website_news:2016280402

ឃាត់ខ្លួនមនុស្ស៣នាក់ និងជួយសង្គ្រោះក្មេងស្រី១២នាក់ករណីបង្ខាំងក្មេងស្រី នៅក្នុងភូមិគ្រឹះ ខណ្ឌជ្រោយចង្វារ

(http://ppt-news.net) គេហទំព័រភ្នំពេញថ្មី ចេញផ្សាយ ថ្ងៃទី 27/04/2016

រាជធានីភ្នំពេញ ៖ ទីបំផុតកម្លាំងអាវុធហត្ថ បានសម្រេចឃាត់ខ្លួន ជនសង្ស័យ៣នាក់ (មេកាម្នាក់ និងគ្រូជនជាតិខ្មែរ-ថៃ២នាក់) ពាក់ព័ន្ធនឹងការចាប់បង្ខាំង ក្មេងស្រីចំនួន១២នាក់ ស្ថិតនៅក្នុងភូមិគ្រឹះមួយកន្លែង ស្ថិតនៅក្រុម៥ ភូមិ៣ សង្កាត់-ខណ្ឌជ្រោយចង្វា ដើម្បីបង្ហាត់បង្រៀនផ្នែកម៉ាស្សា រួចប៉ងនាំទៅកាន់ប្រទេសថៃ។

ប្រតិបត្តិការបំបែកករណីនេះ បានធ្វើឡើងដោយកម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារ និងកម្លាំងអាវុធហត្ថការិយាល័យ ប្រឆាំងការជួញដូរមនុស្ស រាជធានីភ្នំពេញ សហការជាមួយអង្គការក្តីសង្ឃឹម និងយុត្តិធម៌ អង្គការ IGM សង្គមកិច្ចក្រុង ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ។

មន្ត្រីអាវុធហត្ថបានប្រាប់ថា សម្រាប់ប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ច បានជួយសង្គ្រោះក្មេងស្រី មិនទាន់គ្រប់អាយុចំនួន១២នាក់ ដែលត្រូវបានគេយកទៅឲ្យធ្វើការរៀនម៉ាស្សា ហើយប្រុងនាំទៅកាន់ប្រទេសថៃ ដើម្បីបម្រើការងារនៅទីនោះ។ នៅល្ងាចថ្ងៃម្សិលមិញ កម្លាំងអាវុធហត្ថបានចុះឡោមព័ទ្ធ និងចូលឆែកឆេរនៅក្នុងភូមិគ្រឹះមួយនេះ ចំពោះករណីបង្ខាំងមនុស្សខុសច្បាប់ ក្រោយពីមានពាក្យបណ្តឹងពីសាច់ញាតិក្មេងស្រីម្នាក់ឈ្មោះ សំ ណាងស្រីភីន អាយុ១៥ឆ្នាំ៕

website_news/2016280402.txt · Last modified: 2017/02/28 14:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki