website_news:2016280603

បទពិសោធមន្ត្រីជាប់ឃុំរឿងលូកលាន់ផ្លូវភេទនៅកូរ៉េខាងត្បូង តើអ្នកដទៃរាងចាលឬនៅ?

(http://www.postkhmer.com/) គេហទំព័រភ្នំពេញប៉ុស្តិ៍ Tue, 28 June 2016 តុង សុប្រាជ្ញ

«រពឹសដៃផ្ទៃឆ្អែត!» នេះគឺជាពាក្យចាស់តែងតែលើកទឹកចិត្តឲ្យមនុស្សមានគំនិតផ្តួចផ្តើមធ្វើអ្វីដែលមានលក្ខណៈវិជ្ជមានដូចជាការរកត្រីហូប ការចេះឆ្កឹះឆ្កៀលជួសជុលគ្រឿងម៉ាស៊ីនដើម្បីចិញ្ចឹមក្រពះជាដើម។

ប៉ុន្តែផ្ទុយទៅវិញការរពឹសដៃលូកលាន់ផ្លូវភេទឯណេះវិញមិនបានផ្ទៃឆ្អែតទេគឺជាអំពើរំលោភសិទ្ធិមនុស្ស និងមានទោសទៅវិញទៅតាមក្រមព្រហ្មទណ្ឌផ្នែកទី ២ ការបំពានផ្លូវភេទដទៃទៀតមាត្រា ២៤៦ បទប្រទូសកេរ្តិ៍ខ្មាស៖ «គ្រប់អំពើប៉ះពាល់ ស្ទាបអង្អែលកេរ្តិ៍ភេទ ឬផ្នែកភេទផ្សេងទៀតរបស់បុគ្គលដទៃតែបុគ្គលនេះមិនស្ម័គ្រចិត្តផងទេ ឬបង្ខំបុគ្គលដទៃឲ្យប្រព្រឹត្តអំពើនេះមកលើខ្លួន ឬ ទៅលើតតិយបុគ្គលក្នុងគោលបំណងធ្វើឲ្យរំជួល ឬរីករាយដល់ចំណង់ផ្លូវភេទរបស់ជនល្មើសគឺជាអំពើប្រទូសកេរ្តិ៍ខ្មាស។ អំពើប្រទូសកេរ្តិ៍ខ្មាសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២ លានរៀលទៅ ៦ លានរៀល»។

តែសព្វថ្ងៃនេះការអនុវត្តមាត្រានេះនៃច្បាប់គឺបានតែតាៗក្រីក្រ និងក្មេងស្ទាវតាមភូមិទេតែសម្រាប់អ្នកមាន និងមន្ត្រីធំៗដែលបានប្រព្រឹត្តនៅតាមក្លិបកម្សាន្ត ការ៉ាអូខេ និងបៀរហ្គាដិនវិញមិនយកមកអនុវត្តទេ។

តាមរយៈការសិក្សាកាលពីឆ្នាំ ២០១៥ អង្គការឃែរបានរកឃើញថាស្ត្រីដែលធ្វើការនៅតាមកន្លែងមណ្ឌលក្លិបកម្សាន្តហាងផឹកស៊ី ទេសចរណ៍ ម៉ាស្សា ការ៉ាអូខេ និងរោងចក្រជាដើមគឺពួកគេប្រឈមនឹងការរំលោភបំពានផ្លូវភេទទាំងកាយវិការ និងពាក្យសម្តីនៅកន្លែងធ្វើការពីភ្ញៀវជាបុរស។ ជាងនេះទៅទៀតនោះគឺភាគច្រើននៃអ្នករត់រ៉ឺម៉កម៉ូតូ និងតំណាងអាជ្ញាធរដែនដីដែលផ្តល់សម្ភាសន៍បានទទួលស្គាល់ថាការបៀតបៀនផ្លូវភេទគឺជាឥរិយាបថធម្មតាទៅហើយ។

ដោយសារភាពគ្មានទោសពៃរ៍នៃការលូកលាន់ផ្លូវភេទនៅក្នងស្រុកបែបនេះហើយបានជាធ្លាប់ដៃទៅលូកលាន់នៅក្រៅប្រទេសទៀតដោយគិតថាស្រុកគេមានវប្បធម៌អនុវត្តច្បាប់ដូចស្រុកខ្មែរឲ្យតែមានលុយអាចគេចចេញពីទោសទណ្ឌបាន។ ដូចថ្មីៗនេះមានមន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំមួយរូប [បណ្ឌិត គ្រី ស៊ាឡុង] ដែលមានតួនាទីប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈបានប្រព្រឹត្តប្រទូសកេរ្តិ៍ភេទទៅលើនារីបកប្រែជនជាតិកូរ៉េខាងត្បូងក្នុងអំឡុងប្រជុំអាស៊ានបូក ៣ នៅប្រទេសកូរ៉េខាងត្បូងនោះតាំងពីចុងខែឧសភាកន្លងទៅនេះ។

បន្ទាប់ពីនារីជនរងគ្រោះប្តឹងប៉ូលិសពីបទបៀតបៀនផ្លូវភេទមន្ត្រីជាន់ខ្ពស់រូបនោះត្រូវអាជ្ញាធរកូរ៉េខាងត្បូងចាប់ឃុំខ្លួន និងកាត់ទោសឲ្យសងជំងឺចិត្តជាទឹកប្រាក់ចំនួន ១២ ៣០០ ដុល្លារ។ ទម្រាំតែបានលោះខ្លួនចេញក្រៅឃុំមកស្រុកវិញហើយត្រូវរដ្ឋាភិបាលកូរ៉េខាងត្បូងហាមមិនឲ្យគាត់ចូលប្រទេសគេមួយជីវិត រីឯឯកអគ្គរាជទូតខ្មែរប្រចាំទីនោះក៏ទទួលស្គាល់ថាលោក ស៊ាឡុង បានប្រព្រឹត្តនៅទីនោះមែនហើយបានរាយការណ៍មានពាក់ព័ន្ធនឹងការប្រមូលលុយឲ្យបានគ្រប់ចំនួនដើម្បីលោះខ្លួនមកផ្ទះវិញពីថវិការបស់ក្រសួងអប់រំផង និងមន្ត្រីធ្វើការនៅនាយកដ្ឋាននោះផងដែរ។

បើទោះបីជា ក្រសួងអប់រំខំប្រឹងការពារខ្លួនក្នុងការអនុវត្តតាមនីតិវិធីដើម្បីដកលោក គ្រី ស៊ាឡុង ចេញពីតំណែង និងចេញសេចក្តីថ្លែងការណ៍ចំនួន ២ ក៏ដោយក៏មជ្ឈដ្ឋានទូទៅរិះគន់ថាការអនុវត្តនីតិវិធីបែបយឺតយ៉ាវព្យាយាមលាក់បាំងមន្ត្រីជាន់ខ្ពស់ខ្លួនបើកុំតែកាសែតចុះផ្សាយកុំអីហ្នឹងស្ងាត់ឈឹងបាត់ទៅហើយ។

សកម្មភាពលូកលាន់ផ្លូវភេទឆ្លងដែននេះមិនត្រឹមតែប៉ះពាល់ខ្លួនអ្នកប្រព្រឹត្តនោះទេគឺធ្វើឲ្យខូចឈ្មោះសាមីក្រសួងអប់រំទៀតដែលមានលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីខំប្រឹងសាងកេរ្តិ៍ឈ្មោះប៉ុន្មានឆ្នាំចុងក្រោយនេះ និងនាំរវល់ចេញសេចក្តីថ្លែងការណ៍ការពារមិនពាក់ព័ន្ធនឹងថវិកាក្រសួង និងឈ្មោះប្រទេសជាតិទៀត។

ដោយសារតែស្រុកខ្មែរមិនអនុវត្តច្បាប់ចំពោះសកម្មភាពលូកលាន់ផ្លូវភេទនេះមើលទៅដូចជាតូចទេស្រាប់តែដល់ពេលនៅស្រុកគេអនុវត្តច្បាប់មើលទៅឃើញប៉ុនភ្នំអ៊ីចឹងកុំចេះតែហ៊ានពេកអស់លោកដែលចូលចិត្តរពឹសដៃរឿងស្រីញីនោះ។ អាជ្ញាធរកូរ៉េខាងត្បូងដាក់មេរៀនមួយហ្នឹងឲ្យមកស្រុកខ្មែរសួរថាអ្នកដទៃទៀតរាងហើយឬនៅ?

រឿងទៅស្រុកគេលូកលាន់កេរ្តិ៍ភេទនេះមិនមែនតែលោក គ្រី ស៊ាឡុង នោះទេមានមន្ត្រីរដ្ឋាភិបាល មន្ត្រីអង្គការសហប្រជាជាតិ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល មន្ត្រីក្រុមហ៊ុនមួយចំនួនទៅក្រៅប្រទេសដែលខ្ញុំបានជួបប្រទះក៏មានឥរិយាបថបែបនេះដែរ។ គឺគេចង់អួតដាក់គ្នារឿងស្រីញីបរទេសចង់បង្ហាញភាពជាបុរស (Masculinity) ថាខ្លួនគ្រាន់បើបានស៊ី (រួមភេទ) ស្រីជនជាតិនេះ ជនជាតិនោះ ឬក៏លូកលាន់កេងចំណេញរឿងផ្លូវភេទនេះដែរ។ តែពេលខ្លះក៏ត្រូវបានស្ត្រីជនជាតិគេស្តីថាឲ្យបុរសខ្មែរដែលនិយាយដៀមដាមចង់ទាក់ទងផ្លូវភេទមានដែរដូចករណីដែលខ្ញុំជួប ស្ត្រីដែលចូលរួមកិច្ចប្រជុំសន្និសីទនៅទីក្រុងបាងកកកាលពីឆ្នាំ ២០០២ មានអតីតមន្ត្រីអង្គការសហប្រជាជាតិដែលខ្លួនធ្វើការជាមួយកុមារក៏ដោយក៏ខ្លួនអួតអាងពីរឿងផ្លូវភេទដែរថាខ្លួននោះអស្ចារ្យបានដេកជាមួយស្ត្រីដែលចូលរួមប្រជុំជាមួយគ្នាដែរតែនៅពេលខ្ញុំឃើញស្ត្រីជនបរទេសផ្សេងគេស្តីឲ្យគាត់ទៅវិញពីរឿងនិយាយចែចង់រួមភេទជាមួយស្ត្រីនោះ។

រីឯមន្ត្រីខ្មែរនោះក៏ធ្វើបែបមុខក្រាស់ទៅហើយបើនៅកន្លែងធ្វើការនរណាក៏ដឹងដែរថាគឺជាមនុស្សចូលចិត្តស្រីញីដែរតែមិនបានអប់រំគាត់ទេគឺមានតែខំបិទបាំងស្ងាត់មាត់កទៅដោយគិតថានោះគឺជារឿងបុគ្គល។

ម្យ៉ាងវិញទៀតមានមន្ត្រីខ្មែរខ្លះទៀតបានសួរគ្នាពេលទៅបរទេសថាឯងបានចូលសញ្ជាតិគេដែរឬក៏អត់? មានន័យថាបានរួមភេទជាមួយជនជាតិនៃប្រទេសនោះដែរឬក៏អត់? មន្ត្រីខ្លះទៀតក៏បាននិយាយបែបចំអកមកវិញបន្ទាប់ពីបានទៅទស្សនកិច្ចនៅវៀតណាមថាគាត់រកខឹងនឹងស្តេចជ័យជេដ្ឋាទី ២ មិនកើតបើស្ត្រីវៀតណាមស្អាតៗម្លឹងៗ។

ទាំងនោះគឺសុទ្ធតែជាការគិតរបស់មន្ត្រីខ្មែរមួយចំនួនដែលមានឱកាសទៅបំពេញបេសកកម្មនៅបរទេសគឺរឿងស្រីញីជាធំ ឯរឿងប្រជុំ ឬក៏ក្រេបយកចំណេះវិជ្ជាមិនសូវប៉ុន្មានទេ។

ឥឡូវដឹងច្រើនគ្នាហើយកូរ៉េដាក់មេរៀនឲ្យមន្ត្រីខ្មែររឿងប្រទូសកេរ្តិ៍ភេទនោះគឺវាធ្ងន់អ៊ីចឹងហើយមានមេរៀនផ្សេងទៀតដែលធ្វើឲ្យអាប់ឱនកេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូរចំពោះបញ្ហាអ្នកចូលចិត្តលូកលាន់ផ្លូវភេទនោះដូចលោក ដូមេនិកស្រ្តូសកាន់ ជនជាតិបារាំងអតីតប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ( IMF) មិនទាន់ដឹងខុសត្រូវស្រួលបួលផងអស់តំណែងហើយត្រូវគេឃុំខ្លួននៅទីក្រុងញូវយ៉កកន្លងមកដោយសារតែទម្លាប់រពឹសដៃរពឹសជើងរឿងផ្លូវភេទនោះ។ កុំចេះតែហ៊ាន!

ចំណែកឯស្រុកខ្មែរអនុវត្តច្បាប់នេះមើលបើមិនឃើញធំដូចគ្នាជារួមគឺរកគុកដាក់គ្មានទៀតនោះបើបុរសៗភាគច្រើនចូលកន្លែងសេវាកម្សាន្តសប្បាយដៃនៅមិនស្ងៀមយ៉ាងនេះលូកលិចលូកកើត ចាប់ឱបថើបស្ត្រី លូកច្របាច់គ្មានសល់ទាំងមិនមានការយល់ព្រមនោះ។

តើទម្លាប់លូកលាន់ផ្លូវភេទដោយមិនមានការយល់ព្រមពីស្ត្រីនេះអាចចាប់ផ្តើមបញ្ចប់បានដែរឬទេ? គួរតែចាប់ផ្តើមពីបទពិសោធរពឹសដៃរបស់លោកគ្រូ គ្រី ស៊ាឡុង មកធ្វើជាមេរៀនក្នុងការទប់ស្កាត់បញ្ហានេះទាំងក្នុងស្រុក និងទាំងក្រៅស្រុក? ចំណុចមួយល្អ សមាគមអភិវឌ្ឍន៍សុខភាពប្រជាជនសហការជាមួយអង្គការឃែរបានធ្វើយុទ្ធនាការពណ៌ទឹកក្រូចដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រីរួមទាំងការបៀតបៀនផ្លូវភេទផងដែររៀងរាល់ថ្ងៃទី ២៥ នៃខែនីមួយៗ៕

website_news/2016280603.txt · Last modified: 2017/03/03 14:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki