website_news:2016280605

លោកស្រី ស៊ូជី បានត្រឹមផ្តល់ក្តីសង្ឃឹម តែមិនទាន់មានលទ្ធភាពបញ្ជូនពលរដ្ឋខ្លួនទៅប្រទេសវិញ

(http://www.thmeythmey.com) គេហទំព័រថ្មីៗ June-27-2016,  10:39 pm និពន្ធដោយ : ទេព អ៊ីវិសាល

ដំណើរទស្សនកិច្ចផ្លូវការរបស់ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី ទៅកាន់ថៃបានបញ្ចប់នៅចុងសបា្ហហ៍មុនដោយបន្សល់ទុកក្តីស្រលាញ់ និងក្តីសង្ឃឹមសម្រាប់ពលករ និងប្រជាជនមីយ៉ាន់ម៉ាដែលមិនទាន់មានទីលំនៅអចិន្ត្រៃយ៍ត្រឹមត្រូវ។ ទោះបីជាលោកស្រី អ៊ុងសាន ស៊ូជី មានចេតនានាំប្រជាជនចំណាកស្រុកត្រលប់ទៅមីយ៉ាន់ម៉ាវិញក៏ដោយ លោកស្រី មិនទាន់អាចធ្វើបាននោះទេ ដ្បិត ស្ថានភាពប្រទេសបច្ចុប្បន្នមិនទាន់មានលទ្ធភាព។ លោកស្រី បានត្រឹមតែសន្យាថា នឹងនាំប្រជាជនទាំងនោះ ត្រលប់ទៅប្រទេសកំណើតវិញក្នុងពេលត្រឹមត្រូវមួយ។

ក្រៅពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ទិសដៅសំខាន់ដែលជំរុញឲ្យម្ចាស់ពានរង្វាន់ណូប៊ែលសន្តិភាព លោកស្រី អ៊ុងសាន ស៊ូជី ទៅកាន់ប្រទេសថៃនោះគឺ បញ្ហាលក្ខខណ្ឌការងាររបស់ពលករ និងជនភៀសខ្លួនមីយ៉ាន់ម៉ានៅក្នុងប្រទេសថៃ។ សម្រាប់ពលករអ្វីដែលពួកគេចង់បាននោះមានដូចជាលក្ខខណ្ឌការងារមានភាពល្អប្រសើរ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសមីយ៉ាន់ម៉ាដែលក្តីសុបិនរបស់ពួកគេដើម្បីអាចវិលត្រលប់ទៅធ្វើការក្នុងប្រទេសបាន។

នាឱកាសទស្សនកិច្ចផ្លូវការជាលើកដំបូងគិតចាប់តាំងពីការឡើងកាន់អំណាចខែមេសាទឹប្រឹក្សារដ្ឋមីយ៉ាន់ម៉ា បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ច័ន្ទ អូចា ចំពោះការមែលថែទាំ ក៏ដូចជាការសម្រេចកន្លងមកទៅលើពលករមីយ៉ាន់ម៉ាដែលកំពុងតែបម្រើការក្នុងទឹកដីថៃ និងជនចំណាកស្រុកមីយ៉ាន់ម៉ាដែលមិនទាន់មានទីលំនៅពិតប្រាកដ។ ហើយ លោកស្រី ក៏បានព្រមព្រៀងជាមួយនឹងនាយករដ្ឋមន្ត្រីថៃ ក្នុងការបញ្ជូនពលរដ្ឋមីយ៉ាន់ម៉ាដែលមិនទាន់មានលំនៅច្បាស់លាស់ទៅស្រុកកំណើតវិញ និងផ្តល់លក្ខខណ្ឌការងារល្អប្រសើរសម្រាប់ពលករផងដែរ។

១. លោកស្រី ស៊ូជី មិនដែលព្រងើយកន្តើយចំពោះជនភៀសខ្លួនឡើយ ស្របជាមួយនឹងការដឹងគុណចំពោះរដ្ឋាភិបាលថៃ ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ក៏បានបញ្ជាក់ថា លោកស្រី នឹងនាំពលរដ្ឋមីយ៉ាន់ម៉ាដែលមិនមានទីលំនៅច្បាស់លាស់ទាំងអស់ត្រលប់ទៅប្រទេសកំណើតវិញ។ លោកស្រី សង្កត់ធ្ងន់ថា «ខ្ញុំពិតជាដឹងគុណចំពោះការប្រឹងប្រែងរបស់រដ្ឋាភិបាលថៃចំពោះប្រជាជនរបស់យើង ប៉ុន្តែរាល់ប្រជាជនរបស់យើងដែលកំពុងតែស្នាក់នៅក្នុងប្រទេសថៃដែលមិនមានជម្រកពិតប្រាកដ គួរតែត្រលប់ទៅប្រទេសកំណើតវិញ ហើយ រដ្ឋាភិបាលលោកស្រី មានកាតព្វកិច្ចក្នុងការថែទាំពលរដ្ឋទាំងនោះ»។ តែការវិលត្រលប់នេះ លោកស្រី អះអាងថា ទាមទារពេលវេលាដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែមានស្ថានភាពល្អប្រសើរជាងមុនសិន។

ជុំវិញបញ្ហានេះដែរ លោកស្រី ស៊ូជី មិនបានហៅពលរដ្ឋមីយ៉ាន់ម៉ាដែលបានភៀសខ្លួនមករស់នៅក្នុង ប្រទេសថៃថា ជាក្រុមណានោះទេ ពោលគឺ លោកស្រី បានព្យាយាមមិនប្រើប្រាស់ពាក្យជនភៀសខ្លួន ។ តែគេបានដឹងច្បាស់ហើយថា មិនមានក្រុមណាឡើយក្រៅពីជនភៀសខ្លួនប្រមាណ១០ម៉ឺននាក់ ដែលកំពុងតែរស់នៅជំរំទាំងប្រាំបួនក្នុងប្រទេសថៃ។ ជនភៀសខ្លួនទាំងនោះ បានរត់គេចពីមីយ៉ាន់ម៉ា ដែលក្នុងពេលសង្គ្រាម និងការដឹកនាំមីយ៉ាន់ម៉ាដោយក្រុមយោធា។

២. លោកស្រីស៊ូជី ផ្តាំពលករឲ្យចេះអត់ធ្មត់ និងស្រលាញ់ប្រទេសដែលខ្លួនកំពុងធ្វើការ ដោយទទួលស្គាល់ពីស្ថានភាពសេដ្ឋកិច្ចប្រទេសខ្លួន លោកស្រី អ៊ុងសាន ស៊ូជី បានថ្លែងពេលជួបជាមួយនឹងពលករ ថា ឲ្យពួកគេបង្ហាញពីក្តីស្រលាញ់និងភាពស្មោះត្រង់ទៅកាន់ប្រទេសដែលគេកំពុងតែរស់នៅ និងធ្វើការ។ បន្ថែមពីនេះ ស្ថាបនិកប្រជាធិបតេយ្យមីយ៉ាន់ម៉ា ក៏ទទូចឲ្យពលករ ត្រូវមានការអត់ធ្មត់ក្នុង ពេលធ្វើការ និងជួបបញ្ហា ដោយលោកស្រីលើកឡើងថា «បញ្ហាតូចតាចអាចនឹងកើតឡើងពេលខ្លះ ក៏ប៉ុន្តែទាំងពលករថៃ និងមីយ៉ាន់ម៉ា គួរតែស្រលាញ់គ្នាទៅវិញទៅមក និង សាមគ្គីគ្នាដើម្បីអាចរស់នៅជាមួយគ្នាក្នុងរយៈពេលយូរ និងបន្តបង្កើនកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា និងថៃផងដែរ។ បើយោងតាមមន្ត្រីថៃ មានពលករស្របច្បាប់មីយ៉ាន់ម៉ា ប្រមាណ១.៤លាននាក់កំពុងតែបម្រើការនៅក្នុងប្រទេសថៃ តែបើរាប់បញ្ចូលទាំងពលករខុសច្បាប់ផងដែរនោះ ចំនួនសរុបនៃពលករមានរហួតដល់២លាននាក់ឯនោះ៕

website_news/2016280605.txt · Last modified: 2017/03/03 14:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki