website_news:2016280601

ក្រសួងការបរទេសកម្ពុជាអន្តរាគមន៍ជួយស្ត្រីខ្មែរ៣នាក់ចេញពីបីប្រទេស មកកាន់ប្រទេសកំណើតវិញ

(http://www.cen.com.kh) ថ្ងៃទី 28 មិថុនា 2016, ម៉ោង 11:20:AM) | ដោយ: កក្កដា

ភ្នំពេញ: លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអោយដឹង កាលពីថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០១៦ តាមការណែនាំរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅទីក្រុងសៀងហៃ ប្រទេសចិន បានអន្តរាគមន៍ ជួយស្ត្រីខ្មែរម្នាក់ ឈ្មោះ ពៅ ចាន់ថុន អាយុ២៨ឆ្នាំ រស់នៅឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង បានទៅប្រទេសចិន ដើម្បីរៀបការជាមួយ បុរសជនជាតិចិន តាំងពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៦ ប៉ុន្តែមិនទាន់បានរៀបការ នៅឡើយទេ ដោយមានការលំបាក បានទៅស្ថានអគ្គកុងស៊ុល ស្នើសុំជួយអោយបានវិល ត្រឡប់មកកម្ពុជាវិញ។

លោក ជុំ សុន្ទរី បានបន្តថា ស្ថានអគ្គកុងស៊ុលកម្ពុជា បានសហការជាមួយ អាជ្ញាធរខេត្ត អានហួយ និងអាជ្ញាធរទីក្រុង សៀងហៃ ដើម្បីរៀបចំបែបបទធ្វើដំណើរ អោយសាមីខ្លួន អាចត្រឡប់មកកម្ពុជាវិញ។ ក្នុងកំឡុងពេលរង់ចាំ ការវិលត្រឡប់មកកម្ពុជាវិញ ស្ថានអគ្គកុងស៊ុល បានផ្ដល់កន្លែងស្នាក់នៅ និងការហូបចុក ដល់ស្ត្រីខ្មែររូបនេះ។ ស្ត្រីខ្មែរ ពៅ ចាន់ថុន បានមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ២៣:៣០ នាទី យប់។

២- ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ ជួយពលការិនីខ្មែរ ១ នាក់ ឈ្មោះ ថុល វណ្ណា អាយុ១៩ឆ្នាំ រស់នៅភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល បានទៅធ្វើការ នៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ តាមរយៈមេខ្យល់ ដោយធ្វើដំណើរតាម រថយន្តកាត់តាមប្រទេសថៃ ហើយជួបប្រទះនឹងការលំបាក ក្នុងការងារ អោយបាន វិលត្រឡប់មកកម្ពុជាវិញ តាមសំណើសុំរបស់សាមីខ្លួន។

ដោយមានការអន្តរាគមន៍ ពីស្ថានទូត ថៅកែរបស់ពលការិនី ថុល វណ្ណា បានយល់ព្រមទិញ សំបុត្រយន្តហោះ និងមិនទារលុយ នៅជំពាក់ ដែលពលការិនីរូបនេះ បានខ្ចីក្នុងពេលកន្លងមក។

ក្នុងកំឡុងពេលរង់ចាំ ការវិលត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្ដល់កន្លែងស្នាក់នៅ និងការហូបចុក ដល់ពលការិនីរូបនេះ។

ពលការិនី ថុល វណ្ណា បានមកដល់កម្ពុជាហើយ កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ៧:៣៥ នាទី ព្រឹក តាមជើងយន្តហោះ AK ៥៣៦។

៣- ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសសិង្ហបុរី បានអន្តរាគមន៍ជួយដោះស្រាយបញ្ហា ជូនពលរដ្ឋខ្មែរ ១នាក់ ឈ្មោះ ប៉ូ សុខា ភេទស្រី ដែលបានទៅប្រទេសសិង្ហបុរី ធ្វើការជាអ្នកបំរើតាមផ្ទះ ហើយត្រូវបានអាជ្ញាធរសិង្ហបុរី ឃាត់ខ្លួន ពីបទលួចគ្រឿងអលង្ការ នៅក្នុងផ្ទះថៅកែ។

ដោយការអន្តរាគមន៍ របស់ស្ថានទូត ប៉ូលិសសិង្ហបុរី បានបញ្ជូនកញ្ញា ប៉ូ សុខា ទៅស្នាក់នៅ បណ្ដោះអាសន្ន នៅមជ្ឈមណ្ឌល សំរាប់ពលករក្នុងស្រុក (Centre for Domestic Employees) ក្នុងកំឡុងពេលដំណើការ នីតិវិធីស៊ើបអង្កេតរបស់ប៉ូលិស។

តាមសំណើសុំរបស់ ស្ថានទូត ថៅកែរបស់កញ្ញា ប៉ូ សុខា មិនបានប្ដឹង និងមានបំណង បញ្ចប់រឿងក្ដីខាងលើនេះ។ ស្ថានទូត បាននិងកំពុងសំរបសំរួល ដើម្បីដោះស្រាយ បញ្ចប់សំណុំរឿង របស់នារីខ្មែររូបនេះ៕N/S

website_news/2016280601.txt · Last modified: 2017/03/03 14:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki