website_news:2016280602

ស្នាដៃពលករខ្មែរ ធ្វើឲ្យកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងបណ្តាឆ្នាំកន្លងមក

(http://www.everyday.com.kh) ថ្ងៃ ចន្ទ ទី ២៧ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ១០:២៧

រាជធានីភ្នំពេញ ៖ ការខ្វះកម្លាំងពលកម្មបម្រើការងារនៅក្នុងប្រទេសសម្រាប់ឆ្នាំ២០១៦នេះ សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានជ្រើសរើសពលករខ្មែរដើម្បីទៅបម្រើការងារ នៅប្រទេសកូរ៉េជិត១ម៉ឺននាក់ ដែលចំនួននេះច្រើនជាងបណ្តាឆ្នាំកន្លងមក ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកវិញ្ញាសាប្រឡងនាព្រឹកថ្ងៃទី២៥ មិថុនា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងជាប្រធានគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេសបានលើកឡើងថា សម្រាប់បេក្ខជនដែលដាក់ឈ្មោះចូលរួមប្រឡងភាសារកូរ៉េនៅឆ្នាំ២០១៦ មានចំនួន៥៤.០០០នាក់ ។

លោកបន្តថា ក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ ត្រូវការពលរដ្ឋកម្ពុជា ទៅបម្រើការងារក្នុងឆ្នាំនេះលើវិស័យឧស្សាហកម្មចំនួន៤.៧០០នាក់ វិស័យសំណង់ចំនួន១០០០នាក់ និងវិស័យកសិកម្មចំនួន៣៧០០នាក់ ដែលសរុបទាំងអស់មានចំនួន៩៤០០នាក់ ។ ការប្រឡងភាសាកូរ៉េឆ្នាំ២០១៦មានចំនួន១០មណ្ឌលនៅរាជធានីភ្នំពេញ ។ ជាមួយគ្នានោះដែរ លោករដ្ឋលេខាធិការបានឲ្យដឹងថា សម្រាប់វិញ្ញាសាប្រឡងមិនមែន ក្រសួងយើងជាអ្នកចេញនោះទេ គឺភាគីកូរ៉េជាអ្នកចេញ ហើយភាគីកូរ៉េក៏ជាអ្នកយកវិញ្ញាសាទៅធ្វើកំណែវិញដែរ ដែលបង្ហាញពីសុក្រឹតភាពគឺអាចនិយាយបានថា អ្នកចេះប្រឡងជាប់ ហើយអ្នកមិនចេះប្រឡងធ្លាក់ ។

លោកបានបន្តថា សម្រាប់ពលករដែលអាចទៅបម្រើការងារតាមរយៈរដ្ឋាភិបាលកូរ៉េ ក្នុងម្នាក់ៗមធ្យមអាចចំណាយប្រាក់ប្រហែល៩០០ដុល្លារ ក្នុងការពិនិត្យសុខភាព សំបុត្រយន្តហោះ ហើយការចំណាយនេះទៅតាមដំណាក់ៗ ដោយគ្មានក្រុមហ៊ុនណាម៉ៅផ្តាច់នោះទេ ។ សម្រាប់ពលករខ្មែរអាចរៀនភាសាកូរ៉េនៅទីណាក៏បាន មានសិទ្ធិប្រឡងទាំងអស់ ហើយពលករខ្មែដែលអាចបម្រើការងារនៅកូរ៉េបានចាប់ពីអាយុ១៨ឆ្នាំទៅ៣៥ឆ្នាំ ។ ពលករខ្មែរដែលទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េជាមធ្យមទទួលប្រាក់ខែចាប់ពី១ពាន់ដុល្លារឡើងដល់ជាង២ពាន់ដុល្លារក្នុងមួយខែ ។

ជាមួយគ្នានោះដែរ លោក ពេជ សោភ័ន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅឆ្នាំក្រោយ ដែលមានបំណងទៅធ្វើការនៅប្រទេសកូរ៉េទាំងអស់ថា កុំជឿកាឃោសនាពីបណ្តាអង្គការ ក្រុមហ៊ុនថា អាចធានាឲ្យទៅបម្រើការងារនៅប្រទេសកូរ៉េ ដោយមិនឆ្លងកាត់ការប្រឡងឲ្យសោះ ។ លោកបញ្ជាក់ថា ការប្រឡងកូរ៉េមានតឹងរ៉ឹងណាស់ មិនអាចមានអ្នកប្រឡងជំនួសបានឡើយ ។ ព្រោះថា នៅពេលប្រឡងមានពិនិត្យពីអនុរក្សជនជាតិកូរ៉េ និងខ្មែរ ហើយចំណែកការកែគឺធ្វើឡើងនៅប្រទេសកូរ៉េ តាមរយៈប្រព័ន្ធកុំព្យូទ័រ ។ ជាងនេះទៅទៀត លទ្ធផលគេនឹងផ្ញើមកវិញតាមឈ្មោះបេក្ខជននីមួយៗ ។ លោករដ្ឋលេខាធិការបានឲ្យដឹងថា ភាគីកូរ៉េបានពេញចិត្ត នឹងពលករខ្មែរដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េ ហើយលោកក៏បានជំរុញឲ្យកូរ៉េបន្ថែមយកពលករខ្មែរទៅបម្រើការងារថែមទៀត ។

លោក Park Soon Hwan អនុប្រធានទទួលបន្ទុកផ្នែកធ្វើផែនការ និងគ្រប់គ្រងនៃអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េ បានឲ្យដឹងថាលោកនឹងជំរុញដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េដើម្បីទទួលយកពលករខ្មែរទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េបន្ថែមទៀត ។ លោកបន្តថា ពលករខ្មែរដែលបម្រើការងារនៅកូរ៉េបានធ្វើឲ្យមានភាពល្បីឈ្មោះមួយក្នុងការខិតខំប្រឹងធ្វើការដោយខ្លួនឯងផ្ទាល់ ដែលការខិតខំនេះហើយជាហេតុធ្វើឱ្យមានការចាប់អារម្មណ៍ដល់អ្នកវិយោគ និងបណ្តាលឱ្យក្រុមហ៊ុនជាច្រើនចង់បានពលករខ្មែរទៅធ្វើការនៅក្នុងក្រុមហ៊ុន ឬសហគ្រាសរបស់គេ ។ លោកបញ្ជាក់ថា ពលករខ្មែរបច្ចុប្បន្ននេះ មានសក្តានុពលក្នុងការពង្រីកតម្លៃខ្លួនដោយខ្លួនឯងនៅក្នុងទីផ្សារការងារក្នុងប្រទេសកូរ៉េ ។ ដូច្នេះតាមរយៈការស្នើសុំនោះ លោកនឹងខិតខំជំរុញដល់រដ្ឋាភិបាល និងបណ្តាក្រុមហ៊ុននៅកូរ៉េទទួលយកពលករខ្មែរច្រើនទៀតនៅឆ្នាំក្រោយ ។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៦ ការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េនេះ រៀបចំឡើងដោយក្រសួងមុខរបរនិងការងារនៃសាធារណរដ្ឋកូរ៉េ និងអនុវត្តដោយអង្គភាពធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ ដោយមានកិច្ចសហការជាមួយគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេសនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា ។

ឆ្នាំនេះមានបេក្ខជនប្រឡងភាសាកូរ៉េចំនួន៥៤.០០០នាក់ មានមណ្ឌលប្រឡងចំនួន១០នៅរាជធានីភ្នំពេញ ហើយនៅឆ្នាំនេះភាគីកូរ៉េត្រូវការពលករចំនួន៩៤០០នាក់ ខណៈពេលឆ្នាំកន្លងមកនេះកូរ៉េត្រូវការពលករខ្មែរប្រមាណជា៧ពាន់នាក់ ។ បច្ចុប្បន្នពលករខ្មែរទៅបម្រើការងារនៅកូរ៉េជាង៤ម៉ឺននាក់ហើយ ៕

website_news/2016280602.txt · Last modified: 2017/03/03 14:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki