website_news:2016280401

រថយន្តដឹកពលករខ្មែរបើកគេចពីការឆែកឆេរត្រួតពិនិត្យតម្រួតថៃធ្លាក់ចូលអូរ ស្លាប់៦នាក់ និងរបួស៨នាក់

(http://beta.nokorwatnews.com) Thursday , 28 April 2016

ប្រទេសថៃ៖ បើយោងតាមការដកស្រង់ចេញពីទូរទស្សន៍ ក្នុងប្រទេសថៃឱ្យដឹងថា ពលករខ្មែរប្រុស ស្រី និងមានក្មេងតូចៗ ទៅតាមឪពុក ម្តាយសរុបចំនួន១៤នាក់ បានធ្វើដំណើរតាមរថយន្តថៃ១គ្រឿង ក្នុងគោលបំណងទៅរកការងារធ្វើ នៅក្នុងប្រទេសថៃ បានជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រឡាប់ធ្លាក់អូរ ដោយបើកគេចពីការត្រួតរបស់តម្រួតថៃ បណ្តាលឱ្យពលករខ្មែរ ជិះលើរថយន្តនោះយ៉ាងហោចណាស់ មានពលករប្រុស ស្រី និងក្មេងតូចៗផងនោះទៀតចំនួន៦នាក់ស្លាប់ និងទទួលរងរបួស៨នាក់ ស្ថិតនៅចំណុចប៉ុស្ថិ៍ ត្រួតពិនិត្យតម្រួតថៃមួយកន្លែងក្នុង ស្រុកផានថង ខេត្តឈុនបុរី ប្រទេសថៃកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ។

បើតាមប្រភព័ត៌មានដដែលឱ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញពលករខ្មែរខាងលើទំនងពួកគាត់ធ្វើដំណើរឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃត្រូវបានដឹកតាមរយន្តថៃ១គ្រឿង ប្រភេទតូយូតាវីហ្គោ បានបើកបរឆ្លងកាត់ទីតាំងឈរជើងរបស់ក្រុមតម្រួតថៃ ។ ទន្ទឹមនោះ តម្រួតថៃ បានឃាត់រថយន្តដើម្បី សាកសួរ និងឆែកឆេរត្រួតពិនិត្យ អ្នកដំណើរលើរថយន្ត។ភ្លាមៗនោះ ស្រាប់តែអ្នកបើកបរដែលជាជនជាតិថៃ បានជាន់ហ្កាបន្ថែមល្បឿន ស្ទុះយ៉ាងលឿន ដើម្បីបើកគេចពីការត្រួតពិនិត្យ ។ នៅពេលនោះ ទំនងជាអ្នកបើករថយន្តបាត់ម្ចាស់ការធ្វើឱ្យរថយន្តបានរេបង្កូតធ្លាក់ចូលទៅក្នុងអូរ ជាហេតុបណ្តាលឱ្យពលករខ្មែរជិះលើរថយន្តរងការស្លាប់ និងរបួសយ៉ាងរណូករណែលតែម្តង ។ បន្ទាប់ពីកើតហេតុនោះភ្លាម គេឃើញតម្រួតថៃបានទំនាក់ទំនង រថយន្តសង្រ្គោះដឹកអ្នករងបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា ពលករខ្មែរចំនួន១៤នាក់ខាងលើគែមិនទាន់ដឹងថា មានស្រុកកំណើតនៅខេត្តណាខ្លះនៅឡើយនោះទេ ប៉ុន្តែពលករទាំងនោះធ្វើដំណើរចេញពីខេត្តស្រះកែវបម្រុងឆ្ពោះទៅរកការងារធ្វើនៅទីក្រុងបាងកក តាមរយៈការធ្វើដំណើរតាមរថយន្តថៅកែថៃនោះតែម្តង ។ សាកសពជនរងគ្រោះគេក៏មិនទាន់ ដឹងអាជ្ញាធរថៃបញ្ជូនសពយកមកស្រុកខ្មែរនៅថ្ងៃណានោះដែរ។

ជុំវិញបញ្ហានេះ អ្នកយកព័ត៌មានយើងបានទំនាក់ទំនងទៅលោកប៊ុន សុខវិបុល អគ្គកុងស៊ូលកម្ពុជាប្រចាំ ខេត្តស្រះកែវបានបំភ្លឺឱ្យដឹងករណីនេះខាងអគ្គកុងស៊ុល និងខាងស្ថានទូតកម្ពុជាប្រចាំក្រុងបាងកកកបានស្រាវជ្រាវថា ពុំមានករណីបែបនោះកើតឡើងទេ ។ ប៉ុន្តែបើតាមការផ្សាយព័ត៌មានរបស់ទូរទស្សន៍ថៃ មានឈ្មោះថា ថៃរ៉ាត់ បានបង្ហាញរូបភាពរថយន្តក្រឡាប់ហើយមានតម្រួតថៃបានចុះទៅត្រួតពិនិត្យនោះផងដែរ ព័ត៌មាននេះ ត្រូវបានគេផ្សព្វផ្សាយកាលពីយប់ថ្ងៃទី២៦ ខែមេសា ម្សិលមិញ ៕ សំ វិច្ឆិកា

website_news/2016280401.txt · Last modified: 2017/02/28 14:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki