website_news:2016280302

អាពាហ៍ពិពាហ៍ ក្រៅច្បាប់ មួយបានកើតឡើង ដោយស្ត្រីខ្មែរ ជាមួយបុរសជនជាតិអង់គ្លេស

(http://bayontv.com.kh) 28/03/2016

កំពង់ធំ៖ ប្រជាពលរដ្ឋ បានរិះគន់ថា អាពាហ៍ពិពាហ៍គ្មានច្បាប់អនុញ្ញាតិ មួយបានកើតឡើង រវាងនារីខ្មែរ និងបុរសបរទេសម្នាក់ (ជនជាតិអង់គ្លេស) បានប្រព្រឹត្តទៅយ៉ាងរលូន ក្រោមការឃុបឃិត គ្នា ជាប្រព័ន្ធ ជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ។

ប្រជាពលរដ្ឋ បានបន្តឲ្យដឹងថា អាពាហ៍ពិពាហ៍នេះ គឺបានប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែមិនា ឆ្នាំ២០១៦ នៅភូមិក្រសាំង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមិន មានសមត្ថកិច្ចណា ទៅរំខានឡើយ គឺបណ្ដាលមកពីឥទ្ធិពលទឹកលុយ ប៉ុន្តែបើប្រជាពលរដ្ឋ ខ្សត់ ខ្សោយវិញនោះ សូម្បីតែ សែនខ្សឹបៗនោះ ក៏សមត្ថកិច្ចមកចំណាត់ការ ភ្លាមៗ ហើយមិនមែន តែករណីហ្នឹងទេ គឺមានករណី មិនប្រក្រតី ជាច្រើននៅក្នុងស្រុកកំពង់ស្វាយនេះ ក្រោមគ្រប់គ្រង របស់ លោក អ៊ឹម ថន ជា អភិបាលស្រុក។

ស្ត្រីស្មៀនឃុំក្ដីដូង បានប្រាប់អ្នកសារព័ត៌មាន តាមទូរស័ព្ទថា ពិធីអាពាហ៍ពិពាហ៍នេះ គឺគ្មាន ច្បាប់អនុញ្ញាតិទេ ពោលគឺអាណាព្យាបាលខាងស្រីមកសុំធ្វើ សំបុត្រអាពាហ៍ពិពាហ៍ដែរ តែគាត់ (ស្មៀន)មិនហ៊ានធ្វើឲ្យ រង់ចាំមានលិខិតពីក្រសួងមហាផ្ទៃ និងឯកសារ តាមផ្លូវច្បាប់កំណត់ សិន ចំពោះជនបរទេសនោះ ប៉ុន្តែក្រោយមកក៏ស្រាប់តែលេចពិធីការនេះឡើង។

លោក នួន សុខុម ស្នងការរងទទួលកិច្ចការជនបរទេសនេះ បានប្រាប់អ្នកសារព័ត៌មានថា ការមានច្បាប់ ឬអត់ច្បាប់នោះ គឺគាត់មិនដឹងទេ គឺគាត់គ្រប់គ្រងតែជនអន្តោប្រវេសន៍ តែប៉ុណ្ណោះ។

លោក អ៊ឹម ថន អភិបាលស្រុកកំពង់ស្វាយ បានប្រាប់តាមទូរស័ព្ទឲ្យដឹងថា លោក មិនអាច ឆ្លើយបានទេ ព្រោះគាត់កំពុងក្នុងផ្សារ។ ចំណែកញាតិមិត្តជិតស្និទ្ធ នឹងក្រុមគ្រួសារសាមីដើមការ នៃពិធីនេះ បាននិយាយឲ្យដឹងថា ឪពុកកូនស្រីឈ្មោះ ញ៉ង យីម និងម្ដាយឈ្មោះ ម៉ុត សារ៉ន ឯកូនស្រីជាកូនក្រមុំឈ្មោះ យីម សៀង លី អាយុប្រមាណ២០ជាង ឯកូនកំលោះជាជនជាតិអង់គ្លេសឈ្មោះ ម៉ាក ចេមបាយរ៉ុន អាយុប្រមាណជាង៣០ឆ្នាំ ហើយពិធីការនេះ គឺគេបានរត់ការអស់ហើយ បានជាគេ ហ៊ានការ៕

website_news/2016280302.txt · Last modified: 2017/02/28 11:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki