website_news:2016280604

ពលរដ្ឋខ្មែរ ២នាក់ត្រូវតម្រួតថៃចាប់ខ្លួន ពេលទៅលក់គ្រែ ក្រោយប៉ូលីស និងទាហានខ្មែរ បើកឲ្យឆ្លងដែនខុសច្បាប់

(http://www.dap-news.com/kh) អង្គារ, ២៨ មិថុនា ២០១៦ 14:03 ដោយ: ប៊ុន វាសនា ID:039

បន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរ ០២នាក់ ត្រូវបានតម្រួតថៃចាប់ខ្លួន ជាបន្តបន្ទាប់ខណៈ ពួកគេឆ្លងដែនខុសច្បាប់ តាមច្រករបៀងមហាស្រព ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោយពីឃុំឃាំង អស់មួយយប់នៅអធិការនគបាលស្រុកតាប្រាយ៉ា ហើយនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ ពលរដ្ឋខ្មែរទាំង ២នាក់ ត្រូវបានគេបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តស្រះកែវ ដើម្បីសួរនាំបន្ត ។

ពលរដ្ឋខ្មែរទាំង ២នាក់ ដែលត្រូវតម្រួតថៃ ចាប់ខ្លួនរួមមាន ១-ឈ្មោះ ហួន គ្រួក ភេទប្រុស អាយុ២៨ឆ្នាំ និង២-ឈ្មោះ ហួន វិត ភេទប្រុស អាយុ២៦ឆ្នាំ ពួកគេជាបងប្អូនបង្កើតនិងគ្នា រស់នៅភូមិគួរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ពួកគេត្រូវបានចាប់ខ្លួន កាលពីព្រឹកថ្ងៃចន្ទ័ ម្សិលមិញ ។

កាសែតក្នុងស្រុកថៃមួយ បានចេញផ្សាយថា ពលរដ្ឋខ្មែរ ២នាក់ ត្រូវតម្រួតថៃចាប់ខ្លួន ពេលឆ្លងដែនខុសច្បាប់ ចូលទឹកដីថៃ តាមច្រកមួយដែល ឈមគ្នាតាមស្រុកតាប្រាយ៉ា គឺច្រកមហោស្រព ពលរដ្ឋខ្មែរទាំង ២នាក់បងប្អូននេះ បានបើកគោយន្តកន្រ្តៃ ដឹកគ្រែដើរលក់ក្នុង ភូមិសាស្ត្រស្រុកខាងលើ ដោយមានការសង្ស័យ តម្រួតថៃបានឃាត់សួរនាំ រកលិខិតពុំមានក៏ឃាត់ យកមកសួរនាំតែម្តង ។ ពលរដ្ឋខ្មែរទាំង ២នាក់ ត្រូវបានចាប់ខ្លួនពី បទឆ្លងដែនខុសច្បាប់។

ជុំវិញករណីនេះ ដើមអម្ពិលមិនអាចសុំ ការពន្យល់ពីលោក ប៊ុន សុខវិបុល អគ្គកុងស៊ុលកម្ពុជាប្រចាំ នៅខេត្តស្រះកែវ ប្រទេសថៃ បានទេនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ ព្រោះទូរសព្ទ័ទាក់ទងមិនបាន។

គួរបញ្ជាក់ថា ច្រកមហោស្រព គឺជាច្រករបៀងដ៏ល្បីឈ្មោះមួយ ដែលគ្រប់គ្រងដោយ សមត្ថកិច្ចកម្ពុជាដូចជា វរះសេនាតូចនគរបាល ការពារព្រំដែន ៨០៧ ទាហានសឹករងខេត្ត ហើយច្រកមួយនេះក្រៅពី បើកឲ្យពលករឆ្លងដែនខុសច្បាប់ កន្លងមកក៏ត្រូវបាន គេដឹងគ្រប់គ្នាថា ជាច្រករបៀងដែល បើកឲ្យមានការនាំ ចូលម៉ូតូគេចពន្ធ និងឡានចង្កូតស្តាំផងដែរ។ កាដែលសមត្ថកិច្ចថៃ ចាប់ខ្លួនពលរដ្ឋខ្មែរ ២នាក់ ខាងលើបាន គឺមកពីនគរបាល ការពារព្រំដែន និងទាហានគោល ដៅខាងលើជាអ្នក បើកភ្លើងខៀវឲ្យឆ្លងដែនខុសច្បាប់ ជាថ្នូរនឹងការបង់លុយបង់កាក់។

ជុំវិញបញ្ហានេះលោក សួន បវរ អភិបាលខេត្ត បន្ទាយមានជ័យថ្មី គួរមានវិធានការ និងដុសក្អែលដល់សមត្ថកិច្ច គោលដៅចេញហើយ បើមិនដូច្នោះទេសមត្ថកិច្ច ខិលខូចនឹងយកតួនាទី របស់ខ្លួនទៅរកស៊ីខុសច្បាប់ ទៅរកស៊ីគេពន្ធ ដែលមានការឃុបឃិត ជាប្រព័ន្ធជាមួយសមត្ថកិច្ច តាមព្រំដែន ធ្វើឲ្យបាត់ចំណូលពន្ធ រដ្ឋកាន់តែធ្ងន់ធ្ងរ ក្រៅពីនេះក៏អាចកើត មានបទល្មើសផ្សេងៗ តាមព្រំដែន បង្កភាពអសន្តិសុខ ដល់សង្គមទៀតផង ៕

website_news/2016280604.txt · Last modified: 2017/03/03 14:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki