website_news:2016280406

ពួកជួញដូរមនុស្សទម្លាក់ជនភៀសខ្លួនរ៉ូហីងយ៉ាចោលនៅកណ្តាលព្រៃប្រទេសថៃ

(http://km.rfi.fr/asia) គេហទំព័រវទ្យុបារាំ ដោយ នុយ ប៊ែរណាដែត ចុះផ្សាយនៅថ្ងៃទី 27-04-2016 18:17

ជនភៀសខ្លួនភាគតិចរ៉ូហីងយ៉ាងជាច្រើនគ្រួសារត្រូវបានក្រុមជួញដូរមនុស្ស បោះបង់ចោលនៅក្នុងព្រៃប្រទេសថៃ មួយឆ្នាំក្រោយពីប៉ូលីសថៃ បានបើកប្រតិបត្តិការយ៉ាងធំធេងព័ទ្ធចាប់បណ្តាញពួកជួញដូរមនុស្សដែលជាប្រភពនៃវិបត្តិដ៏ធ្ងន់ធ្ងរមួយនៅក្នុងតំបន់។ យោងតាមមន្ត្រីប៉ូលីសថៃម្នាក់នៅក្នុងខេត្ត Chumporn ភាគខាងត្បូងប្រទេសថៃ ជនភៀសខ្លួនរ៉ូហីងយ៉ា១៤នាក់រួមទាំងកូនក្មេងៗផង ត្រូវបានគេរកឃើញនៅក្នុងព្រៃនៅវេលាម៉ោងប្រមាណជា៦ព្រឹក។ គឺជាជនជាតិភាគតិចនៃសហគមន៍មូស្លីមរ៉ូហីងយ៉ាដែលត្រូវបានពួកមេខ្យល់បោះបង់ចោលនៅក្បែរប៉ុស្តិ៍ប៉ូលីសមួយ។ មន្ត្រីប៉ូលិសថៃ បានគូសបញ្ជាក់ទៀតថា” ពួករ៉ូហីងយ៉ាទាំងនោះ បានធ្វើដំណើរចូលមកក្នុងប្រទេសថៃតាមផ្លូវគោគ ដោយជិះរថយន្តក្រុងឬរថយន្តដឹកទំនិញបើកបរដោយពួកអ្នករត់ពន្ធមនុស្ស។

កាលពីខែឧសភាឆ្នាំ ២០១៥ ដោយការភិតភ័យចំពោះនយោបាយថ្មីរបស់ប្រទេសថៃ ក្នុងការបង្រ្កាបតាមចាប់អ្នកជួញដូរមនុស្ស ពួកគេ ក៏បានសម្រេចចិត្តបោះបង់ចោលជនអន្តោប្រវេស្តន៍រាប់ពាន់នាក់នៅក្នុងឈូងសមុទ្របឹងហ្គាល់។ គួររំលឹកថា ប្រទេសថៃគឺជាច្រកដ៏សំខាន់មួយរបស់ជនភៀសខ្លួនដើម្បីធ្វើដំណើរទៅកាន់ម៉ាឡេស៊ី។ ប៉ុន្តែឥឡូវនេះ អាជ្ញាធរថៃធ្វើការឹតបន្តឹងការត្រួតពិនិត្យនៅតាមគ្រប់ច្រកល្ហកដូចជាតាមបណ្តោយព្រំដែនទាំងជើងគោគនិងទាំងជើងទឹក ដូច្នេះហើយបានជា ជនភៀសខ្លួនរ៉ូហីងយ៉ាភាគច្រើនធ្វើដំណើរតាមផ្លូវគោគវិញម្តង។

នៅភូមា សហគមន៍ រ៉ូហីងយ៉ា មានគ្នាប្រមាណជា ១លាន៣សែននាក់ និងត្រូវបានគេចាត់ទុកថា ជាជន ជាតិភាគតិចមួយដែលទទួលរងទុកបុកម្នេញខ្លាំងជាងគេនៅក្នុងពិភពលោក។ ក៏ប៉ុន្តែ ស្ថានភាពដ៏មហន្តរាររបស់ពួកគេ បែរជាត្រូវបានប្រទេសនៅតំបន់អាស៊ីអាគេ្នយ៍ធ្វើព្រងើយកន្តើយទៅវិញ។ ម្យ៉ាងទៀត នៅភូមា ពួកអ្នកកាន់ពុទ្ធសាសនាជ្រុលនិយម កាន់តែបង្កើនអំពើហិង្សាកោងកាចយ៉ាងខ្លាំងធ្វើទៅលើសហគមន៍មូស្លីមរ៉ូហិងយ៉ា ជាពិសេសអំពើហិង្សានៅឆ្នាំ២០១២ បានសម្លាប់ជីវិតមនុស្សជាង២០០នាក់ និងបណ្តាលឲ្យជនរងរបួសជាង១៤ម៉ឺននាក់ភាគច្រើនជាជនមូស្លីម។ ដោយសារអំពើរើសអើងពូជសាសន៍និងអំពើហិង្សានេះហើយ បានជាជនភៀសខ្លួនរ៉ូហីងយ៉ារាប់ពាន់នាអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានសម្រេចចិត្តរត់គេចចេញពី ប្រទេសភូមា តាមផ្លូវសមុទ្រដើម្បីរត់ទៅកាន់ប្រទេសម៉ាឡេស៊ី៕

website_news/2016280406.txt · Last modified: 2017/02/28 14:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki