីម៉ាឡេស៊ី មកកម្ពុជាវិញ កើនជាង ៣ ដងនៅឆ្នាំនេះ

(http://www.postkhmer.com) Mon, 26 December 2016 Erin Handley and ឡាយ សាមាន

ភ្នំពេញ៖ ចំនួនកម្មករ-កម្មការីនី និងពលការីនីបម្រើការតាមផ្ទះ ដែលត្រូវបានជួយសង្គ្រោះពីប្រទេស ម៉ាឡេស៊ី បានកើនឡើងជាងបីដងនៅឆ្នាំនេះ បន្ទាប់ពីរដ្ឋាភិបាលបានដកចេញនូវការហាមឃាត់ការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅទីនោះ។ នៅក្នុងឯកសារមួយទទួលកាលពីសប្តាហ៍មុន ក្រសួងការបរទេសកម្ពុជា បានរាយការណ៍ ស្ថានទូតខ្មែរនៅប្រទេសម៉ាឡេស៊ីបានធ្វើអន្តរាគមន៍ ដើម្បីជួយប្រជាពលរដ្ឋកម្ពុជាចំនួន ១៩៨ នាក់ ឲ្យបានមកប្រទេសកម្ពុជាវិញ នៅឆ្នាំ ២០១៦ នេះ ខណៈឆ្នាំមុនមានត្រឹម ៥៥ នាក់ និងឆ្នាំ ២០១៤ តែ ៣៤ នាក់តែប៉ុណ្ណោះ។

កាលពីខែធ្នូឆ្នាំមុន រដ្ឋាភិបាល និងប្រទេសម៉ាឡេស៊ី បានចុះអនុស្សារណៈនៃការយោគយល់គ្នាមួយ ដើម្បីដកចេញនូវការហាមឃាត់ការបញ្ជូនពលករទៅបម្រើការតាមផ្ទះទៅប្រទេសម៉ាឡេស៊ី ដែលបានបង្កើតឡើងកាលពីឆ្នាំ ២០១១ ជាការឆ្លើយតបនឹងរបាយការណ៍មួយចំនួនពីការរំលោភបំពាន ដែលរួមមានការឈានទៅដល់ការបាត់បង់ជីវិតផងដែរ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា ភាគច្រើននៃអ្នកដែលបានជួយសង្រ្គោះឲ្យត្រលប់មកប្រទេសវិញ នៅឆ្នាំនេះ គឺជាពលការីនីបម្រើការនៅតាមផ្ទះ ដែលបានទៅស្វែងរកជំនួយពីស្ថានទូត ដោយសារតែពួកគេបានជួប«បញ្ហាលំបាកក្នុងការងាររបស់ពួកគេ»។ លោកនិយាយថា៖ «ពួកគាត់និយាយថា ការងារពិបាកណាស់ ព្រោះតែលក្ខខណ្ឌការងារយ៉ាបពេក»។

មន្រ្តីនាំពាក្យក្រសួងការងារ លោក ហេង សួរ មិនបានឆ្លើយតបនឹងសំណើរសុំការអត្ថាធិប្បាយពី ភ្នំពេញ ប៉ុស្តិ៍ឡើយ ក៏ប៉ុន្តែកាលពីខែមិថុនា លោកបានថ្លែងការពារអនុស្សារណៈនេះ ដោយបានអះអាងថា នឹងធ្វើឲ្យការផ្តល់ជំនួយទៅឲ្យក្រុមពលការីនីរងការរំលោភបំពាន និងផ្តល់ធនធានផ្នែកច្បាប់ដល់ពួកគាត់។

នៅខែមិថុនានោះដែល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឲ្យរដ្ឋមន្រ្តីម៉ាឡេស៊ី លោក Najib Razak ឲ្យទទួលពលករបន្ថែមទៀតពីប្រទេសកម្ពុជា។

សម្រាប់លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ ការកើនឡើងខ្លាំងនៃចំនួន ពលករ-ពលការីនីដែលត្រូវបានសង្គ្រោះពីប្រទេសម៉ាឡេស៊ីនៅឆ្នាំនេះ គឺជាសញ្ញាមួយដ៏ច្បាស់ ដែលបង្ហាញថា ការហាមឃាត់នេះមិនគួរត្រូវបានដកចេញនោះឡើយ។ លោកថា៖ «ការដែលពលការីនីដែលត្រូវបានសង្គ្រោះពីប្រទេសម៉ាឡេស៊ីមានចំនួនកើនឡើងនេះ កំពុងតែបង្ហាញថា បញ្ហារំលោភបំពានលើពលការីនីបម្រើការតាមផ្ទះនៅតែកើតមានឡើង»។

លោកបានជំរុញរដ្ឋាភិបាលមិនត្រឹមតែឲ្យដោះស្រាយបញ្ហាជួយសង្គ្រោះជនរងគ្រោះប៉ុណ្ណោះទេ គឺថែមទាំងត្រូវការពារការរំលោភបំពាននេះមិនឲ្យកើតឡើងពីដើមទៅ។ លោក មឿន តុលា ថ្លែងថា ពលការីនីបម្រើការតាមផ្ទះ ដែលលោកធ្លាប់បាននិយាយជាមួយ បានរាយការណ៍ពីការរំលោភបំពានជាច្រើនរួមមានការបង្ខំឲ្យធ្វើការ ២០ ម៉ោង ក្នុងមួយថ្ងៃ ការបង្អត់អាហារ ការជេរប្រមាថ និងការប្រើអំពើហិង្សាលើរូបរាងកាយ។ លោកនិយាយ៖ «ការរំលោភសេពសន្ទវៈនៅតែកើតមាន ការធ្វើទារុណកម្មនៅតែកើតមាន ហើយពួកគាត់មិនត្រូវបានអនុញ្ញាតឲ្យធ្វើការទំនាក់ទំនងជាមួយនឹងក្រុមគ្រួសារនោះឡើយ»។ លោកបន្ថែមថា អនុស្សារណៈនៃការយោគយល់គ្នានេះមានលក្ខណៈទន់ខ្សោយ និងខ្វះតម្លាភាព។

ក្រសួងការងារបានបដិសេធ មិនផ្តល់សេចក្តីថតចម្លងនៃកិច្ចព្រមព្រៀងនេះមកឲ្យភ្នំពេញប៉ុស្តិ៍ឡើយ។

ពលរដ្ឋកម្ពុជាដែលបាន ធ្វើមាតុភូមិនិវត្តន៍ពីបរទេសនៅក្នុងឆ្នាំនេះមានសរុប ៥២៤ នាក់ ដែលក្នុងនោះ ៥៩ នាក់មកពីប្រទេសចិន ដែលភាគច្រើនជាស្រ្តីដែលត្រូវបាន ជួញដូរឲ្យទៅរៀបការជាមួយបុរសជនជាតិចិន។ ក្នុងចំណោមនោះដែរ មានម្នាក់បានធ្វើមាតុភូមិនិវត្តពីប្រទេសអារ៉ាប៊ី សាអូឌីត ដែលជាច្រកផ្លូវដ៏ចម្រូងចម្រាសសម្រាប់ពលការីបម្រើការតាមផ្ទះចំណាកស្រុកត្រូវបានបើក កាលពីខែកុម្ភៈឆ្នាំនេះ៕ TN

website_news/2016271205.txt · Last modified: 2017/03/17 14:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki