website_news:2016280701

សម្តេចក្រឡាហោម ស ខេង ជំរុញភាគីពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ ទទួលខុសត្រូវគ្រប់គ្រងលំហូរមិនប្រក្រតីនៃពលករឆ្លងដែន

(http://www.akp.gov.kh) AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦

សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការ អំពាវនាវដោយក្រើនរម្លឹកដល់ភាគីពាក់ព័ន្ធ ទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ថែមទៀត ដោយភាពទទួលខុសត្រូវក្នុងការគ្រប់គ្រងលំហូរមិនប្រក្រតី នៃពលករឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន។ សម្តេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំ ដកពិសោធន៍ការងារ គ្រប់គ្រងលំហូរ មិនប្រក្រតីនៃពលករឆ្លងកាត់ព្រំដែន កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ នៅសាលា ខេត្តបន្ទាយ មានជ័យដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ ថ្នាក់ជាតិនិងក្រោមជាតិ មកពីក្រសួងសា្ថប័ន អង្គភាពពាក់ព័ន្ធនិងបណ្តាខេត្តដែលនៅជាប់ព្រំដែន។

សម្តេចក្រឡាហោមបានមានប្រសាសន៍ទៀតថា កិច្ចប្រជុំនេះដើម្បីសិក្សា ឈ្វេងយល់អំពីស្ថានភាព លំហូរពលករឆ្លងកាត់ព្រំដែន របៀបគ្រប់គ្រង ភាពប្រឈម ផលវិបាក និងស្វែងរកដំណោះស្រាយ ដោយរៀបចំយុទ្ធសាស្ត្រ និងគោលនយោបាយឆ្លើយតបនឹងភាពរងគ្រោះ របស់ពលករនិងពង្រឹងការ គ្រប់គ្រងដែលមាន ប្រសិទ្ធភាពជាងមុន។ ហេតុដូច្នេះភាគីពាក់ព័ន្ធទាំងអស់ មេត្តាពិចារណាទាំងវិធានការចំពោះមុខ និងផែនការយុទ្ធសាស្ត្រ យូរអង្វែងដើម្បីអនុវត្តន៍ទៅទទួលបានជោគជ័យ។

សម្តេចក្រឡាហោមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាយើងបានបង្កលក្ខណៈ គ្រប់បែបយ៉ាងជូន ដល់ប្រជាពលរដ្ឋក្នុងការស្វែងរកការងារធ្វើទាំងនៅ ក្នុងនិងក្រៅប្រទេស ហើយឱ្យបានទទួល នូវប្រាក់ចំណូលខ្ពស់ថែមទៀត។ យើងទទូលស្គាល់ថាការធ្វើទេសន្តរប្រវេសន៍របស់ពលករមួយចំនួនធំបានទទួលការងារប្រាក់ ចំណូលសម្រាប់ការទ្រទ្រង់ជីវភាពគ្រួសារនិងសង្គមជាតិប៉ុន្តែយើងក៏ត្រូវឈ្វេងយល់និងវិភាគ ឱ្យបានត្រឹមត្រូវលើផលប៉ះមកលើសង្គមជាតិរបស់យើងផងដែរ។ ទាំងនោះក្នុងចំណោមអ្នកធ្វើទេសន្តរប្រវេសន៍ដែលមានចំនួនរហូតដល់ទៅ ប្រមាណជាង១លាននាក់ នៅកំពុងបន្តកើនឡើងជារៀងរាល់ថ្ងៃក៏បាននាំមកវិញនូវ បញ្ហាប្រឈម ធំៗមួយចំនួនដូចការកេង ប្រវ័ញ្ចការរងទារុណកម្ម ពិការភាព បាក់កម្លាំង បាត់បង់ សមត្ថភាពពលកម្ម បាត់បង់ស្មារតីសតិ អារម្មណ៍ការ ប្រើប្រាស់គ្រឿងញៀននិងបញ្ហាផ្សេងៗ ទៀតទាំងកុមារ និងមនុស្សចាស់ដែលបញ្ហា ទាំងអស់នេះ បានក្លាយជាបន្ទុកសម្រាប់ គ្រួសារ សង្គម រាជរដ្ឋាភិបាលក្នុងការដោះស្រាយនោះ។

សម្តេចក្រឡាហោម បានធ្វើការជំរុញដល់សមត្ថកិច្ច និងអាជ្ញាធរតាមច្រកព្រំដែនត្រូវចុះណែនាំ ប្រជាពលរដ្ឋចំពោះគ្រោះថ្នាក់នៃការធ្វើចំណាកស្រុកខុសច្បាប់ដោយសហការ ជាមួយស្ថាប័ន និងអង្គការដៃគូ បង្កើនការយកចិត្តទុកដាក់ស្រាវជ្រាវ ស៊ើបអង្កេតបង្ក្រាបមេខ្យល់ និងបណ្តាញ ជួញដូរមនុស្ស ចុះត្រួតពិនិត្យបណ្តាស្នាក់ការក្រុមហ៊ុននិងភ្នាក់ងារជ្រើសរើស ពលករនិងបង្ក្រាប អំពើក្លែងបន្លំដើម្បីជួញដូរនិងកេងប្រវ័ញ្ចលើមនុស្សតាមគ្រប់ រូបភាពហើយត្រូវយកចិត្តទុកដាក់ ទប់ស្កាត់ប្រជាពលរដ្ឋធ្វើចំណាកស្រុកខុសច្បាប់ទៅ ក្រៅប្រទេសដែលបង្កឱ្យមានគ្រោះថ្នាក់៕

website_news/2016280701.txt · Last modified: 2017/03/10 12:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki